លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសមកជូនសារតាំង
កប.អនឡាញ - នាព្រឹកថ្ងៃទី ១២ ខែសីហា នៅវិមានប្រធានរដ្ឋ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតនៃប្រទេសអាហ្សង់ទីន អាល់ហ្សេរី អាល្លឺម៉ង់ កូរ៉េខាងជើង និងស៊ុយអែត មកជូនសារតាំង។
ក្នុងជំនួបជាមួយលោក Marcos Antonio Bednarski ឯកអគ្គរដ្ឋទូតអាហ្សង់ទីន លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានអះអាងថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់បន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយអាហ្សង់ទីន ដែលជាដៃគូពិភពលោកដ៏សំខាន់ឈានមុខរបស់វៀតណាមនៅអាមេរិកឡាទីន។ លោក To Lam បានស្នើឲ្យភាគីអាហ្សង់ទីនបន្តសហការជាមួយវៀតណាមដើម្បីជំរុញការចរចា FTA វៀតណាម - Mercosur ដោយហេតុនេះ បង្កើតកម្លាំងចលករសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងអាហ្សង់ទីន ក៏ដូចជារវាងវៀតណាមជាមួយតំបន់អាមេរិកខាងត្បូង។
ទទួលជួបលោក Sofiane Chaib ឯកអគ្គរដ្ឋទូតអាល់ហ្សេរី លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានអះអាងថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយអាល់ហ្សេរី។ ព្រមទាំងថ្លែងអំណរគុណអាល់ហ្សេរីដែលប្រកៀកស្មាក្នុងចលនាតស៊ូរំដោះជាតិកាលពីមុន ក៏ដូចជាការគាំទ្រយ៉ាងសកម្មនៅវេទិកាអន្តរជាតិ និងជួយវៀតណាមក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្ន។
|
|
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោក Marcos Antonio Bednarski ឯកអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំនៅវៀតណាមរួមជាមួយប្រតិភូ (រូបថត៖ vnanet.vn) |
ក្នុងជំនួបជាមួយលោកស្រី Helga Margarete Barth ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានអះអាងថា រដ្ឋនិងរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមបានវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ក្នុងរយៈពេល ៣ ទស្សវត្សរ៍កន្លងមក រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ជាពិសេសការដែលអាល្លឺម៉ង់ចាត់ទុកវៀតណាមជាដៃគូសាកលក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការ និងអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០៣០ ដោយផ្ដល់អាទិភាពលើវិស័យចំនួន ៣ គឺថាមពល បរិស្ថាន និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក To Lam ថ្លែងអំណរគុណ និងស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បន្តអះអាងការគាំទ្ររបស់ខ្លួនក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សេរីភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់ និងគោរពច្បាប់អន្តរជាតិ។
លោកស្រីឯកអគ្គរដ្ឋទូត Helga Margarete Barth បានសម្តែងនូវសេចក្តីរីករាយដោយឃើញថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនលើវិស័យនយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌។ លោកស្រីឯកអគ្គរដ្ឋទូត វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យអប់រំ ក្នុងនោះ ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរនិស្សិតរបស់បណ្ដាសាកលវិទ្យាល័យ លោកស្រីឯកអគ្គរដ្ឋទូត Helga Margarete Barth ជូនដំណឹងថា អាល្លឺម៉ង់នឹងបង្កើតវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់នៅប្រទេសវៀតណាម ហើយនឹងបញ្ចប់នាពេលខាងមុខ។
ក្នុងជំនួបពិភាក្សាជាមួយលោក Ri Sung Guk ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក To Lam អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម បានអះអាងនូវគោលជំហរឥតងាករេរបស់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយកូរ៉េខាងជើង។ ចែករំលែកការលំបាករបស់កូរ៉េខាងជើង នាពេលបច្ចុប្បន្ន លោក To Lam សំដែងការជឿជាក់ថា កូរ៉េខាងជើងនឹងឆាប់មានស្ថិរភាព សន្តិភាព និងកសាងប្រទេសអភិវឌ្ឍន៍ វិបុលភាព ឆ្ពោះទៅរកសង្គមនិយម នាំមកនូវសុភមង្គលដល់ប្រជាជន។
អបអរសាទរលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែត មកបំពេញបេសកកម្មការទូតនៅវៀតណាម លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមចងចាំជានិច្ចនូវការជួយគាំទ្រដ៏មានតម្លៃរបស់ស៊ុយអែតចំពោះវៀតណាមក្នុងការតស៊ូដណ្តើមឯករាជ្យកាលពីមុន ក៏ដូចជាការកសាងប្រទេស និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា គម្រោងជាច្រើនដែលជួយគាំទ្រដោយស៊ុយអែតបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ព្រមទាំងស្វាគមន៍ចំពោះអាជីវកម្មស៊ុយអែតបង្កើនការវិនិយោគនៅវៀតណាមលើវិស័យដែលស៊ុយអែតមានឧត្ដមភាពដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ការផ្លាស់ប្តូរបៃតង បច្ចេកវិទ្យាបៃតង ថាមពលកកើតឡើងវិញ រៀបចំដែនដីនគរូបនីយកម្មទីក្រុង និងការអភិវឌ្ឍប្រកបដោយចីរភាព...
បកប្រែដោយ Pham Diep