លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី
កប.អនឡាញ - នារសៀលថ្ងៃទី១៩ មិថុនា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានទទួលជួបគណៈប្រតិភូតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី ដឹកនាំដោយប្រធានចៅក្រម Lebedev Vyacheslav Mikhailovich ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោក Vo Van Thuong ទទួលស្វាគមន៍លោក Lebedev Vyacheslav Mikhailovich និងគណៈប្រតិភូតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី ដែលមកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម និងសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញយ៉ាងខ្លាំងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងតុលាការនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី។
    |
 |
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួបគណៈប្រតិភូតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី ដឹកនាំដោយប្រធានចៅក្រម Lebedev Vyacheslav Mikhailovich |
ផ្ញើសារលិខិតពីលោក Vladimir Putin ប្រធានាធិបតី ជូនលោក Vo Van Thuong លោក Lebedev Vyacheslav Mikhailovich បានមានប្រសាសន៍ថា លោក Vladimir Putin ប្រធានាធិបតី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងជាមួយវៀតណាម គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពក្នុងទំនាក់ទំនងការបរទេសរបស់សហព័ន្ធ រុស្ស៊ី។
លោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ដោយចាត់ទុកថា រុស្ស៊ីជាដៃគូអាទិភាពកំពូល។ វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព បំពេញផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។
ដោយសារវាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការល្អរបស់តុលាការនៃប្រទេសទាំងពីរ លោក Vo Van Thuong បានសម្តែងការពេញចិត្តដោយឃើញថា ស្ថាប័នទាំងពីរតែងតែរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ការសម្របសម្រួលក្នុងសកម្មភាពវិជ្ជាជីវៈ ការចែករំលែកទស្សនៈ និងគោលជំហរជាប្រចាំលើបញ្ហាតំបន់ និងអន្តរជាតិ និងរក្សាការវាយតម្លៃប្រចាំឆ្នាំនៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងការបំពេញបន្ថែមនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការថ្មី ឆ្ពោះទៅរកការអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន។
លោកប្រធានរដ្ឋជឿជាក់ថា នាពេលខាងមុខតុលាការនៃប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសនីមួយៗ រឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីរវាងប្រជាជនទាំងពីរ៕
បកប្រែដោយ Minh Trung