អ្នកយកព័ត៌មាន ៖ តបតាមការអញ្ជើញរបស់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។ សូមលោកឲ្យដឹងអំពីលទ្ធផលសំខាន់នៃដំណើរទស្សនកិច្ច?

លោក Le Hoai Trung៖ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស To Lam និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសម៉ាឡេស៊ីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ សម្រេចបានលទ្ធផលយ៉ាងជ្រាលជ្រៅ និងជាក់ស្តែង។ នេះជាដំណើរទស្សនកិច្ចលើកដំបូងក្នុងតួនាទីថ្មីរបស់លោកអគ្គលេខាបក្សទៅកាន់ប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ វាគឺជាការបន្តមរតក ព្រមទាំងលើកកម្ពស់គោលនយោបាយរបស់វៀតណាមក្នុងរយៈពេល៥០ឆ្នាំកន្លងមកគឺយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាប្រពៃណីជាមួយនឹងប្រទេសម៉ាឡេស៊ី។

leftcenterrightdel
លោក Le Hoai Trung លេខាមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស To Lam និងភរិយា រួម​ជាមួយ​គណៈប្រតិភូមានសកម្មភាពសំខាន់ៗចំនួន១៨ ក្នុងនោះមានកិច្ចពិភាក្សាចង្អៀត និងទូលំទូលាយ ជួបជាមួយថ្នាក់ដឹកនាំម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម, ប្រធានព្រឹទ្ធសភា, ប្រធានសភាតំណាង, ឧបនាយករដ្ឋមន្ត្រី, ប្រធានគណបក្សអង្គការឯកភាពជាតិម៉ាឡេស (UMNO); ទស្សនាមជ្ឈមណ្ឌលទិន្នន័យជាតិម៉ាឡេស៊ី, ទស្សនកិច្ច​ក្រុមហ៊ុនសាជីវកម្មប្រេងជាតិម៉ាឡេស៊ី Petronas; ទទួលជួបមេដឹកនាំនៃក្រុមហ៊ុនសាជីវកម្មធំមួយចំនួន; មានជំនួបសំណេះសំណាលជាមួយតំណាងអាណិកជនវៀតណាមមកពីបណ្តាប្រទេសអាស៊ាន។ លោកអគ្គលេខាបក្ស To Lam ថ្លែងសុន្ទរកថាសំខាន់នៅសាកលវិទ្យាល័យម៉ាឡាយ៉ា ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងល្បីល្បាញបំផុត ដែលជាកន្លែងបណ្តុះបណ្តាលអ្នកនយោបាយ និងអ្នកប្រាជ្ញារម៉ាឡេស៊ីដ៏ល្បីល្បាញជាច្រើន ចែករំលែកទស្សនៈវិស័យសម្រាប់ដំណើរឆ្ពោះទៅមុខក្នុងទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី និងចក្ខុវិស័យអំពីសហគមន៍អាស៊ានដែលរីកចម្រើន រួបរួម និងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះក៏បានបញ្ជាក់ពីការគោរពរបស់វៀតណាមចំពោះអាស៊ាន។ ភរិយាលោកអគ្គលេខាបក្ស និងភរិយានាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានការផ្លាស់ប្តូរគ្នាយ៉ាងជិតស្និទ្ធអំពីការអភិវឌ្ឍស្ត្រីក្នុងប្រទេសទាំងពីរ។

លោកអគ្គលេខាបក្ស To Lam និងលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីមបានឯកភាពដំឡើងទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីទៅជាភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយបានចេញសេចក្តីថ្លែងការណ៍រួមអំពីរឿងនេះ ដោយអះអាងការប្តេជ្ញាចិត្តគាំទ្រគ្នាទៅវិញទៅមកលើមាគ៌ាអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។ បច្ចុប្បន្ន វៀតណាម និងម៉ាឡេស៊ី គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតែមួយគត់របស់គ្នាទៅវិញទៅមកនៅអាស៊ីអាគ្នេយ៍។ ការបង្កើតក្របខ័ណ្ឌនេះ បានជួយបង្កើតមូលដ្ឋានគ្រឹះ និងទិសដៅសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងយុគសម័យថ្មី ដោយមានសសរស្តម្ភសំខាន់ៗចំនួនបួន៖ ជំរុញកិច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ និងសន្តិសុខ; ការពង្រឹងការតភ្ជាប់សេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព; បើកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាការធ្វើបរិវត្តកម្មឌីជីថល ថាមពលស្អាត និងបច្ចេកវិទ្យាថ្មី; ពង្រឹងការសម្របសម្រួលលើបញ្ហាអន្តរជាតិ និងពហុភាគី។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពនៃប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងស្ថានភាពអន្តរជាតិ និងបានឯកភាពជាឯកច្ឆ័ន្ទថា វៀតណាម និងម៉ាឡេស៊ីចែករំលែកភាពស្រដៀងគ្នាជាច្រើនអំពីប្រវត្តិសាស្ត្រ វប្បធម៌ គោលដៅ និងរួមដំណើរការអភិវឌ្ឍ។ អាស្រ័យហេតុនេះ ពង្រឹងការយោគយល់គ្នាទៅវិញទៅមក ពង្រឹងទំនុកចិត្តនផ្នែកយោបាយរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយធំៗនៅប្រទេសម៉ាឡេស៊ី។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលគ្នាដើម្បីកសាងសហគមន៍អាស៊ានដែលរួបរួម ស្អិតរមួត និងវិបុលភាព។ លោកអគ្គលេខាបក្ស To Lam បានអះអាងថា វៀតណាមគាំទ្រយ៉ាងសកម្មដល់ម៉ាឡេស៊ី ដើម្បីបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥ ដោយជោគជ័យ។

ថ្នាក់ដឹកនាំម៉ាឡេស៊ីបានសម្តែងនូវក្តីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ ការកោតសរសើរចំពោះការតស៊ូរបស់វៀតណាមដើម្បីឯករាជ្យជាតិ និងកោតសរសើរចំពោះការយកឈ្នះលើការលំបាកក្រោយសង្គ្រាមរបស់វៀតណាម ដែលសម្រេចបាននូវសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំខាន់ៗ។ លោកអគ្គលេខាបក្ស To Lam បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍដ៏គួរអោយចាប់អារម្មណ៍របស់ម៉ាឡេស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ទូលំទូលាយក្នុងសម័យកាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម។ លោកអគ្គលេខាបក្ស To Lam ក៏បានពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍របស់ប្រទេស និងទិសដៅសំខាន់នៃយុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជនវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរក៏បានអះអាងនូវសារៈសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត មិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់កម្លាំងយោធា និងដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

មតិសាធារណៈ និងសារព័ត៌មានម៉ាឡេស៊ីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ច ជាពិសេសប្រទេសទាំងពីរដំឡើងទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលនេះបញ្ជាក់ថា វាជាការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លទ្ធផលនៃដំណើរទស្សនកិច្ចនេះគឺមានសារៈសំខាន់សម្រាប់ភាគីទាំងពីរក្នុងការបន្តលើកកម្ពស់សក្ដានុពលកិច្ចសហប្រតិបត្តិការ ទាញយកប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក រួមចំណែកក្នុងការពង្រឹងបរិយាកាសសន្តិភាព និងអំណោយផលសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងអំពីទិសដៅនាពេលអនាគតដើម្បីពង្រីកលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ច?

លោក Le Hoai Trung៖ ដោយទទួលបានលទ្ធផលយ៉ាងស៊ីជម្រៅ និងជាក់ស្តែងនៃដំណើរទស្សនកិច្ច ជាពិសេសការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ភារកិច្ចដំបូងរបស់ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរគឺត្រូវអនុវត្តបានជាក់ស្តែងក្របខណ្ឌទំនាក់ទំនងថ្មីឱ្យបានឆាប់ កសាងផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ; ពិនិត្យ និងជំរុញកិច្ចព្រមព្រៀងសហប្រតិបត្តិការចាំបាច់ ដើម្បីបង្កើតយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

ទីពីរ ដោយផ្អែកលើផែនការនោះ ក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងបង្កើតកម្មវិធីជាក់លាក់ក្នុងពេលឆាប់ៗនេះ។ បន្តជំរុញវិស័យសហប្រតិបត្តិការជាប្រពៃណី ទន្ទឹមនឹងការយកចិត្តទុកដាក់លើខ្លឹមសារថ្មី និងវិស័យថ្មីៗ ដូចជាសេដ្ឋកិច្ចបៃតង នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល ថាមពលបៃតង ...។

ទីបី ស្ថាប័នពាក់ព័ន្ធពិនិត្យឡើងវិញ ជំរុញ និងត្រួតពិនិត្យការអនុវត្តផែនការ និងកម្មវិធីទាំងនោះ ដើម្បីឲ្យកិច្ចព្រមព្រៀងនានាអាចពង្រីកប្រសិទ្ធភាព និងបំរើល្អបំផុតសម្រាប់គោលដៅអភិវឌ្ឍន៍នៃប្រទេសទាំងពីរក្នុងរយៈពេលថ្មី។

ទីបួន ថ្នាក់ដឹកនាំរដ្ឋាភិបាល ក៏ដូចជាគណបក្សនយោបាយធំៗ និងសម្ព័ន្ធកាន់អំណាចម៉ាឡេស៊ី សុទ្ធតែបានសម្តែងនូវមនោសញ្ចេតនាល្អពិសេសចំពោះប្រទេស ប្រជាជនវៀតណាម និងលោកអគ្គលេខាបក្ស To Lam ។ ខ្ញុំសង្ឃឹមថា ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរ ការចែករំលែក និងការផ្លាស់ប្តូរនៅលើបណ្តាញបក្ស រដ្ឋ និងប្រជាជន ដើម្បីជំរុញ និងអភិវឌ្ឍមនោសញ្ចេតនាទាំងនោះដោយឥតឈប់ឈរ ពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំយូរអង្វែងសម្រាប់ការអភិវឌ្ឍខ្លាំងក្លានៃទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលថ្មី។

បកប្រែដោយ Duy Hoan