នៅក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍវិជ្ជមានក្នុងគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចសំខាន់ៗជាច្រើនរវាងប្រទេសទាំងពីរនាពេលកន្លងមក ព្រមទាំងអះអាងបន្តបង្កើនការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការធានាសន្តិសុខសេដ្ឋកិច្ច និងឯកភាពបង្កើតក្រុមសម្របសម្រួលរួមរវាងរដ្ឋាភិបាលទាំងពីរដើម្បីជំរុញវឌ្ឍនភាព និងប្រសិទ្ធភាពនៃគម្រោងសេដ្ឋកិច្ចមួយចំនួនដែលកំពុងដំណើរការរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើជប៉ុនបន្តផ្តល់កម្ចី ODA ជំនាន់ថ្មីសម្រាប់គម្រោងយុទ្ធសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដូចជា៖ គម្រោងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង រថភ្លើងក្នុងទីក្រុង ឧស្សាហកម្មគាំទ្រ បណ្ដុំឧស្សាហកម្មថ្មី ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងសុខាភិបាល ... នៅវៀតណាម; គាំទ្រនិងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សហគ្រាសជប៉ុនក្នុងវិស័យផលិតរថយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍វេជ្ជសាស្ត្រ និងវាយនភណ្ឌ...។ 

លោកនាយករដ្ឋមន្ត្រី Kishida Fumio អះអាងថា ជប៉ុននឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងវិស័យឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនពីពឹងខ្លួន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ហើយឯកភាពរួមជាមួយវៀតណាមពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្ដូរបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស វិស័យផ្លាស់ប្តូរថាមពល និងការកាត់បន្ថយការបំភាយឧស្ម័នតាមរយៈមជ្ឈមណ្ឌលគំនិតផ្តួចផ្តើមសហគមន៍ការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យនៅអាស៊ី (AZEC) ដែលបង្កើតឡើងដោយប្រទេសជប៉ុន។

ដោយវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានរៀបចំសកម្មភាពជាង ៥០០ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសអ្នកគ្រប់គ្រងកម្រិតយុទ្ធសាស្ត្រ ការផ្លាស់ប្តូរវប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននិងទេសចរណ៍។

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជាអធិបតីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ODA មួយចំនួនរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep