ក្នុងជំនួបនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានពាំនាំការសួរសុខទុក្ខរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជូនចំពោះលោកប្រធានាធិបតី Vladimir Putin។ ព្រមទាំងលោកបានជូនព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ច និងខ្លឹមសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរដ្ឋសភានៃប្រទេសទាំងពីរនាពេលខាងមុខ។

លោកប្រធានាធិបតី Vladimir Putin បានវាយតំលៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម។ លោកប្រធានាធិបតី Vladimir Putin បានស្នើឲ្យស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា រួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាព។ លោកអះអាងថានឹងគាំទ្រស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបសវនាការជាមួយលោកប្រធានាធិបតី Vladimir Putin

* គួររំលឹកថា នាព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow លោក Tran Thanh Man បានមានជំនួបជាមួយលោក Gennady Zyuganov ប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ។

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានសម្តែងនូវសេចក្តីរីករាយដែលបានត្រលប់មកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីវិញ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងរដ្ឋធានី Moscow។ ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោក Tran Thanh Man មានបំណងថា លោក Gennady Zyuganov និងគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ក៏ដូចជាគណបក្សនយោបាយធំៗផ្សេងទៀតនៃសហព័ន្ធរុស្ស៊ី។

លោកប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថា សហគមន៍វៀតណាមនៅរុស្ស៊ី និងសហគមន៍រុស្ស៊ីនៅវៀតណាមជានិច្ចកាលដើរតួនាទីជាស្ពានតភ្ជាប់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-រុស្ស៊ី ។

* នាថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបជាមួយលោក Sergey Mironov ប្រធានគណបក្សរដ្ឋរុស្ស៊ីយុត្ដិធម៌ - អ្នកស្នេហាជាតិដើម្បីការពិត ។

លោកប្រធានរដ្ឋសភាវៀតណាមមានបំណងថា លោក Sergey Mironov និងគណបក្សរដ្ឋរុស្ស៊ីយុត្ដិធម៌ - អ្នកស្នេហាជាតិដើម្បីការពិត គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សរដ្ឋរុស្ស៊ីយុត្ដិធម៌ - អ្នកស្នេហាជាតិដើម្បីការពិត ក៏ដូចជាគណបក្សនយោបាយធំៗផ្សេងទៀតនៃសហព័ន្ធរុស្ស៊ី ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាជាតិនិងអន្តរជាតិ។

* នាព្រឹកថ្ងៃទី១០ ខែកញ្ញា នៅរដ្ឋធានី Moscow លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបជាមួយលោក Vasily Golubev អភិបាលខេត្ត Rostov នៃសហព័ន្ធរុស្ស៊ី។

ថ្លែងក្នុងជំនួប លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំ និងប្រជាជនខេត្ត Rostov សម្រាប់វៀតណាម។ ការដែលខេត្ត Rostov សម្របសម្រួលជាមួយខេត្ត Ba Ria-Vung Tau ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលើកនេះ គឺជាភស្តុតាងជាក់ស្តែង។ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអះអាងថា រដ្ឋសភាវៀតណាមគាំទ្រទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងខេត្ត Rostov និងខេត្ត Ba Ria-Vung Tau ក៏ដូចជាមូលដ្ឋានផ្សេងទៀតរបស់វៀតណាម។

លោកប្រធានរដ្ឋសភាវៀតណាម ក៏សង្ឃឹមដែរថា លោកអភិបាលខេត្ត Vasily Golubev និងថ្នាក់ដឹកនាំខេត្ត Rostov បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនជាតិវៀតណាមនៅប្រទេសសាមីលើកកំពស់តួនាទីជាស្ពាន រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Rostov និងបណ្ដាមូលដ្ឋាននៃប្រទេសវៀតណាមនិយាយដោយឡែក និងរវាងប្រទេសទាំងពីរនិយាយរួម។

* នារសៀលថ្ងៃដដែល នៅទីក្រុងមូស្គូ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបតំណាងសមាគមមិត្តភាពរុស្ស៊ី-វៀតណាម និងសមាគមអតីតយុទ្ធជនរុស្ស៊ីដែលចូលរួមសង្គ្រាមនៅវៀតណាម។

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម លោកប្រធានរដ្ឋសភាវៀតណាមបានថ្លែងអំណរគុណចំពោះការរួមចំណែកនៃសមាគមមិត្តភាពរុស្ស៊ី - វៀតណាម និងសមាគមអតីតយុទ្ធជនរុស្ស៊ីក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងរុស្ស៊ី។ នាពេលខាងមុខ លោកប្រធានរដ្ឋសភាវៀតណាម សង្ឃឹមថា ភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តគម្រោងសហប្រតិបត្តិការបន្ថែមទៀត ស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-រុស្ស៊ី។

* នាថ្ងៃដដែល  លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Gazprom និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Novatek ។

* នាល្ងាចថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានចាកចេញពីទីក្រុងមូស្គូ ត្រឡប់មកមាតុភូមិវិញ ដោយបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជា​ផ្លូវការនៅរុស្ស៊ី៕

បកប្រែដោយ Pham Diep