ក្នុងសុន្ទរកថាបើក លោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ ប្រធានគណៈប្រតិភូវៀតណាមបានអះអាងថា ការផ្លាស់ប្តូរលើកនេះមិនត្រឹមតែជាឱកាសសម្រាប់ភាគីទាំងពីរចែករំលែកពីសតិអារម្មណ៍និងទស្សនៈទ្រឹស្ដីប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងជប៉ុនទៀតផង។ តាមនោះ ចូលរួមចំណែកក្នុងការលើកកម្ពស់តួនាទីរបស់បក្សកុម្មុយនិស្តក្នុងជីវិតសេដ្ឋកិច្ច-នយោបាយ-សន្តិសុខនៅប្រទេសនីមួយៗ ជាពិសេសនៅក្នុងតំបន់អាស៊ីបូព៌ា និងពិភពលោកនិយាយរួម។

leftcenterrightdel
ទិដ្ឋភាពនៃការផ្លាស់ប្តូរ (រូបថត៖ vnanet.vn)

លោក Nguyen Xuan Thang បានអះអាងថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន បក្សទាំងពីរគប្បីសង្កត់ធ្ងន់លើភាពចាំបាច់នៃការកសាងសន្តិភាពនៅលើពិភពលោកដោយផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងធានាសិទ្ធិមនុស្ស។ បក្សកុម្មុយនិស្តវៀតណាម យកចិត្តទុកដាក់លើការកសាងសន្តិភាព ដោយខិតខំប្រឹងប្រែងលើកកំពស់សក្តានុពលជាតិ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

រីឯខ្លួនវិញ លោក Tanaka Yu អនុប្រធាននៃគណៈប្រធានគណបក្សកុម្មុយនិស្តជប៉ុន និងជាប្រធានគណៈប្រតិភូជប៉ុន បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរលើកនេះមានសារៈសំខាន់យ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងលើពិភពលោកនិយាយរួម ហើយបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីកសាងសន្តិភាព និងធានាសិទ្ធិមនុស្ស ទន្ទឹមនឹងការធ្វើសកម្មភាពរបស់រដ្ឋាភិបាល តួនាទីរបស់គណបក្សនយោបាយ និងចលនាប្រជាជនត្រូវបានជម្រុញ។ លោកអះអាងថា គណបក្សកុម្មុយនិស្តជប៉ុនមានបំណងបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបក្សកុម្មុយនិស្តវៀតណាម ដើម្បីសន្តិភាព និងវឌ្ឍនភាពលើពិភពលោក។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តជំរុញយន្តការផ្លាស់ប្តូរទ្រឹស្ដីដោយមានខ្លឹមសារសម្បូរបែប ជិតស្និទ្ធទៅនឹងតម្រូវការជាក់ស្តែងរបស់ភាគីនីមួយៗ និងប្រទេសនីមួយៗ ហើយបន្តសហការដើម្បីរៀបចំការផ្លាស់ប្តូរទ្រឹស្តីលើកទី ១២ នៅប្រទេសជប៉ុនក្នុងឆ្នាំ ២០២៦៕

បកប្រែដោយ Thuy Anh