បន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន
កប.អនឡាញ - នាព្រឹកថ្ងៃទី ២ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិម លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានជួបសវនាការជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ១៥ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។
ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ ជាពិសេសសមិទ្ធិផលសំខាន់ៗក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមក និងបន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុនិស្ដវៀតណាម កាលពីខែតុលា ឆ្នាំ២០២២។
    |
 |
លោក Le Hoai Trung ជួបសវនាការជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិន |
ដោយសង្កត់ធ្ងន់លើអត្ថន័យនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ លោក Le Hoai Trung បានអះអាងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង និងអាទិភាពកំពូលរបស់បក្ស និងរដ្ឋវៀតណាម ចំពោះទំនាក់ទំនងវៀតណាម-ចិន។ លោកសង្កត់ធ្ងន់លើអត្ថន័យនៃទិសដៅយុទ្ធសាស្ត្រយូរអង្វែងក្នុងទំនាក់ទំនងរបស់បក្សទាំងពីរ និងប្រមុខបក្សទាំងពីរសម្រាប់ការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរក្នុងសម័យថ្មី។
លោក Wang Yi បានអះអាងថា បក្ស រដ្ឋ និងប្រជាជនចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងអ្នកជិតខាងមិត្ដភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ហើយចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម គឺជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ចិន។ លោកជឿជាក់ថា ជាមួយទិសដៅរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ភាគីទាំងពីរនឹងជំនះរាល់បញ្ហាប្រឈម ជំរុញការអភិវឌ្ឍនៃប្រទេសនីមួយៗ រួមចំណែកក្នុងចលនាសង្គមនិយមពិភពលោក និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពលើវិធានការជាច្រើន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន៕
បកប្រែដោយ Thanh Cong