ទំនាក់ទំនងទ្វេភាគីគ្មានព្រំដែន
នៅក្នុងជំនួបនេះ ដោយអះអាងថា គ្មានព្រំដែនណាមួយក្នុងទំនាក់ទំនងជាមួយវៀតណាម ព្រះមហាក្សត្រកាតា មានបន្ទូលថា កាតាតែងតែបើកទូលាយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ព្រមទាំងស្នើឱ្យភាគីទាំងពីរស្វែងរកវិស័យកិច្ចសហប្រតិបត្តិការ ហើយឲ្យដឹងថា បន្ទាប់ពីកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន បង្កើតមូលដ្ឋានគ្រឹះដើម្បីពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរឲ្យកាន់តែស៊ីជម្រៅ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងថា ព្រះមហាក្សត្រកាតា បន្តយកចិត្តទុកដាក់ និងគាំទ្រការលើកកម្ពស់ទំនាក់ទំនង វៀតណាម-កាតា អនុវត្ដការប្តេជ្ញាចិត្ត និងការព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ រួមទាំងការពិចារណាលើការចរចា និងចុះហត្ថលេខាលើឯកសារសំខាន់ៗ បង្កើតក្របខ័ណ្ឌច្បាប់ដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ កិច្ចព្រមព្រៀងធានាសន្តិសុខស្បៀង និងសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។ ជំរុញមូលនិធិវិនិយោគកាតាចូលមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ វេជ្ជសាស្ត្រ និងអប់រំ...នៅវៀតណាម។
|
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសវនាការជាមួយព្រះមហាក្សត្រកាតា Tamim bin Hamad Al Thani (រូបថត៖ vnanet.vn) |
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការលើកកំពស់ទំនាក់ទំនងឈានដល់កម្រិតថ្មីនាពេលឆាប់ៗនេះ បំពេញតាមសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនទាំងពីរ។ ពង្រឹងការសម្របសម្រួល និងការពិគ្រោះយោបល់ក្នុងបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការតភ្ជាប់វប្បធម៌ ជំរុញការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា បង្កើតលក្ខខណ្ឌធ្វើដំណើរសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ។ យល់ព្រមប្រគល់ឱ្យក្រសួង និងស្ថាប័នអនុវត្តការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ច។
សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនិងវិនិយោគនៅតែមានច្រើនណាស់
គួររំលឹកថា នាព្រឹកថ្ងៃទី៣១ ខែតុលា នៅរដ្ឋធានី Doha លោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani នាយករដ្ឋមន្ត្រីកាតា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការនៅកាតា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នា។
នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើតលក្ខខណ្ឌសម្រាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មលើមុខទំនិញដែលភាគីទាំងពីរមានប្រៀបខ្លាំងដូចជា កសិផល ជលផល ស្បែកជើង វាយនភណ្ឌ ... របស់វៀតណាម និងថាមពល និងផលិតផលគីមីរបស់កាតា។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យកាតាជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល ជាពិសេសចែករំលែកបទពិសោធន៍ និងផ្ទេរបច្ចេកវិទ្យា វិនិយោគលើការផលិត និងកែច្នៃ ដោយហេតុនេះ រួមចំណែកធានាសន្តិសុខស្បៀងសម្រាប់កាតា និងរួមចំណែកបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងវៀតណាម និងកាតា ក៏ដូចជារវាងវៀតណាម និងប្រទេសសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នាពេលខាងមុខ។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Sheikh Mohammed bin Abdulrahman bin Jasim Al-Thani (រូបថត៖ vnanet.vn) |
ភាគីទាំងពីរបានអះអាងថា សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការនិងវិនិយោគរវាងវៀតណាម និងកាតានៅតែមានច្រើនណាស់; យល់ព្រមសម្របសម្រួលយ៉ាងជិតស្និទ្ធ និងស្វែងរកឱកាសវិនិយោគលើវិស័យដែលភាគីទាំងពីរយកចិត្ដទុកដាក់ដូចគ្នា។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងចង់ឲ្យមូលនិធិវិនិយោគ កាតានឹងបង្កើនការវិនិយោគនៅវៀតណាមថែមទៀតលើវិស័យហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ថាមពល កំពង់ផែសមុទ្រ ផលិតកម្ម និងកែច្នៃកសិផលនិងជលផល។ វៀតណាមបង្កើតលក្ខខណ្ឌសម្រាប់មូលនិធិវិនិយោគ និងធុរកិច្ចកាតាចូលមកវិនិយោគ និងធ្វើអាជីវកម្មដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា វិស័យការពារជាតិ និងសន្តិសុខ រួមទាំងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត គួរតែក្លាយជាសសរស្តម្ភក្នុងវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ រួមចំណែករក្សាឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ និងធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់និងពិភពលោក។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានសង្កត់ធ្ងន់ដែរថា បច្ចេកវិទ្យាព័ត៌មាន ការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្តូរបៃតង ការអភិវឌ្ឍប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ... សុទ្ធតែជាវិស័យសំខាន់ដែលប្រទេសទាំងពីរត្រូវការពង្រីកកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនដើម្បីរឹតបន្ដឹងចំណងមិត្តភាព និងសាមគ្គីភាព និងសម្រួលដល់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយបានយល់ព្រមសហការយ៉ាងជិតស្និទ្ធនៅយន្តការពហុភាគីក្នុងតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ អាស៊ាន និង GCC។ ភាគីទាំងពីរក៏ចែករំលែកចក្ខុវិស័យរួមនៃការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់កាតាលើបញ្ហាប៉ាឡេស្ទីន និងជំរុញដំណោះស្រាយសម្រាប់រដ្ឋទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងចង់សម្របសម្រួលជាមួយកាតាក្នុងសកម្មភាពសម្រុះសម្រួល រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
* បន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jasim Al-Thani អញ្ជើញជាអធីបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ។
ជំរុញកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ
នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសវនាការជាមួយប្រធានរដ្ឋសភាកាតា Hassan bin Abdulla Al-Ghanim។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសវនាការជាមួយប្រធានរដ្ឋសភាកាតា Hassan bin Abdulla Al-Ghanim (រូបថត៖ vnanet.vn) |
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើកកម្ពស់តួនាទីការទូតសភា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំគណៈកម្មាធិការជំនាញនៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដើម្បីចែករំលែកបទពិសោធន៍ផ្នែកនីតិប្បញ្ញត្តិ និងត្រួតពិនិត្យ។ បន្តសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមសភាអារ៉ាប់ និងក្រុមសភាអាស៊ីនៅវេទិកាសភាពហុភាគីដូចជា សហភាពអន្តរសភា (IPU) និងជំរុញការផ្លាស់ប្តូររវាងសមាជិកសភាវ័យក្មេង និងសមាជិកសភាស្ត្រី។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យរដ្ឋសភានៃប្រទេសទាំងពីរសហការយ៉ាងជិតស្និទ្ធ គាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី និងលើកកំពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរឈានដល់កម្រិតថ្មីមួយ និងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពល...
* នារសៀលថ្ងៃទី ៣១ តុលា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Saad bin Sherida Al Kaabi រដ្ឋលេខាធិការទទួលបន្ទុកបញ្ហាថាមពលនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន QatarEnergy និងទទួលជួបលោក Ali bin Samikh Al Marri រដ្ឋមន្ត្រីក្រសួងការងារកាតា…៕
បកប្រែដោយ Pham Diep