កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាខឿនសេដ្ឋកិច្ច APEC ប្រមុខរដ្ឋាភិបាល និងតំណាងប្រទេសមួយចំនួន រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង ចិន នូវែលសេឡង់ ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី ហ្វីជី ហ្វីលីពីន ថៃ សិង្ហបុរី និងវៀតណាម។ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមកិច្ចប្រជុំ។

leftcenterrightdel
លោក Vo Van Thuong និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាខឿនសេដ្ឋកិច្ចដែលចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ IPEF (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា IPEF ត្រូវបានគេរំពឹងថានឹងក្លាយជាគំរូតភ្ជាប់សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ក្នុងបំណងធានាថា កិច្ចសហប្រតិបត្តិការ IPEF នឹងពង្រីកសក្តានុពល និងមានប្រសិទ្ធភាព លោកប្រធានរដ្ឋ បានលើកឡើងទិសដៅសំខាន់ៗចំនួនបីក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ទីមួយ IPEF គប្បីជាយន្តការសហប្រតិបត្តិការបើកចំហ បរិយាប័ន្ន និងមិនរើសអើង គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីស្របច្បាប់ ស្វាគមន៍ការចូលរួមរបស់ប្រទេសទាំងក្នុងនិងក្រៅតំបន់ គាំទ្រនិងបន្ថែមគំនិតផ្តួចផ្តើមតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ផ្សេងៗ។ ទីពីរ កិច្ចសហប្រតិបត្តិការគប្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ និងធានាតុល្យភាពផលប្រយោជន៍របស់ភាគីទាំងអស់ គោរពភាពខុសគ្នា និងលក្ខណៈពិសេសរបស់ប្រទេសនិមួយៗ ផ្តោតលើការគាំទ្រផ្នែកបច្ចេកទេស និងលើកកម្ពស់សមត្ថភាព។ ទីបី លើកទឹកចិត្តការវិនិយោគថ្មីក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើបរិវត្តកម្មថាមពលស្អាត និងផលិតកម្មឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅក្នុងតំបន់។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ បណ្តាថ្នាក់ដឹកនាំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព។

* នាថ្ងៃត្រង់ ថ្ងៃទី ១៦ ខែវិច្ឆិកា កិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC និងភ្ញៀវកិត្តិយស រួមទាំងប្រធានាធិបតីកូឡុំប៊ី នាយករដ្ឋមន្ត្រីហ្វីជី និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌា បានប្រព្រឹត្តទៅ។ លោក Vo Van Thuong បានចូលរួមនិងថ្លែងមតិនៅកិច្ចសន្ទនា។

លោក Vo Van Thuong បានចែករំលែកថា វៀតណាមចាត់ទុកការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាអាទិភាពក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ។ វៀតណាមសន្យាសម្រេចបាននូវវការបំភាយកាបូនឌីអុកស៊ីតសុទ្ធត្រឹមសូន្យនៅឆ្នាំ២០៥០ កាត់បន្ថយការបំភាយឧស្ម័នមេតាន ការពារព្រៃឈើ និងធ្វើបរិវត្តកមថាមពល។

leftcenterrightdel
លោក Vo Van Thuong ក្នុងកិច្ចសន្ទនា (រូបថត៖ vnanet.vn)

លោក Vo Van Thuong បានស្នើថា APEC និងដៃគូជំរុញកម្មវិធីសហប្រតិបត្តិការលើថាមពលកកើតឡើងវិញ និងឧស្សាហកម្មបៃតង អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ី និងការស្តារឡើងវិញនូវធនធានធម្មជាតិ សុខុមាលភាពសង្គម និងការផ្លាស់ប្តូរដោយយុត្តិធម៌។ លោកប្រធានរដ្ឋក៏បានអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ និងដៃគូអន្តរជាតិ បង្កើនការចែករំលែកសមិទ្ធផលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជួយឧបត្ថម្ភហិរញ្ញវត្ថុ និងដាក់ឲ្យដំណើរការនូវមូលនិធិការបាត់បង់ និងការខូចខាតជាបន្ទាន់ ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ថ្នាក់ដឹកនាំទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះទិសដៅលើកដែលឡើងដោយលោក Vo Van Thuong និងសំណើជាក់ស្តែងរបស់វៀតណាម ហើយគាំទ្រការខិតខំប្រឹងប្រែងរបស់វៀតណាមឆ្ពោះទៅសម្រេចបាននូវគោលដៅនៃការបំភាយកាបូនឌីអុកស៊ីតសុទ្ធត្រឹមសូន្យ និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការធ្វើបរិវត្តកម្មថាមពល។

*សូមរំលឹកថា លោក Vo Van Thuong ប្រធានរដ្ឋបានពិភាក្សាជាមួយលោក Xi Jinping អគ្គលេខាបក្សកុម្មុយនិស្ត និងជាប្រធានរដ្ឋចិន លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន ក្នុងគោលបំណងបន្តជម្រុញឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូ និងពិភាក្សាអំពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។

* នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា លោក Vo Van Thuong ប្រធានរដ្ឋ បានជួបសន្ទនាជាមួយលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា  និងព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ប្រ៊ុយណេ Haji Hassanal Bolkiah លោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕

បកប្រែដោយ Thuy Anh