ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី
កប.អនឡាញ - នាព្រឹកថ្ងៃទី៣ ខែធ្នូ យន្តហោះដឹកលោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី នារសៀលថ្ងៃទី២ ខែធ្នូ តាមម៉ោងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបសន្ទនាជាមួយតំណាងអាណិកជនវៀតណាមនៅរុស្ស៊ី។ ជំនួបនេះត្រូវបានធ្វើឡើងនៅទីក្រុងមូស្គូ ហើយត្រូវបានតភ្ជាប់តាមប្រព័ន្ធជាមួយកន្លែងចំនួន ៤ ទៀតនៅ Krasnodar, Voronezh, St. Petersburg និង Irkutsk ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc មានប្រសាន៍ថា៖ វៀតណាមអះអាង និងបន្តអនុវត្តគោលនយោបាយការបរទេសពហុភាគី និងពិពិធកម្ម ប៉ុន្តែបក្ស និងរដ្ឋយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី។ ចែករំលែកជាមួយការលំបាករបស់អាណិកជនវៀតណាមក្នុងកំឡុងកើតមានជំងឺរាតត្បាត Covid-19 លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្តែងនូវសេចក្តីរីករាយដែលសហគមន៍វៀតណាមនៅរុស្ស៊ីបានជំនះពុះពារលើដំណាក់កាលដ៏លំបាកបំផុតនៃជំងឺរាតត្បាត។ លោកប្រធានរដ្ឋក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមចំណែករបស់អាណិកជនសម្រាប់ប្រជាជនក្នុងប្រទេស ដោយចាត់ទុកថានេះជាកាយវិការថ្លៃថ្នូ ឆ្ពោះទៅរកមាតុភូមិ ជាពិសេសក្នុងអំឡុងកើតមានការរីករាលដាលនៃជំងឺកូវីដ-១៩។
|
|
លោកប្រធានរដ្ឋ Nguyen Xuan Phuc លោករដ្ឋមន្ត្រី Phan Van Giang អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់រថយន្តរបស់សហគមន៍ជនវៀតណាមនៅរុស្ស៊ីជួយគាំទ្រនាយកដ្ឋានជួយសង្គ្រោះ ក្រសួងការពារប្រទេសវៀតណាម (រូបថត៖ vnanet.vn) |
*នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុនប្រេងនិងឧស្ម័ន Zarubezhneft និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញរុស្ស៊ីគ្រប់ជំនាន់ដែលធ្វើការនៅក្រុមហ៊ុនបណ្តាក់ទុនរួមវៀតណាម-រុស្ស៊ី Vietsovpetro ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០។ ដោយទទួលស្គាល់ការរួមចំណែកក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនបណ្តាក់ទុនរួមវៀតណាម-រុស្ស៊ី Vietsovpetro លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាពរដ្ឋវៀតណាមជូនលោកប្រធាន Zarubezhneft Zubov និងលោកអគ្គនាយក Zarubezhneft Kudryashov។
បកប្រែដោយ Thanh Cong