នេះគឺជាព្រឹត្តិការណ៍កិច្ចការបរទេសពហុភាគីដ៏សំខាន់ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៤។ មុនពេលបើកវេទិកានេះ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន។ កាសែតកងទ័ពប្រជាជនសូមចុះផ្សាយបទសំភាសជូនមិត្ដអ្នកអាន។

អ្នកយកព័ត៌មាន ៖ យោងតាមលោកអនុរដ្ឋមន្ត្រី តើអ្វីជាភាពខុសគ្នាធំបំផុតរវាង AFF និងវេទិកាអន្តរជាតិផ្សេងៗដូចជា៖ កិច្ចសន្ទនា Shangri-La, កិច្ចប្រជុំអនាគតអាស៊ី និងកិច្ចសន្ទនា Raisina? តើយើងអាចរំពឹងអ្វីខ្លះពីលទ្ធផលនៃវេទិកានេះ?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ នេះគឺជាសំណួរដែលយើងមានកង្វល់ជាច្រើនថ្ងៃ ចាប់តាំងពីបង្កើតគំនិតផ្ដួចផ្ដើមនេះមក។ ហើយចម្លើយខ្លីបំផុតចំពោះសំណួរនេះ គឺពាក្យថា អាស៊ានក្នុងប្រធានបទរបស់វេទិកា៖ "វេទិកាអនាគតអាស៊ាន"។ វេទិកាផ្សេងទៀតទាំងអស់អាចមានប្រធានបទផ្សេងៗគ្នាជាច្រើន និងវិសាលភាពភូមិសាស្រ្តខុសៗគ្នា និងខ្លឹមសារផ្សេងៗគ្នា និងអ្នកចូលរួមផ្សេងៗគ្នា ប៉ុន្តែមិនមានវេទិកាណាដែលប្រធានបទស្នូលគឺអាស៊ានឡើយ ស្របនឹងបំណងចង់លើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន។

គឺហេតុនេះហើយ យើងឃើញថា ចាំបាច់ត្រូវមានវេទិកាមួយសម្រាប់អាស៊ាន និងរបស់អាស៊ាន ដើម្បីអាស៊ាន និងដើម្បីប្រជាពលរដ្ឋរបស់អាស៊ាន។ នោះគឺជាភាពខុសគ្នាដ៏ធំបំផុតរបស់ AFF ។

យើងសង្ឃឹមថា ជាមួយនឹងលក្ខណៈបើកចំហ បរិយាបន្ននៃវេទិកា និងមានការចូលរួមពីរដ្ឋាភិបាលផង ពីអ្នកប្រាជ្ញនិងធុរកិច្ចផង វេទិកានេះនឹងបង្កើតគ្រឹះមូលដ្ឋានមួយដើម្បីគ្រប់ភាគីពាក់ព័ន្ធអាចចែករំលែកគំនិតផ្ដួចផ្ដើមថ្មីនិងច្នៃប្រឌិត។ អាស្រ័យហេតុនេះ ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ានអាចពិចារណាក្នុងដំណើរការកសាងយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់អាស៊ាន នាពេលខាងមុខ ដែលរួមចំណែកនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋរបស់អាស៊ាន។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ដ្រី បញ្ជាក់អំពីការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញ អ្នកប្រាជ្ញនិងសហគមន៍ធុរកិច្ចនៅ AFF លើកនេះបានទេ?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ បច្ចុប្បន្ននេះ គណៈកម្មាធិការរៀបចំបានទទួលការចុះឈ្មោះចូលរួមដោយផ្ទាល់ពីប្រតិភូជិត ៤០០ នាក់។ ក្នុងនោះមានការចូលរួមពីវាគ្មិនមួយចំនួនដែលជាថ្នាក់ដឹកនាំថ្នាក់រដ្ឋាភិបាល និងថ្នាក់រដ្ឋមន្ត្រីនៃប្រទេសសមាជិកអាស៊ាន។ ជាពិសេស យើងមានសេចក្ដីសប្បាយរីករាយដែលមានការចូលរួមពីលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម, លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ - ជាប្រធានអាស៊ានឆ្នាំ ២០២៤, លោក Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី, លោក Erywan Yusof រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ និងលោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន , លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ , លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ នឹងផ្ញើសារទៅកាន់វេទិកា។

ទន្ទឹមនឹងនោះ អ្នកប្រាជ្ញជួរមុខនៅតំបន់ និងអន្តរជាតិក៏បានបញ្ជាក់ថានឹងចូលរួម។ អ្នកប្រាជ្ញជាច្រើនមកពីប្រទេសអាស៊ានទាំងអស់ក៏ដូចជាប្រទេសសន្ទនារបស់អាស៊ាននឹងចូលរួម។ ជាមួយនឹងវេទិកាត្រូវបានរៀបចំឡើងជាលើកដំបូង យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដោយទទួលបានការយកចិត្តទុកដាក់ និងគាំទ្រពីគ្រប់មជ្ឈដ្ឋាននៅក្នុងអាស៊ាន ក៏ដូចជាប្រទេសដៃគូនានា។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងថា លទ្ធផលនៃ AFF ២០២៤ នឹងបានបញ្ជូនទៅថ្នាក់ដឹកនាំអាស៊ាន និងប្រជាពលរដ្ឋអាស៊ានយ៉ាងដូចម្តេច?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ ការចូលរួមយ៉ាងច្រើនពីគ្រប់មជ្ឈដ្ឋាននៅ AFF ២០២៤ គឺជាមធ្យោបាយមួយដ៏សំខាន់សម្រាប់សារទាំងអស់ផ្ញើទៅកាន់ប្រជាជនអាស៊ានយ៉ាងទូលំទូលាយ។ ជាពិសេស ខ្ញុំសង្ឃឹមថា តាមរយៈបណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ លទ្ធផលទាំងនោះនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋអាស៊ានផងដែរ។

យើងគ្រោងថានឹងមានសេចក្តីសង្ខេបក្នុងការផ្លាស់ប្តូរយោបល់ និងសេចក្តីថ្លែងការណ៍នៅក្នុងវេទិកានេះ ដើម្បីផ្ញើតាមបណ្តាញផ្លូវការរបស់អាស៊ាន តាមរយៈថ្នាក់ដឹកនាំជាន់ខ្ពស់រហូតដល់រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីជំនាញ និងបញ្ជូនទៅថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏រំពឹងថានឹងមានសេចក្តីសង្ខេបព័ត៌មាន និងសំណើរួមរបស់អាស៊ាន ដើម្បីបញ្ជូនបន្តទៅកាន់អង្គការសហប្រជាជាតិ ដោយបង្ហាញថា នេះជាការរួមចំណែកមួយរបស់តំបន់អាស៊ានសម្រាប់ដំណើរការរៀបចំកិច្ចប្រជុំកំពូលអនាគតរបស់អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញានេះ។ នៅលើគេហទំព័ររបស់វេទិកា យើងខ្ញុំបានបើកផ្នែក "សំឡេងរបស់ប្រជាពលរដ្ឋអាស៊ាន" ជាមួយក្តីសង្ឃឹមថានឹងទាក់ទាញការចូលរួមចំណែកជាច្រើនពីប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានក្នុងអាស៊ានសម្រាប់ប្រធានបទនៃវេទិកា។

អ្នកយកព័ត៌មាន៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគនឹងត្រូវបានបង្ហាញយ៉ាងដូចម្តេចនៅ AFF ២០២៤? តើធុរកិច្ចរកឃើញឱកាសអ្វីខ្លះនៅពេលចូលរួមវេទិកានេះ?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ ដោយមានប្រធានបទនៃការអភិវឌ្ឍន៍ឆាប់រហ័សនិងចីរភាព ប្រកាន់យកប្រជាជនជាមជ្ឈភាព វេទិកាលើកនេះក៏មានការចូលរួមពីអង្គភាពអាជីវកម្មឈានមុខមួយចំនួនរបស់វៀតណាមនិងក្នុងតំបន់។ ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងចីរភាព រាល់បញ្ហាទាក់ទងនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ដោយមានការចូលរួមពីអង្គភាពអាជីវកម្មដែលមានអត្ថន័យយ៉ាងសំខាន់។

ទន្ទឹមនឹងកិច្ចប្រជុំពេញអង្គ យើងខ្ញុំនឹងរៀបចំសម័យប្រជុំមួយសម្រាប់អាជីវកម្ម ក្រោមប្រធានបទទាញយកឱកាសសម្រាប់ការអភិវឌ្ឍន៍នៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលបច្ចុប្បន្ន។ នេះជាកិច្ចប្រជុំដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវធ្វើជាអធិបតី ដោយមានការចូលរួមពីអ្នកជំនាញក្នុងវិស័យនេះ ក៏ដូចជាធុរកិច្ចវៀតណាមជាច្រើន អាស៊ាននិងដៃគូនានា។ ខ្ញុំគិតថានេះនឹងជាឱកាសដ៏មានតម្លៃសម្រាប់អាជីវកម្មចែករំលែកភាពងាយស្រួលនិងការលំបាក ក៏ដូចជាឱកាសដែលអាជីវកម្មអាចទាញយកអត្ថប្រយោជន៍ក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលបច្ចុប្បន្ន ព្រមទាំងជាឱកាសដ៏ល្អសម្រាប់អាជីវកម្មតភ្ជាប់ កសាងបណ្តាញថ្មីនិងទាញយកអត្ថប្រយោជន៍ពីឱកាសដែលនាំមកដោយការផ្លាស់ប្តូរឌីជីថលក្នុងការធ្វើអាជីវកម្មរបស់ខ្លួន ។

អ្នកយកព័ត៌មាន៖ តើប្រធានបទដែលជ្រើសរើសលើកនេះ មានសារសំខាន់អ្វីខ្លះសម្រាប់អាស៊ានក្នុងបរិបទដែលតំបន់ និងពិភពលោកកំពុងជួបការលំបាក និងបញ្ហាប្រឈមជាច្រើន? តើព្រឹត្តិការណ៍នេះមានសារៈសំខាន់អ្វីខ្លះក្នុងការបញ្ជាក់ពីតួនាទីរបស់​វៀត​ណាមក្នុងតំបន់អាស៊ាន?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ ខ្ញុំគិតថា បញ្ហាសម្រាប់ការអភិវឌ្ឍន៍ឆាប់រហ័ស និងចីរភាព ប្រកាន់យកប្រជាជនជាមជ្ឈភាព គឺជាកង្វល់រួមនៅសកលលោក និងរបស់ប្រទេសអាស៊ានទាំងអស់។

នេះជាតម្រូវការជាមូលដ្ឋានមួយ និងចាំបាច់របស់អាស៊ានក្នុងបរិបទដែលយើងកំពុងប្រឈមមុខនឹងការលំបាកជាច្រើនអំពីសេដ្ឋកិច្ច ក៏ដូចជាបញ្ហាប្រឈមផ្នែកសន្តិសុខមិនប្រពៃណី ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងជំងឺរាតត្បាត រាល់បញ្ហានៃខ្សែសង្វាក់ផ្គត់ផ្គង់... ដូច្នេះហើយ វេទិកានេះនឹងផ្តោតលើការពិភាក្សាលើការអភិវឌ្ឍន៍ផង និងការការពារបរិស្ថាន​ផង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ធានាសន្តិសុខសង្គម និងធ្វើយ៉ាងដូចម្ដេចសម្រាប់ប្រកាន់យកប្រជាជនជាមជ្ឈភាព និងសេចក្ដីសម្រេចចិត្តសម្រាប់អភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ក៏ដូចជាតំបន់។

សម្រាប់វៀតណាម នេះគ្រោងនឹងជាព្រឹត្តិការណ៍ពហុភាគីដ៏ធំបំផុតដែលយើងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៤។ គំនិតផ្តួចផ្តើមរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជាថ្មីម្តងទៀតបានបង្ហាញភាពម្ចាស់ការនិងសកម្មរបស់វៀតណាម រួមចំណែកយ៉ាងសកម្មថែមទៀតក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងមានបំណងចង់លើកកំពស់តួនាទីឈានមុខ និងស្នូលរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាលើវិសាមភាពសកលលោក។ ខ្ញុំជឿថា AFF ២០២៤ នឹងត្រូវបានប្រារព្ធឡើងដោយជោគជ័យ ហើយនឹងបង្កើតសន្ទុះសម្រាប់យើងរក្សារៀបចំវេទិកានេះក្នុងប៉ុន្មានឆ្នាំខាងមុខ។

ក្នុងឱកាសនេះ ខ្ញុំវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំ និងការសហការយ៉ាងជិតស្និទ្ធរបស់ស្ថាប័នពាក់ព័ន្ធក្នុងការត្រៀមរៀបចំ   ការទទួលភ្ញៀវ ភស្តុភារ និងសារព័ត៌មានដើម្បីព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងទទួលបានជោគជ័យ៕

អ្នកយកព័ត៌មាន៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Pham Diep