លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយ លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra
កប.អនឡាញ - នារសៀលថ្ងៃទី ២៩ សីហា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ក្នុងឱកាសដែលលោកស្រីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃ។
នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ កំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ព្រមទាំងឯកភាពថា ចាំបាច់ត្រូវតម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះកិត្យានុភាពរបស់ប្រទេសថៃជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងជាវិនិយោគិនបរទេសធំជាងគេទីពីរនៅអាស៊ាន។ លោកបានអះអាងថា វៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចថៃធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើម "ប្រទេសទាំងប្រាំមួយ គោលដៅតែមួយ" របស់ប្រទេសថៃ ដើម្បីទាញយកសក្តានុពលទេសចរណ៍ប្រកបដោយប្រសិទ្ធភាពក្នុងចំណោមប្រទេសអាស៊ាន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា ភាគីទាំងពីរនឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីជំរុញការតភ្ជាប់គមនាគមន៍ដឹកជញ្ជូនក្នុងតំបន់; ពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ បណ្តុះបណ្តាល ការជួប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងលើកកម្ពស់តួនាទីជាស្ពានមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ (រូបថត៖ vnanet.vn) |
លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃបានឯកភាព លើភាពចាំបាច់ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ លុបបំបាត់ការលំបាក និងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២៥ ពាន់លានដុល្លារអាមេរិកនាពេលឆាប់ៗខាងមុខនេះ ព្រមទាំងពង្រឹងការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រ "ការតភ្ជាប់ទាំងបី"។
លោកស្រី Paetongtarn Shinawatra បានចាត់ថា វៀតណាមនិងថៃជាខឿនសេដ្ឋកិច្ចពីរដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបំពេញបន្ថែមគ្នាទៅវិញទៅមក។ លោកស្រីបានសង្ឃឹមថា ប្រទេសទាំងពីរនឹងសហប្រតិបត្តិការគ្នាដើម្បីលើកកម្ពស់គុណសម្បត្តិរបស់គ្នា ដើម្បីក្លាយជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់។
ទាក់ទងនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា វៀតណាមនិងថៃបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពង្រឹងសាមគ្គីភាព និងតួនាទីជាមជ្ឈភាពរបស់អាស៊ាន ព្រមទាំងគាំទ្រឡាវបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ អភិវឌ្ឍអនុតំបន់ទន្លេមេគង្គប្រកបដោយចីរភាព; សម្របសម្រួលរក្សាគោលជំហររួមរបស់អាស៊ានលើសមុទ្រខាងកើត រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕
បកប្រែដោយ Huyen Trang