ថ្លែងមតិក្នុងកិច្ចពិភាក្សា លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យពង្រឹងក្របខ័ណ្ឌច្បាប់ជាសកល និងមូលដ្ឋានស្តីពីការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកឆ្លងដែន ពង្រឹងយន្តការពិគ្រោះយោបល់សាធារណៈ និងយុត្តិធម៌រវាងបណ្ដាប្រទេស ព្រមទាំង កិច្ចសហប្រតិបត្តិការក្នុងការធ្វើអាជីវកម្ម និងប្រើប្រាស់ទឹក ចាំបាច់ត្រូវធានាដល់ជីវភាពរស់នៅ សកម្មភាពសេដ្ឋកិច្ច-សង្គម និងរក្សាតម្លៃវប្បធម៌ប្រពៃណី និងប្រព័ន្ធអេកូឡូស៊ីដែលទាក់ទិនទឹកឆ្លងដែន។ល។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យបង្កើតទីភ្នាក់ងារ និងអង្គការនានាក្រោមឱវាទរបស់អង្គការសហប្រជាជាតិ ដើម្បីសម្របសម្រួល និងជួយគាំទ្រផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ បង្កើតប្រព័ន្ធទិន្នន័យសកលស្តីពីទឹកឆ្លងដែន តំបន់ទន្លេ និងប្រព័ន្ធត្រួតពិនិត្យ កំណត់ស្តង់ដារសីលធម៌ក្នុងការដោះស្រាយទឹកឆ្លងដែន។

leftcenterrightdel
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី ពិភាក្សាជាមួយវាគ្មិនអំពីការកសាងក្របខ័ណ្ឌច្បាប់ដែលតភ្ជាប់នឹងការកំណត់ស្តង់ដារសីលធម៌សង្គមទាក់ទិននឹងធនធានទឹក (រូបថត៖ Baochinhphu.vn)

លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងដៃគូអន្តរជាតិនានា ជាពិសេសបណ្តាប្រទេសក្នុងគណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ បណ្តាប្រទេសដែលចូលរួមយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីសម្រេចបានគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពចំពោះទឹកឆ្លងដែន។

នាថ្ងៃដដែល លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី បានជួបសន្ទនាជាមួយលោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថាន លោក Qu Dongyu អគ្គនាយកនៃអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លោកស្រី Natalia Kanem នាយិកាប្រតិបត្តិនៃមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) លោកស្រី Tanja Fajon ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសស្លូវេនី លោក Christophe Béchu រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសបារាំង និងលោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ៕

បកប្រែដោយ Thanh Cong