សិក្ខាសាលាទ្រឹស្តីលើកទី៤ រវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សកុម្មុយនិស្តបារាំង
កប.អនឡាញ - នាថ្ងៃទី ២៩ តុលា នៅទីក្រុងហាណូយ លោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ និងលោក Fabien Roussel លេខាទូទាំងប្រទេសនៃគណបក្សកុម្មុយនិស្តបារាំង បានធ្វើជាសហប្រធាននៃសិក្ខាសាលាទ្រឹស្តីលើកទី៤ រវាងបក្សទាំងពីរ ក្រោមប្រធានបទ “សន្តិសុខមនុស្សក្នុងបរិបទដែលពិភពលោកមានការផ្លាស់ប្តូរ និងគោលនយោបាយឆ្លើយតបរបស់វៀតណាម និងបារាំង”។
ថ្លែងនៅអង្គសិក្ខាសាលា លោក Nguyen Xuan Thang បានអះអាងថា សិក្ខាសាលាគឺជាសកម្មភាពមួយដែលមានអត្ថន័យនយោបាយ និងវិទ្យាសាស្ត្រសំខាន់សម្រាប់បក្សទាំងពីរចែករំលែកសមិទ្ធិផលទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយអំពីការធានាសន្តិសុខមនុស្ស។ បក្សកុម្មុយនិស្តវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកំពស់កត្តាមនុស្ស ដោយប្រកាន់យកមនុស្សជាមជ្ឈភាពនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងអនុវត្តជាក់ស្តែងដើម្បីធានាការអភិវឌ្ឍន៍របស់មនុស្ស និងសង្គមប្រកបដោយចីរភាព នាំមកនូវលទ្ធផលដែលទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
|
|
លោក Nguyen Xuan Thang ថ្លែងក្នុងសិក្ខាសាលា |
លេខាទូទាំងប្រទេសនៃគណបក្សកុម្មុយនិស្តបារាំង Fabien Roussel បានឯកភាពថា យន្តការនៃសិក្ខាសាលាទ្រឹស្តី គឺជាលក្ខខណ្ឌមួយសម្រាប់បក្សទាំងពីរ ផ្លាស់ប្តូរទស្សនៈ និងដំណោះស្រាយចំពោះបញ្ហាប្រឈមធំៗនៃសម័យកាល។ ក្នុងតួនាទីជាទីពឹងបង្អែកសម្រាប់ឯកភាព និងសាមគ្គីភាពនៃកម្លាំងឆ្វេងនិយម និងកម្លាំងជឿនលឿននៅប្រទេសបារាំង គណបក្សកុម្មុយនិស្តបារាំងតែងតែគាំទ្ររាល់ការខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមដើម្បីអភិវឌ្ឍន៍ និងពង្រឹងទំនាក់ទំនងរវាងវៀតណាម និងបារាំង ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ។
បទអន្ដរាគមន៍ទាំងអស់របស់ប្រតិភូនៃបក្សទាំងពីរផ្តោតលើការវិភាគស្ថានភាពពិភពលោក និងតំបន់ដែលប៉ះពាល់ដល់សន្តិសុខមនុស្ស; ផ្លាស់ប្តូរ និងបញ្ជាក់អត្ថន័យនៃ "សន្តិសុខមនុស្ស" ពីវិធីសាស្រ្តនៃភាគីទាំងពីរ។ ភាគីទាំងពីរក៏បានចែករំលែកទស្សនៈរបស់បក្សនីមួយៗពីការស្រាវជ្រាវទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែងនៅវៀតណាម និងបារាំង។ ព្រមទាំងដាក់ទិសដៅស្រាវជ្រាវ និងសហប្រតិបត្តិការរវាងបក្សទាំងពីរនាពេលខាងមុខដើម្បីធានាសន្តិសុខមនុស្សនិយាយដោយឡែក និងរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំងនិយាយរួម៕
បកប្រែដោយ Pham Diep