ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងហ្គាណា
កប.អនឡាញ - ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមេសា លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទៅបំពេញទស្សនកិច្ចការងារនៅហ្គាណា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានជួបពិភាក្សាជាមួយលោក Kwaku Ampratwum Sarpong អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងសមាហរណកម្មតំបន់; ទទួលជួបលោក Bryan Acheampong រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ និងកសិកម្ម, លោកស្រី Nana Ama Dokua Asiamah-Adjei អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងលោក Clement Osei Amoako ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម។
នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានដែលសម្រេចបានក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្គាណា ជាពិសេសលើវិស័យសេដ្ឋកិច្ច។ បច្ចុប្បន្ន Ghana គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅក្នុងតំបន់អាហ្វ្រិកខាងលិច ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៣ ឈានដល់ ៧៣៣ លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលទាំងនេះនៅមានលក្ខណៈតិចតួច មិនសមស្របនឹងសក្ដានុពល និងបំណងរបស់ប្រទេសទាំងពីរ។
    |
 |
លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang ជួបពិភាក្សាជាមួយលោក Kwaku Ampratwum Sarpong អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងសមាហរណកម្មតំបន់ (រូបថត៖ vnanet.vn) |
ដោយឈរលើមូលដ្ឋាននោះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការជាក់លាក់ជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ ... រួមទាំងការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់សំខាន់ៗ ដូចជាអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក (AU) សហគមន៍សេដ្ឋកិច្ចអាហ្រ្វិកខាងលិច (ECOWAS) ជំរុញការចរចា ឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី និងពង្រឹងការសម្របសម្រួលរវាងក្រសួងការបរទេសទាំងពីរ ដែលជាទីភ្នាក់ងារស្នូលក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងហ្គាណា។
ស្តីពីសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពលើកទឹកចិត្តធុរកិច្ចនៃប្រទេសទាំងពីរបង្កើនការតភ្ជាប់ ជួបជុំ និងផ្លាស់ប្តូរព័ត៌មាន ឱកាសវិនិយោគ និងធ្វើអាជីវកម្ម ព្រមទាំងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលនាំចេញសំខាន់ៗរបស់ប្រទេសទាំងពីរ ជាពិសេសអង្ករ និងគ្រាប់ស្វាយចន្ទី និងពង្រីកទៅកាន់ផលិតផលនាំចេញផ្សេងទៀត៕
បកប្រែដោយ Huyen Trang