កិច្ចសន្ទនានយោបាយ-សន្តិសុខ-ការពារជាតិលើកទី១២ វៀតណាម-អាមេរិក
កប.អនឡាញ - នាពេលថ្មីនេះៗ នៅទីក្រុង Washington, D.C. សហរដ្ឋអាមេរិក លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោកស្រី Jessica Lewis ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ និងការពារជាតិ បានធ្វើជាសហប្រធាន នៃកិច្ចសន្ទនានយោបាយ-សន្តិសុខ-ការពារជាតិលើកទី១២ វៀតណាម-អាមេរិក។
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម និងអាមេរិក ឲ្យអភិវឌ្ឍប្រកបដោយស្ថិរភាព ស្របតាមផលប្រយោជន៍ លក្ខខណ្ឌ និងគោលនយោបាយរបស់ប្រទេសនីមួយៗ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខអ៊ីនធឺណែត ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ល។
|
|
លោក Ha Kim Ngoc និងលោកស្រី Jessica Lewis |
ភាគីទាំងពីរក៏បានចែករំលែកការប្តេជ្ញាចិត្តរក្សាកិច្ចសហប្រតិបត្តិការលើការដោះគ្រាប់បែក គ្រប់មីន គ្រឿងផ្ទុះ និងសម្អាតជាតិគីមីឌីអុកស៊ីត ជួយគាំទ្រប្រជាជនដែលរងផលប៉ះពាល់ដោយសង្រ្គាមនៅវៀតណាម និងស្វែងរកទាហានរបស់ភាគីទាំងពីរដែលបាត់ខ្លួនក្នុងសង្គ្រាម។
ភាគីទាំងពីរបានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់ សេរីភាព និងសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។ ភាគីអាមេរិកបានបញ្ជាក់ពីការគាំទ្រចំពោះតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពអនុវត្តវិធានការប្រកបដោយភាពច្នៃប្រឌិត និងជាក់ស្ដែង ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូមេគង្គ-អាមេរិក នាពេលខាងមុខ។
នៅខាងក្រៅកិច្ចសន្ទនាឆ្នាំនេះ លោក Ha Kim Ngoc អនុរដ្ឋមន្ត្រី និងគណៈប្រតិភូ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងការបរទេស ក្រសួងការពារជាតិ ក្រុមប្រឹក្សាសន្តិសុខជាតិ សមាជិកសភា ទីប្រឹក្សាជាតិ និងតំណាងអាជីវកម្មអាមេរិកមួយចំនួន៕
បកប្រែដោយ Thuy Anh