ជំរុញក្របខណ្ឌទំនាក់ទំនងថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិកឱ្យកាន់តែស៊ីជម្រៅថែមទៀត
កប.អនឡាញ - នារសៀលថ្ងៃទី ៣១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម។
នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមានបំណងចង់បន្តជាមួយសហរដ្ឋអាមេរិក ជំរុញក្របខ័ណ្ឌទំនាក់ទំនងថ្មីឱ្យកាន់តែស៊ីជម្រៅ ប្រសិទ្ធភាព និងជាក់ស្តែង ដោយឈរលើការគោរពឯករាជ្យភាពរបស់គ្នាទៅវិញទៅមក អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។
|
|
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ទទួលជួបលោក Marc Evans Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn) |
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឲ្យភាគីទាំងពីរបន្តជំរុញការជួប ការសន្ទនា និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់បណ្តាញ និងគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិមិត្ត (AI) semiconductor និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លោកក៏បានស្នើឱ្យសហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់ និងបង្កើនធនធានដើម្បីគាំទ្រវៀតណាមក្នុងការធ្វើបរិវត្តកម្មថាមពល ការធ្វើបរិវត្តកម្មបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សសត្វព្រៃ។ល។
លោកឯកអគ្គរដ្ឋទូត Marc Knapper បានអះអាងថា សហរដ្ឋអាមេរិកគាំទ្រ និងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួន ព្រមទាំងឯកភាពចំពោះការដែលភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀតលើវិស័យបច្ចេកវិទ្យាខ្ពស់ ថាមពលស្អាត ថាមពលកកើតឡើងវិញ ការអភិរក្សជីវៈចម្រុះ កាត់បន្ថយកាកសំណល់ប្លាស្ទិកមហាសមុទ្រ។ល។
នៅក្នុងជំនួប ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ហើយបានឯកភាពចំពោះការដែលស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរគួរតែសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីត្រៀមរៀបចំសកម្មភាពរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-សហរដ្ឋអាមេរិក នៅឆ្នាំ ២០២៥៕
បកប្រែដោយ Huyen Trang