ក្នុងជំនួបជាមួយលោក Faisal Al-Ibrahim រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងផែនការអារ៉ាប៊ីសាអូឌីត លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យប្រទេសទាំងពីរបង្កើនការតភ្ជាប់ និងសហការគ្នារៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ ដែលក្នុងនោះ ផ្តល់អាទិភាពលើវិស័យដូចជា ថាមពល ហិរញ្ញវត្ថុ និងធនាគារ ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាកិច្ចសហប្រតិបត្តិការផលិតកម្ម កែច្នៃផលិតផលហាឡាល់ បរិវត្ដកម្មឌីជីថល...

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Faisal Al-Ibrahim រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងផែនការអារ៉ាប៊ីសាអូឌីត (រូបថត៖ vnanet.vn)

លោករដ្ឋមន្ត្រី Faisal Al-Ibrahim បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរអាចទាញយកផលប្រយោជន៍ពីទីផ្សាររបស់គ្នាទៅវិញទៅមកដើម្បីធ្វើជាច្រកទ្វារនាំចេញទំនិញទៅកាន់ទីផ្សារផ្សេងទៀតនៅក្នុងតំបន់ ព្រមទាំងមានបំណងចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ និងបញ្ចប់ការចរចា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយដៃគូរបស់វៀត ណាម។

ដើម្បីសម្រេចបាននូវគោលដៅខាងលើ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការស្រាវជ្រាវបង្កើតក្រុមការងារសេដ្ឋកិច្ចរួម ហើយនឹងរៀបចំសម័យប្រជុំគណៈកម្មាធិការចម្រុះលើកទី ៥ នាពេលខាងមុខ និងស្រាវជ្រាវដើម្បីលើកកំពស់ប្រសិទ្ធភាពនៃយន្តការនេះ ក្នុងការពិនិត្យ និងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

នៅក្នុងជំនួបជាមួយលោក Ahmed Al-Rajhi រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងអភិវឌ្ឍន៍សង្គម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា ការងារគឺជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងបរិបទដែលអារ៉ាប៊ីសាអូឌីតកំពុងដំណើរការគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន... ក្នុងដំណើរការអនុវត្តយុទ្ធសាស្ត្រ "ចក្ខុវិស័យដល់ឆ្នាំ ២០៣០"។

leftcenterrightdel
លោក Pham Minh Chinh ទទួលជួបលោក Ahmed Al-Rajhi រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងអភិវឌ្ឍន៍សង្គមអារ៉ាប៊ីសាអូឌីត (រូបថត៖ vnanet.vn)

លោក Ahmed Al-Rajhi បានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត មានផែនការទទួលបន្ថែមពលករបរទេសចំនួន ១០ លាននាក់ នាពេលខាងមុខ ក្នុងវិស័យនានា ជាពិសេសផលិតកម្មឧស្សាហកម្ម ថាមពល សុខាភិបាល ទេសចរណ៍... ព្រមទាំង លោក Ahmed Al-Rajhi បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃកម្លាំងពលកម្មវៀតណាម រួមទាំងពលកម្មដែលមានជំនាញខ្ពស់ ហើយបានអះអាងថា សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនេះនៅមានច្រើនណាស់៕

បកប្រែដោយ Pham Diep