នាថ្ងៃទី ៧ ខែកញ្ញា កាសែត Jakarta Post របស់ឥណ្ឌូនេស៊ីបានចុះផ្សាយអត្ថបទរបស់ លោក Denny Abdi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម  ដែលមានចំណងជើងថា “ទំនាក់ទំនងឥណ្ឌូនេស៊ី-វៀតណាម៖ ទស្សនៈវិស័យនិងការប្តេជ្ញាចិត្តចែករំលែក” ដោយសង្កត់ធ្ងន់លើសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាអះអាងថា កិច្ចសហប្រតិបត្តិការវៀតណាម-ឥណ្ឌូនេស៊ីនឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ដើម្បីរក្សាស្ថិរភាព មជ្ឈភាព និងឯកភាពរបស់អាស៊ាន។

ទស្សនៈវិស័យរួម

លោកឯកអគ្គរដ្ឋទូត Denny Abdi បានសង្កត់ធ្ងន់ថា ប្រទេសឥណ្ឌូនេស៊ី និងវៀតណាម មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏រឹងមាំក្នុងរយៈពេលថ្មីៗនេះ ដោយពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីមានការកើនឡើងជាលំដាប់។ នៅឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងឈានដល់ ១៣.៨ ពាន់លានដុល្លារអាមេរិក ដែលលើសពីគោលដៅ ១០ ពាន់លានដុល្លារ ដែលមេដឹកនាំនៃប្រទេសទាំងពីរបានកំណត់។ ការវិនិយោគទៅវិញទៅមក​រវាងប្រទេសទាំងពីរក៏សម្រេចបានតួលេខដែលមិនធ្លាប់មានពីមុនមកដែរ។

leftcenterrightdel
លោក​ឯកអគ្គរដ្ឋទូត Denny Abdi (រូប​ថត៖ vov.vn)

ឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីឥណ្ឌូនេស៊ី-វៀតណាម ជាមួយនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី Joko “Jokowi” Widodo ទៅកាន់ទីក្រុងហាណូយកាលពីខែមករាកន្លងទៅ។ ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះគឺការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវចក្ខុវិស័យរួមនៃការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ជាមួយនឹងការសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីថ្មីចំនួន ១៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៨ នឹងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួនប្រាំ ដែលភាគីទាំងពីរផ្តល់អាទិភាពគឺ កសិកម្ម នេសាទ ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។

ជាមួយនឹងចំនួនប្រជាជនសរុបជាង ៣៨០ លាននាក់ សន្តិសុខស្បៀងបានដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសឥណ្ឌូនេស៊ី និងវៀតណាម។ ក្នុងនាមជាប្រទេសផលិតអង្ករ និងត្រីដ៏ធំបំផុតមួយរបស់ពិភពលោក កិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ី និងវៀតណាមគឺចាំបាច់ណាស់​ ដោយមិនត្រឹមតែធានាឱ្យបានគ្រប់គ្រាន់នូវស្បៀងអាហារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងធានាបាននូវសន្តិសុខស្បៀងសម្រាប់តំបន់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ឥណ្ឌូនេស៊ី និងវៀតណាមត្រូវតែមានសមត្ថភាពដោះស្រាយបញ្ហានិរន្តរភាព។ ប្រទេសឥណ្ឌូនេស៊ីបានកំណត់គោលដៅការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៦០ និងប្រទេសវៀតណាមនៅឆ្នាំ ២០៥០។ ប្រទេសទាំងពីរកំពុងស្វែងរកការសម្រេចបាននូវគោលដៅនេះ ដើម្បីពន្លឿនការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីលទៅជាថាមពលកកើតឡើងវិញ។ ភាគីទាំងពីរត្រូវជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងដំណើរការផ្លាស់ប្តូរថាមពល រួមទាំងការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ជាពិសេសលើការអនុវត្តក្របខ័ណ្ឌភាពជាដៃគូផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP) ដែលឥណ្ឌូនេស៊ី និងវៀតណាមជាដៃគូ។

leftcenterrightdel
 លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមក្នុងខែមករា ឆ្នាំ២០២៤ (រូប​ថត៖​ vov.vn)

លោក​ឯកអគ្គរដ្ឋទូត Denny Abdi បាននិយាយថា ជាមួយនឹងរចនាសម្ព័ន្ធចំនួនប្រជាជនក្នុងវ័យធ្វើការខ្ពស់ កិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចឌីជីថលក៏ជាសក្តានុពលដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរផងដែរ។ ការចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេសទាំងពីរកំពុងរីកចម្រើនក្នុងល្បឿនដ៏ឆាប់រហ័ស ហើយសន្ទុះវិជ្ជមាននេះចាំបាច់ត្រូវប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ ជាមួយនឹងសេដ្ឋកិច្ចឌីជីថល ឥណ្ឌូនេស៊ី និងវៀតណាមអាចជំរុញការទូទាត់ និងប្រតិបត្តិការឆ្លងព្រំដែន ដោយហេតុនេះបង្កើនល្បឿនសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

យោងតាមលោកឯកអគ្គរដ្ឋទូត ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាចង់ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍នោះ ចំណុចសំខាន់សម្រាប់ប្រទេសទាំងពីរនោះកឺត្រូវ​​ផ្តោតលើការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ និងផ្អែកលើបច្ចេកវិទ្យា។ ទាំងប្រទេសឥណ្ឌូនេស៊ី និងវៀតណាមកំពុងអភិវឌ្ឍភាពខ្លាំងរបស់ខ្លួន។ ជាឧទាហរណ៍ យានជំនិះអគ្គិសនីរបស់វៀតណាមបានចូលក្នុងទីផ្សារឥណ្ឌូនេស៊ី ឬអាជីវកម្មឥណ្ឌូនេស៊ីទើបតែបានបញ្ចប់ការសាងសង់រោងចក្រផលិតវ៉ាក់សាំងសត្វនៅប្រទេសវៀតណាមក្នុងឆ្នាំនេះ។ ប្រទេសទាំងពីរគួរតែបំពេញបន្ថែម​ជូន​គ្នាទៅវិញទៅមក និងរួមចំណែកក្នុងការកសាងមូលដ្ឋានផលិតកម្មតែមួយនៅអាស៊ីអាគ្នេយ៍។

ការសន្យារួម

ក្នុងបរិបទដែលកំពុងប្រឈមនាពេលនេះ យថាទស្សន៍សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចឥណ្ឌូនេស៊ី-វៀតណាមមានសក្ដានុពលខ្លាំង។ ថ្នាក់ដឹកនាំថ្មីរបស់វៀតណាម និងឥណ្ឌូនេស៊ីត្រូវបានរំពឹងថានឹងបន្តខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី  នឹងបន្តអនុវត្តកម្មវិធីអាទិភាពដែលមានស្រាប់ ខណៈពេលដែលផ្តោតការយកចិត្តទុកដាក់បន្ថែមលើវិស័យផ្សេងទៀត ដូចជាការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស។ វិស័យបន្ថែមទាំងនេះនឹងបង្កើតផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ី និងវៀតណាម។

នៅឆ្នាំក្រោយ ឥណ្ឌូនេស៊ី និងវៀតណាមនឹងប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនង គឺទំនាក់ទំនងការទូត ៧០ ឆ្នាំ។ នេះជាឱកាសសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងភាពជាដៃគូឱ្យឡើងកម្រិតកំពស់ថ្មី។ ទន្ទឹមនឹងនោះ នៅក្នុងតំបន់ ឥទ្ធិពលដែលកំពុងកើនឡើងរបស់ឥណ្ឌូនេស៊ី និងវៀតណាមនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីរក្សាស្ថិរភាព មជ្ឈភាព និងឯកភាពរបស់អាស៊ាន។ ដូច្នេះ ការលើកកម្ពស់ស្ថិរភាព និងសន្តិសុខត្រូវតែបន្តជាអាទិភាពកំពូលសម្រាប់ប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងការជឿជាក់ថា ទាំងប្រទេសឥណ្ឌូនេស៊ី និងវៀតណាមនឹងបន្តប្តេជ្ញារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន និងពិភពលោក។

បកប្រែដោយ Duy Hoan