ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវ (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ / ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ (ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៧៧ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២) រវាងប្រទេសទាំងពីរ កាសែតកងទ័ពប្រជាជនសូមឧទ្ទេសនាមអត្ថបទមួយចំនួនដែលក្រឡេកមើលឡើងវិញនូវទំនាក់ទំនងពិសេសរវាងប្រជាជនទាំងពីរវៀតណាម និងឡាវ។

អត្ថបទទី១៖ ព្រឹត្តិការណ៍ដ៏ត្រចះត្រចង់

វៀតណាម និងឡាវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ ព្រមទាំងបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៧៧ ជាព្រឹត្តិការដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងពិសេសវៀតណាម និងឡាវ បញ្ជាក់ពីភាពស្អិតរមួតនៃជោគវាសនារបស់ប្រជាជនទាំងពីរក្នុងការតស៊ូរំដោះជាតិ ការកសាង និងការពារមាតុភូមិ និងរួមគ្នាអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនតាមទិសសង្គមនិយម។

ប្រពៃណីនៃភាពស្អិតរមួត

វៀតណាម និងឡាវជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។ ចំណងមិត្តភាពជាបងប្អូនរវាងប្រជាជនទាំងពីរ ដែលត្រូវបានបង្កើតឡើង និងពូនជ្រំក្នុងប្រវត្តិសាស្ត្រនៃការកសាង និងការពារជាតិរាប់ពាន់ឆ្នាំ ហើយនិងត្រូវបានពង្រីកយ៉ាងខ្លាំងក្លាតាំងពីសម័យបង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិន ក្រោយមកគឺបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។

leftcenterrightdel
លោកប្រធានហូជីមិញបានទទួលជួប និងពិភាក្សាយ៉ាងស្និទ្ធស្នាលជាមួយសមមិត្ត Kaysone Phomvihane ប្រធានគណៈប្រតិភូបក្ស និងរណសិរ្សស្នេហាជាតិឡាវ មកបំពេញទស្សនកិច្ចនៅវៀតណាម កាលពីឆ្នាំ ១៩៦៦ (រូបថតឯកសារ)

គោលនយោបាយដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តឥណ្ឌូចិនបានត្រួសត្រាយផ្លូវសម្រាប់ប្រជាជនវៀតណាម និងប្រជាជនឡាវក្នុងការលើកកម្ពស់យ៉ាងខ្លាំងនូវស្មារតីឯករាជ្យជាតិ ស្វ័យភាព និងកម្លាំងរបស់ប្រជាជាតិនីមួយៗ ហើយទន្ទឹមនឹងនោះពង្រឹងទំនាក់ទំនងស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរដើម្បីឈានទៅមុខរួមគ្នាក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងសត្រូវឈ្លានពាន។

“ប្រទេសទាំងពីរឡាវ និងវៀតណាមមានប្រពៃណីស្រឡាញ់គ្នា គាំទ្រគ្នាទៅវិញទៅមក មានការប្តេជ្ញាចិត្តរួមគ្នា និងរួមសុខរួមទូក្ខក្នុងអំឡុងពេលជាច្រើនទសវត្សរ៍នៃការតស៊ូដើម្បីសង្គ្រោះជាតិ និងការពារជាតិ។ ប្រជាជាតិទាំងពីរបានប្រកៀកស្មាគ្នាតស៊ូប្រយុទ្ធប្រឆាំង ដណ្តើមយកបានជ័យជំនះលើសត្រូវរួម ។ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមត្រូវបានបង្កើតឡើង ហើយនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ១៩៤៥ រដ្ឋាភិបាលឡាវ​ឥស្សរៈ បានប្រកាសប្រទេសឡាវឯករាជ្យភាព»។ នេះបើយោងតាមលោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម។

ការបដិសន្ធិរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងរដ្ឋាភិបាលឡាវឥស្សរៈ គឺជាមូលដ្ឋាននាំមកនូវសាមគ្គីភាព និងជំនួយទៅវិញទៅមករវាងប្រទេសទាំងពីរវៀតណាម និងឡាវ និងតម្លើងជាសម្ព័ន្ធប្រយុទ្ធ។ បន្ទាប់ពីឡើងកាន់អំណាច ភ្លាមៗ រដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាជំនួយទៅវិញទៅមក ឡាវ-វៀតណាម នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៤៥ និងកិច្ចព្រមព្រៀងសម្ព័ន្ធភាពឡាវ-វៀតណាម នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៤៥ ដែលជាឯកសារផ្លូវការជាលើកដំបូងដើម្បីបង្កើតមូលដ្ឋានច្បាប់សម្រាប់ប្រទេសទាំងពីរវៀតណាម និងឡាវ សហប្រតិបត្តិការ និងសាមគ្គីភាពប្រយុទ្ធប្រឆាំងនឹងសត្រូវរួម។

ក្នុងអំឡុងសង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក សង្គ្រោះជាតិ ទំនាក់ទំនងរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងសត្រូវរួមបន្តពង្រឹង និងអភិវឌ្ឍកាន់តែស៊ីជម្រៅ។ បន្ទាប់ពីជ័យជំនះដ៏សំខាន់ផ្នែកនយោបាយ យោធា នៃបដិវត្តន៍ឡាវ និងការដែលកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ ១៩៦២ ស្តីពីឡាវត្រូវបានចុះហត្ថលេខាបានបើកសម័យអភិវឌ្ឍន៍ថ្មីសម្រាប់បដិវត្តន៍នៃប្រទេសទាំងពីរឡាវ និងវៀតណាម។ ជាមួយនឹងឱកាស និងលក្ខខណ្ឌអំណោយផលនោះ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២។

ព្រឹត្តិការណ៍នេះ តាមការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-ឡាវក្នុងសម័យទំនើប។ “បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម ភ្លាមមួយរំពេច ក្នុងជំនួបជាមួយកងទ័ពឡាវ ព្រះអង្គម្ចាស់ Souphanouvong មានព្រះបន្ទូលថា៖ បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសផ្សេងៗ យើងមានមិត្ភភ័ក្តកាន់តែច្រើន ប៉ុន្តែអ្នកដែលស្លាប់់រស់ និងរួមលេណដ្ឋានប្រយុទ្ធជាមួយយើង មានតែវៀតណាមប៉ុណ្ណោះទេ។ ចាប់តាំងពីពេលនោះមក ក្រោមការដឹកនាំរបស់បក្ស ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ បានខិតខំអស់ពីសមត្ថភាពដើម្បីជួយគាំទ្រគ្នាទៅវិញទៅមក និងប្រកៀកស្មាគ្នាក្នុងការតស៊ូប្រឆាំងនឹងសត្រូវរួម”។ នេះបើយោងតាមការសង្កត់ធ្ងន់របស់លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung នៅពេលផ្តល់បទសំភាសន៍ជាមួយអ្នកសាព៍ត៌មាននៃកាសែតកងទ័ពប្រជាជន។

ដោយកំណត់ថា “ឥណ្ឌូចិនជាសមរភូមិតែមួយ” ការតស៊ូប្រឆាំងសត្រូវរួមក្នុងអំឡុងឆ្នាំ ១៩៤៥-១៩៧៥ បានសឲ្យឃើញថា ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ តែងតែប្រកៀកស្មាគ្នា ឯកភាពគ្នា រួមសុខរួមទុក្ខ បំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូផង និងជាផលប្រយោជន៍របស់ប្រទេសរៀងៗ ខ្លួនផង ដូចលោកប្រធានហូជីមិញបានអះអាងថា៖ "ជួយមិត្ត​គឺជួយខ្លួនឯង"។

ទោះជាជួបប្រទះនឹងការប្រឈមដ៏លំបាក ការលះបង់ ជាច្រើនក៏ដោយ ក៏ក្រោមការដឹកនាំរបស់បក្សទាំងពីរ សម្ព័ន្ធសាមគ្គីភាពប្រយុទ្ធពិសេស រវាងវៀតណាម និងឡាវ បាននាំមកនូវបុព្វហេតុបដិវត្តន៍ឯករាជ្យជាតិនៃប្រទេសទាំងពីរ ឆ្ពោះទៅរកជ័យជំនះពេញលេញក្នុងឆ្នាំ១៩៧៥ ជាមួយនឹងជ័យជំនះរបស់ប្រជាជនវៀតណាមនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ និងការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ ។ តាមរយៈដំណើរការនៃសម្ព័ន្ធសាមគ្គីភាពប្រយុទ្ធនេះ ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវកាន់តែមានជំនឿទុកចិត្ត និងជិតស្និទ្ធ បង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពពិសេសក្នុងសម័យថ្មី។

ស្របតាមការវិវឌ្ឍន៍នៃសម័យកាល

បន្ទាប់ពីប្រទេសទាំងពីរត្រូវបានរំដោះទាំងស្រុងនៅឆ្នាំ១៩៧៥មក ទំនាក់ទំនងវៀតណាម-ឡាវបានឈានចូលទំព័រថ្មី៖ ពីសម្ព័ន្ធសាមគ្គីភាពប្រយុទ្ធក្នុងលេណដ្ឋានរួមតែមួយ ទៅជាកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដែលមានឯករាជភាព និងអធិបតេយ្យភាព។ នៅពេលនោះ វៀតណាម និងឡាវបានជួបការលំបាកយ៉ាងខ្លាំង។ តាមលោកឯកអគ្គរដ្ឋទូត Nguyen Ba Hung ប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកសង្គ្រាមដ៏ធ្ងន់ធ្ងរ។ សេដ្ឋកិច្ចនៃប្រទេសវៀតណាម និងឡាវ គឺជាសេដ្ឋកិច្ចកសិកម្មដែលជំនាញដាំដុះ ផលិតភាព និងទិន្នផលនៅកម្រិតទាប…

ស្ថានភាពអន្តរជាតិមានការប្រែប្រួលយ៉ាងស្មុគស្មាញ។ កម្លាំងអរិភាពក្នុងប្រទេស និងក្រៅប្រទេសបានឃុបឃិតគ្នាស្វែងរកវិធីដើម្បីបំបែកបំបាក់ទំនាក់ទំនងរវាងឡាវ និងវៀតណាម។ ជាពិសេស បន្ទាប់ពីកងទ័ព និងអ្នកជំនាញការវៀតណាមបានដកខ្លួនចេញពីប្រទេសឡាវនៅដើមឆ្នាំ ១៩៧៦ ក្រោមកិច្ចព្រមព្រៀងរវាងបក្សទាំងពីរ និងរដ្ឋាភិបាលទាំងពីរ កម្លាំងប្រតិកិរិយានៅប្រទេសឡាវ ដោយមានការគាំទ្រពីកម្លាំងអរិភាពអន្តរជាតិ បានធ្វើសកម្មភាពបះបោរនៅជាច្រើនកន្លែង បង្កឱ្យមានហានិភ័យដល់អស្ថិរភាពនយោបាយនៅប្រទេសឡាវ។

លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung បានមានប្រសាសន៍ថា “ស្ថានភាពនោះបានដាក់ចេញនូវតម្រូវការគឺត្រូវអភិវឌ្ឍន៍ និងរឹតបន្តឹងទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ ស្របតាមការវិវឌ្ឍន៍នៃសម័យកាល។

ជាលទ្ធផល ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ របស់គណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋាភិបាលវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Le Duan និងលោកនាយករដ្ឋមន្ត្រី Pham Van Dong ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ១៩៧៧។

ការចុះហត្ថលេខាលើសន្ធិសញ្ញានេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលជារបត់ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ ក៏មានសារៈសំខាន់ជាអន្តរជាតិ ដោយលើកតម្កើងស្មារតីអន្តរជាតិដ៏ស្មោះស្ម័គ្ររវាងប្រទេសទាំងពីរ រួមគ្នាឆ្ពោះទៅរកគោលដៅ សង្គមនិយម និងជំរុញឥទ្ធិពលវិជ្ជមានក្នុងតំបន់។ នេះបើយោងតាមការអះអាងរបស់លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung ៕

(នៅបន្តទៀត)

បកប្រែដោយ Duy Hoan