ពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សកុម្មុយនិស្តបារាំង
កប.អនឡាញ - នារសៀលថ្ងៃទី២៨ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តបារាំង ដឹកនាំដោយលោក Fabien Roussel លេខាទូទាំងប្រទេស នៃគណបក្សកុម្មុយនីស្តបារាំង ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅវៀតណាម និងចូលរួមសន្និសីទទ្រឹស្តីលើកទី៤ រវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សកុម្មុយនិស្តបារាំង។
លោក To Lam បានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនិស្តបារាំងបំពេញទស្សនកិច្ចនៅវៀតណាម ចូលរួមចំណែកបង្កើនទំនុកចិត្តនយោបាយ និងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងប្រពៃណីពិសេសក្នុងរយៈពេលជាង ១០០ ឆ្នាំកន្លងមករបស់បក្សទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ដោយសម្ដែងនូវក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ជាពិសេស ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនាពេលថ្មីៗនេះ លោក To Lam បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទាននៃបក្សទាំងពីរក្នុងការពង្រឹងមូលដ្ឋានគ្រឹះនយោបាយ ជំរុញទំនាក់ទំនងវៀតណាម-បារាំង ក៏ដូចជាការរួមចំណែកយ៉ាងសកម្មក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។
|
|
លោក To Lam ទទួលជួបលោក Fabien Roussel |
លោក To Lam បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណបក្សកុម្មុយនិស្តបារាំងក្នុងបំណងលើកកំពស់តួនាទីរបស់បក្ស រួមចំណែកដល់ការតស៊ូដើម្បីសន្តិភាព ឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមនៅប្រទេសបារាំង អឺរ៉ុប និងពិភពលោក។ លោក To Lam បានស្នើថា ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រួមទាំងយន្តការសិក្ខាសាលាទ្រឹស្តី ដើម្បីចែករំលែកបញ្ហាទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែង ដើម្បីជួយលើកកំពស់សមត្ថភាពប្រតិបត្តិការរបស់ភាគីនីមួយៗក្នុងប្រទេសនីមួយៗ។ លោកអគ្គលេខាបក្សក៏បានលើកឡើងទិសដៅ និងវិធីសាស្រ្តពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរ។
លោក Fabien Roussel បានសង្កត់ធ្ងន់ថា គណបក្សកុម្មុយនិស្តបារាំងតែងតែផ្តល់អាទិភាពដល់ការជំរុញ និងពង្រឹងទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តវៀតណាម ក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងបក្សទាំងពីរ ជាពិសេសគឺសិក្ខាសាលាទ្រឹស្តី។ លោកអះអាងថា គណបក្សកុម្មុយនិស្តបារាំងជានិច្ចកាលខិតខំ និងត្រៀមខ្លួនជាស្រេចរួមចំណែកជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងបារាំង និងវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងចរាចរណ៍ផ្លូវដែក ផ្លូវទឹក កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន កិច្ចសហប្រតិបត្តិការវាងសភានៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី។
* នារសៀលថ្ងៃដដែល លោក Le Hoai Trung លេខាមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូគណបក្សកុម្មុយនិស្តបារាំង ដើម្បីវាយតំលៃទំនាក់ទំនងរវាងបក្សទាំងពីរនាពេលកន្លងមក និងលើកឡើងវិធានសាស្រ្តមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។ ភាគីទាំងពីរក៏លើកឡើងវិធានការជំរុញទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច - ពាណិជ្ជកម្ម វប្បធម៌ - អប់រំ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរវាងវៀតណាម និងបារាំង ព្រមទាំងពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong