អ្នកយកព័ត៌មាន ៖ សូមលោកបញ្ជាក់ពីអត្ថន័យនិងសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់លោកប្រធានរដ្ឋសភា Tran Thanh Man?

លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភា ៖ នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅសហព័ន្ធរុស្ស៊ីរបស់លោក Tran Thanh Man ក្នុងតំណែងជាប្រធានរដ្ឋសភា ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងនៅសហព័ន្ធរុស្ស៊ីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋវៀតណាមក្នុងឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin កាលពីខែមិថុនា កន្លងទៅ។ ដំណើរទស្សនកិច្ចនេះគឺជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពដើម្បីអនុវត្ដជាក់ស្ដែងនូវសេចក្ដីថ្លែងការរួមស្ដីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើសមិទ្ធិផលរយៈពេល ៣០ ឆ្នាំនៃការអនុវត្តសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ី ដែលបានថ្នាក់ដឹកនាំប្រទេសទាំងពីរឯកភាពគ្នាក្នុងដំណើរទស្សនកិច្ចនៅវៀតណាម របស់លោកប្រធានាធិបតី Vladimir Putin ក៏ដូចជាខ្លឹមសារនៃទិសដៅជំរុញកិច្ចសហប្រតិបត្តិការដែលបានពិភាក្សា និងឯកភាពគ្នារវាងលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកប្រធានាធិបតី Vladimir Putin ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ៨ ខែសីហា កន្លងមក។

leftcenterrightdel
លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម

ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង​វៀតណាម និងសហព័ន្ធរុស្ស៊ីនិយាយរួម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងល្អប្រសើររវាងរដ្ឋសភាវៀតណាម និងសភា Duma សហព័ន្ធរុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធ និយាយដោយឡែក។

អ្នកយកព័ត៌មាន៖ តើលោកអាចចែករំលែកចំណុចសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីលើកនេះរបស់លោកប្រធានរដ្ឋសភា Tran Thanh Man បានទេ?

លោកអគ្គលេខាធិការរដ្ឋសភា Bui Van Cuong៖ លោក Tran Thanh Man នឹងជួបពិភាក្សាការងារ និងរួមជាមួយប្រធានសភា Duma សហព័ន្ធរុស្ស៊ី ធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី៣ នៃកិច្ចសហប្រតិបត្តិការអន្តរសភាវៀតណាម-សហព័ន្ធរុស្ស៊ី។ នេះគឺជាគំរូសហប្រតិបត្ដិការខ្ពស់បំផុត និងជាលើកដំបូងរវាងរដ្ឋសភាវៀតណាមជាមួយស្ថាប័ននីតិប្បញ្ញត្តិបរទេស។ ភាគីទាំងពីរបានរៀបចំដោយជោគជ័យនូវសម័យប្រជុំលើកទីមួយក្នុងឆ្នាំ ២០១៩ នៅប្រទេសរុស្ស៊ី និងសម័យប្រជុំលើកទី ២ ឆ្នាំ ២០២៣ នៅវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Tran Thanh Man ក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី។ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យរដ្ឋសភាវៀតណាម និងខុទ្ទកាល័យសភា Duma  ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរឲ្យស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​វៀតណាម-សហព័ន្ធរុស្ស៊ីក្នុងស្ថានភាពថ្មី។

តាមការគ្រោងទុក លោក Tran Thanh Man នឹងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសហព័ន្ធរុស្ស៊ី ក៏ដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយធំៗមួយចំនួននៃសហព័ន្ធរុស្ស៊ី។ ជួបថ្នាក់ដឹកនាំនៅមូលដ្ឋានមួយចំនួននៃសហព័ន្ធរុស្ស៊ី; ជួបជាមួយតំណាងសមាគមមិត្តភាពរុស្ស៊ី-វៀតណាម និងសមាគមអតីតយុទ្ធជនរុស្ស៊ីដែលចូលរួមប្រយុទ្ធនៅវៀតណាម; ជួបតំណាងសហគ្រាសធំៗមួយចំនួននៃសហព័ន្ធរុស្ស៊ី និងជួបតំណាងអាជីវកម្មវៀតណាមមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅសហព័ន្ធរុស្ស៊ី។

ក្នុងឱកាសនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ក៏នឹងជួបសំណេះសំណាលជាមួយមន្ត្រី បុគ្គលិកនៃស្ថានទូតវៀតណាម និងអាណិកជនវៀតណាមដែលកំពុងរស់នៅ សិក្សានិងធ្វើអាជីវកម្មនៅសហព័ន្ធរុស្ស៊ីផងដែរ។

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភា Duma សហព័ន្ធរុស្ស៊ី តាមរយៈយន្តការ​សហប្រតិបត្តិការអន្តរសភាយ៉ាងដូចម្តេច? តើខ្លឹមសារដែលភាគីទាំងពីរនឹងពិភាក្សាក្នុងសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម - រុស្ស៊ី គឺជាអ្វីៗ?

លោកអគ្គលេខាធិការរដ្ឋសភា Bui Van Cuong៖ គំរូគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងសភា Duma សហព័ន្ធរុស្ស៊ី គឺជាគំរូសហប្រតិបត្តិការអន្តរសភាជាន់ខ្ពស់ដំបូងគេរវាងរដ្ឋសភាវៀតណាមនិងស្ថាប័ននីតិប្បញ្ញត្តិបរទេសដោយប្រធានរដ្ឋសភាវៀតណាម និងប្រធានសភា Duma  សហព័ន្ធរុស្ស៊ី ធ្វើជាសហប្រធាននៃគណៈកម្មាធិការនេះ។ ដោយផ្អែកលើប្រសិទ្ធភាពជាក់ស្តែងនៃគំរូសហប្រតិបត្តិការនេះ រដ្ឋសភាវៀតណាម និងរដ្ឋសភា/ព្រឹទ្ធសភានៃប្រទេសមួយចំនួនបានបង្កើតយន្តការសហប្រតិបត្តិការដូចនេះដែរ។

គណៈកម្មាធិការបានរៀបចំកិច្ចប្រជុំម្តងក្នុងមួយឆ្នាំដោយដូរវេនគ្នានៅប្រទេសនីមួយៗ។ នៅសម័យប្រជុំនីមួយៗ ភាគីទាំងពីរបានផ្លាស់ប្តូរ ពិភាក្សានិងចែករំលែកបទពិសោធន៍លើការដាក់ចេញគោលនយោបាយ និងច្បាប់។ រួមគ្នាពិនិត្យនិងតាមដានស្ថានការណ៍អនុវត្ត ដោយឈរលើមូលដ្ឋាននោះ ចាត់វិធានការដើម្បីជំរុញការអនុវត្តឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរលើគ្រប់វិស័យដូចជា នយោបាយ ការទូត និងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការពារជាតិ សន្តិសុខ ថាមពល គមនាគមន៍ ព័ត៌មាន - ទំនាក់ទំនង ហិរញ្ញវត្ថុ ការអប់រំ - បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌-ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី។

តាមរយៈយន្តការសហប្រតិបត្តិការនេះ ភាគីទាំងពីរលើកកម្ពស់តួនាទីគាំទ្ររបស់រដ្ឋសភាចំពោះរដ្ឋាភិបាល និងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីជំរុញអាទិភាពសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងទ្វេភាគី៕

អ្នកយកព័ត៌មាន៖ សូមអំណរគុណលោក

បកប្រែដោយ Pham Diep