ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកស្ដីពីការប្រែប្រួលអាកាសធាតុ
កប.អនឡាញ - នាថ្ងៃទី ២៣ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមបានទទួលជួបលោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកស្ដីពីការប្រែប្រួលអាកាសធាតុ។
នៅក្នុងជំនួប ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា សហរដ្ឋអាមេរិកតែងតែជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់របស់វៀតណាម ហើយទន្ទឹមនឹងនោះ លោកមានបំណងចង់បន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងចីរភាព កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃការគោរព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនិងរបបនយោបាយគ្នាទៅវិញទៅមក។
លោកប្រធានរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះគម្រោងរបស់សហរដ្ឋអាមេរិកនៅវៀតណាមក្នុងរយៈពេលកន្លងមក ព្រមទាំងមានបំណងចង់ឲ្យសហរដ្ឋអាមេរិកនឹងបន្តបង្កើនថវិកាដើម្បីបម្រើការជំនះផលវិបាកនៃសង្គ្រាម ក៏ដូចជាផ្តល់អាទិភាពដល់ការជួយគាំទ្រវៀតណាមលើបណ្ដាវិស័យដូចជា អប់រំ-បណ្តុះបណ្តាល សុខាភិបាល មនុស្សធម៌ និងសេដ្ឋកិច្ចឌីជីថល។ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ហើយជាកិច្ចការសំខាន់និងបន្ទាន់ ព្រមទាំងលោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យសហរដ្ឋអាមេរិកបង្កើនការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីជួយវៀតណាមអនុវត្ដការសន្យានៅ COP26 ។
|
|
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកស្ដីពីការប្រែប្រួលអាកាសធាតុ (រូបថត៖ vnanet.vn) |
លោកបេសកជនពិសេស John Kerry បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយមានបំណងចង់ដំឡើងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោក John Kerry បានសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការជម្នះផលវិបាកនៃសង្គ្រាម ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល ការអភិវឌ្ឍវិទ្យាសាស្ត្រ-បច្ចេកវិទ្យា... ។ លោក John Kerry បានវាយតម្លៃខ្ពស់ចំពោះការសន្យារបស់វៀតណាមនៅ COP26 ព្រមទាំងអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើវិធានការជាក់លាក់និងទាន់ពេលវេលា ជាពិសេសក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនិងគ្រប់គ្រងធនធានទឹក។
នៅក្នុងជំនួបនេះដែរ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្វាគមន៍សហរដ្ឋអាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមចំណែកយ៉ាងសកម្មថែមទៀតដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ ព្រមទាំងលោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់ចំណងសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន និងជំរុញបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក និងភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក៕
បកប្រែដោយ Thanh Cong