នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-ចិនក្នុងគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗ។ លោកប្រធានរដ្ឋ Vo Van Thuong បានអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលប្រទេសចិនសម្រេចបានចាប់តាំងពីមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិនរហូតមកដល់បច្ចុប្បន្ននេះ។ លោកប្រធានរដ្ឋ Vo Van Thuong អះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលចាត់ទុកការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិនជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានអះអាងថា ចិនតែងតែចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ចិន ស្វាគមន៍និងគាំទ្រវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងអនុវត្ដប្រកបដោយជោគជ័យ​នូវការអនុវត្តឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម ដើម្បីប្រទេសទាំងពីរអាចអភិវឌ្ឍទៅបាន ។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមជួបជាមួយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន (រូបថត៖ vnanet.vn)

សម្តែងការសប្បាយរីករាយចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-ចិននាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់ប្រទេសចិនកាលពីឆ្នាំ ២០២២ ភាគីទាំងពីរបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវទិសដៅ និងវិធានការសំខាន់ៗដើម្បីបន្តជំរុញនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូ​សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន នាពេលខាងមុខ។

លោក Vo Van Thuong បានស្នើភាគីទាំងពីរបន្ដបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជំរុញយ៉ាងខ្លាំងក្លាលើវិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយតុល្យភាព និងនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ពង្រីកការនាំចូលទំនិញ ជាពិសេសផលិតផលកសិផលរបស់វៀតណាម នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់កសិករ និងអ្នកប្រើប្រាស់នៃប្រទេសទាំងពីរ ជាមួយគ្នានោះជំរុញការតភ្ជាប់ចរាចរណ៍...។

លោក Vo Van Thuong ក៏បានស្នើភាគីទាំងពីរបង្កើនការឃោសនាមិត្តភាព និងរៀបចំជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រពៃណីមិត្តភាពរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋវៀតណាមបានស្នើភាគីទាំងពីរខិតខំប្រឹងប្រែងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រ គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមជាមួយប្រទេសពាក់ព័ន្ធកសាងសមុទ្រខាងកើតឱ្យក្លាយជាសមុទ្រសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ដោយសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ផលប្រយោជន៍គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ លោក Xi Jinping បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចបង្កើនការនាំចូលទំនិញរបស់វៀតណាម រួមទាំងផលិតផលកសិផល ទំនិញឧស្សាហកម្ម កែច្នៃ ។ លោក Xi Jinping ស្នើភាគីទាំងពីរពង្រឹងការតភ្ជាប់គំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ជាមួយក្របខណ្ឌ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" និងកសាងផែនការកិច្ចសហប្រតិបត្តិការជាក់លាក់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្ដិការយុទ្ធសាស្ដ្រ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ចរាចរណ៍ ការចែករំលែកបទពិសោធន៍លើកំណែទម្រង់សហគ្រាសរដ្ឋ... ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងឃោសនាអំពីចំណងមិត្ដភាព និងដោះស្រាយការខ្វែងគំនិតគ្នាបានល្អ ដើម្បីសន្តិភាព និងស្ថិរភាពនៅសមុទ្រ និងក្នុងតំបន់។

មេដឹកនាំទាំងពីរក៏បានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពគ្នាខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thanh Cong