លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ចូលរួមកិច្ចពិភាក្សាតុមូលតភ្ជាប់ធុរកិច្ច និងមូលដ្ឋាន វៀតណាម-សហរដ្ឋអាមេរិក
កប.អនឡាញ - នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងហាណូយ) នៅទីក្រុង San Francisco ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២៣ និងរួមបញ្ចូលគ្នានូវសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានចូលរួមនិងថ្លែងមតិនៅក្នុងកិច្ចពិភាក្សាតុមូលតភ្ជាប់ធុរកិច្ច និងមូលដ្ឋានវៀតណាម-សហរដ្ឋអាមេរិក។
ថ្លែងមតិនៅកិច្ចពិភាក្សា លោក Vo Van Thuong សម្តែងនូវក្តីជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិកនឹងមានភាពវិជ្ជមាន និងរឹងមាំជាងនេះទៀតនាពេលខាងមុខ ព្រមទាំងអះអាងថា វៀតណាមស្វាគមន៍អ្នកវិនិយោគអាមេរិកមកបណ្តាក់ទុនលើវិស័យដែលវៀតណាមចាប់អារម្មណ៍ដូចជា៖ បច្ចេកវិទ្យាខ្ពស់ ការផលិតបន្ទះឈីប semiconductor សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ការទូទាត់គ្មានសាច់ប្រាក់តាមធនាគារ។ វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការច្នៃប្រឌិត និងកែលម្អស្ថាប័ន ដើម្បីបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគដែលអំណោយផលបំផុតសម្រាប់អង្គភាពអាជីវកម្មអាមេរិកដែលកំពុងវិនិយោគនៅវៀតណាម ពង្រីកផលិតកម្ម និងវិនិយោគអភិវឌ្ឍន៍។
    |
 |
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ចូលរួមនិងថ្លែងមតិនៅក្នុងកិច្ចពិភាក្សាតុមូលតភ្ជាប់ធុរកិច្ច និងមូលដ្ឋានវៀតណាម-សហរដ្ឋអាមេរិក (រូបថត៖ vnanet.vn) |
លោក Ramin Toloui ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងធុរកិច្ច បានចាត់ទុកថា គុណសម្បត្តិរបស់វៀតណាម និងកិច្ចសហប្រតិបត្តិការពីភាគីសហរដ្ឋអាមេរិក នឹងជួយកសាងជំនាញសម្រាប់កម្លាំងពលកម្មនៃប្រទេសទាំងពីរ។ លោក Ramin Toloui សង្ឃឹមថា វៀតណាមនឹងបង្កើតបរិយាកាសវិនិយោគអំណោយផលជាងនេះទៅទៀត ដើម្បីឲ្យអង្គភាពអាជីវកម្មអាមេរិកអាចវិនិយោគនៅវៀតណាម។
ក្នុងឱកាសនេះ លោក Vo Van Thuong រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងមន្ត្រីសហរដ្ឋអាមេរិកបានធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរលើវិស័យមួយចំនួនដូចជា៖ ការអប់រំ និងបណ្តុះបណ្តាល; ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់; ការអភិវឌ្ឍមជ្ឈមណ្ឌលឧស្សាហកម្ម; ការអភិវឌ្ឍទីក្រុង និងទេសចរណ៍ធម្មជាតិ; ការប្រើប្រាស់កសិផល; ការបណ្តុះធនធានមនុស្សសម្រាប់ការរចនា IC; ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ; បញ្ញាសិប្បនិម្មិត; និងអភិវឌ្ឍថាមពលកកើតឡើងវិញ។ល៕
បកប្រែដោយ Huyen Trang