នៅក្នុងជំនួបនេះ លោក Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ និងមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយអេស្ប៉ាញ។ លោក Bui Thanh Son បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបជាន់ខ្ពស់ រក្សាយន្តការពិគ្រោះយោបល់នយោបាយនៅកម្រិតអនុរដ្ឋមន្ត្រីការបរទេស សហការពិនិត្យ និងលើកកំពស់អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ កម្មវិធីធ្វើសកម្មភាពរួមរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោក Bui Thanh Son បានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ហើយអេស្បាញជំរុញឲ្យបណ្តាប្រទេសនៅសហភាពអឺរ៉ុប (EU) ឲ្យផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ព្រមទាំងគាំទ្រដល់គណៈកម្មការអឺរ៉ុប (EC) ដក "កាតលឿង" របស់ IUU សម្រាប់ជលផលវៀតណាមឲ្យបានឆាប់។

leftcenterrightdel
លោក Bui Thanh Son ទទួលជួបលោក Diego Martinez Belío (រូបថត៖ ក្រសួងការបរទេសវៀតណាម)

លោក Diego Martínez Belío បានបញ្ជាក់ថា នឹងសហការយ៉ាងជិតស្និទ្ធ ជាមួយភាគីវៀតណាមដើម្បីជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ហើយចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការថ្មីរវាងក្រសួងការបរទេសទាំងពីរនៅពេលឆាប់ៗនេះ។ លោកអះអាងថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ កីឡា និងទេសចរណ៍។

លោក Bui Thanh Son និងលោក Diego Martínez Belío បានឯកភាពសហការ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់។ ភាគីទាំងពីរបានចែករំលែកទស្សនៈនៃការគោរពច្បាប់ គាំទ្រគោលជំហររបស់អាស៊ាន និងវៀតណាមក្នុងការដោះស្រាយជម្លោះនៅដែនសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

សូមរំលឹក នាថ្ងៃដដែល លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងលោក Diego Martínez Belío បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-អេស្ប៉ាញលើកទី៥ ដើម្បីឯកភាពលើវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Thanh Cong