ក្នុងឱកាសនេះ លោក Vu Hai Ha ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាវៀតណាម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចបានបញ្ចប់ដោយជោគជ័យ សម្រេចបានរាល់គោលដៅដែលបានកំណត់ ហើយជាសញ្ញាសម្គាល់សំខាន់ៗក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនចិន (សភាប្រជាជនទូទាំងប្រទេសចិន)។

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់ លោក Vuong Dinh Hue ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមយ៉ាងដូចម្តេច?

លោក Vu Hai Ha៖ ជាមួយនឹងសកម្មភាពជាផ្លូវការជាង ៤០ និងសកម្មភាពផ្សេងៗទៀត ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិនរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទទួលបានជោគជ័យ សម្រេចបានរាល់តម្រូវការ និងគោលដៅដែលបានកំណត់។ ដំណើរទស្សនកិច្ចនេះកត់ត្រាសញ្ញាសម្គាល់សំខាន់ៗក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនចិន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និងស្ថាប័នផ្ដល់យោបល់ទាំងពីរ និងបង្កើតមូលដ្ឋានច្បាប់ដើម្បីលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ សមស្របនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជម្រុញឲ្យកិច្ចសហប្រតិបត្តិការសភាក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរួមរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។

leftcenterrightdel
លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម (រូបថត៖ Quochoi.vn)

អ្នកយកព័ត៌មាន៖ តើដំណើរទស្សនកិច្ចនេះសម្រេចបានលទ្ធផលអ្វីខ្លះ?

លោក Vu Hai Ha៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋចិនយកចិត្តទុកដាក់ជាពិសេសចំពោះដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភា។ ជោគជ័យនៃដំណើរទស្សនកិច្ចនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការទទួលស្វាគមន៍យ៉ាងឱឡារិក ការរៀបចំកម្មវិធី និងសកម្មភាពដោយមានខ្លឹមសារសម្បូរបែប ដែលមិនធ្លាប់មានពីមុនមកនៅក្នុងព្រឹត្តិការណ៍កិច្ចការបរទេសនៃសភាតំណាងប្រជាជនចិន។

ជាពិសេស លោក Xi Jinping អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន ជាមេដឹកនាំចិនដំបូងគេដែលទទួលលោកប្រធានរដ្ឋសភាក្នុងដំណើរទស្សនកិច្ចនេះ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ និងទូលំទូលាយអំពីខ្លឹមសារនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅកម្រិតយុទ្ធសាស្ត្រ ដើម្បីតម្រង់ទិសទំនាក់ទំនងរវាងប្រទេសទាំងពីរ អនុវត្តទស្សនៈរួមដែលសម្រេចបានដោយថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ។ កិច្ចសន្ទនាជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន  និងការជួបសវនាការជាមួយលោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព ស្មោះត្រង់ បើកចំហ ទំនុកចិត្ត ដោយផ្តោតលើទំនាក់ទំនងរវាងបក្សទាំងពីរ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ថ្នាក់ដឹកនាំចិនទាំងឡាយបានអះអាងថា ចិនគាំទ្រវៀតណាមឆ្ពោះទៅសង្គមនិយមស្របតាមស្ថានភាពរបស់ប្រទេស។ ប្រទេសចិនចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសចំពោះប្រទេសជិតខាង ព្រមទាំង លើកឡើងខ្លឹមសារសហប្រតិបត្តិការជាក់ស្ដែងជាច្រើន បង្ហាញយ៉ាងច្បាស់នូវការរំពឹងទុកខ្ពស់ចំពោះយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ក្នុងស្មារតីនោះ ភាគីទាំងពីរបានពិភាក្សា និងឯកភាពរក្សាទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ ជម្រុញកិច្ចសហប្រតិបត្តិការ ពង្រីកជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី...

ជាពិសេស លោក Vuong Dinh Hue និងលោក Zhao Leji បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនចិន ដោយបង្កើតគណៈកម្មាធិការសហប្រតិបត្តិការដែលដឹកនាំដោយប្រធានរដ្ឋសភាវៀតណាម និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន  ផ្តល់យោបល់សម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកជម្រុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ទាំងនៅរដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ និងខេត្តយូណាន លោក Vuong Dinh Hue បានជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្ម និងធុរកិច្ចចិនធំៗក្នុងវិស័យសំណង់ អគ្គិសនី ផ្លូវដែក ទូរគមនាគមន៍ និងទៅទស្សនាធុរកិច្ច មណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងសង្គមមួយចំនួននៅក្នុងប្រទេសចិន។ ធុរកិច្ចឈានមុខរបស់ចិនវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក៏ដូចជាបរិយាកាសវិនិយោគ អាជីវកម្មរបស់វៀតណាម ហើយមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Vuong Dinh Hue និងគណៈប្រតិភូវៀតណាមក៏បានស្វែងយល់អំពីបញ្ហាដែលវៀតណាមចាប់អារម្មណ៍នាពេលនេះ ហើយចិនមានបទពិសោធន៍ច្រើនផងដែរ ដូចជា៖ កំណែទម្រង់សហគ្រាសរដ្ឋ ក្របខ័ណ្ឌច្បាប់ យន្តការប្រតិបត្តិការមណ្ឌលសាកល្បងពាណិជ្ជកម្មសេរី ការកសាងហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាការធ្វើបរិវត្តម្មបៃតង ការធ្វើបរិវត្តម្មឌីជីថល វប្បធម៌ ការអប់រំ និងការបណ្តុះបណ្តាល...

ប្រព័ន្ធផ្សព្វផ្សាយចិនបានយកចិត្តទុកដាក់ និងចេញផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចនេះ ជាពិសេសគឺ ភាគីទាំងពីរមានការផ្លាស់ប្តូរដោយស្មោះត្រង់ និងឯកភាពគ្នាលើវិធានការជំរុញទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Thuy Anh