លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក
កប.អនឡាញ - នៅថ្ងៃទី ៨ ខែតុលា លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកស្តីពីការប្រែប្រួលអាកាសធាតុ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋបាលប្រធានាធិបតី Joe Biden ក្នុងការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ពិភពលោកដើម្បីឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ។ នេះគឺជាបញ្ហាសកលដែលទាមទារឱ្យមានវិធីសាស្រ្តសកល។ ក្នុងនាមជាប្រទេសមួយដែលមានឆ្នេរសមុទ្រលាតសន្ធឹងនិងជាតំបន់ដីសណ្តទាប វៀតណាមបានយល់ច្បាស់អំពីហានិភ័យនិងបញ្ហាប្រឈមដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ទោះបីជាការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតងនៅតែប្រឈមមុខនឹងការលំបាកជាច្រើនបន្ទាប់ពីឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ វៀតណាមបន្ដប្ដេជ្ញាចិត្ដយ៉ាងខ្លាំងសម្រាប់ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅកិច្ចសន្ទនាតាមទូរស័ព្ទ (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើភាគីសហរដ្ឋអាមេរិកបន្តបង្កើនកាជួយរគាំទ្រវៀតណាមក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម ជាពិសេសការកម្ចាត់ជាតិពុល dioxin, តាមរយៈនោះ រួមចំណែកដល់ការសម្អាតបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម។
លោកបេសកជនពិសេស John Kerry អះអាងថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ លោក John Kerry បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយមានបំណងចង់ឲ្យវៀតណាមលើកកម្ពស់តួនាទីរបស់ខ្លួនបន្ថែមទៀតក្នុងការឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុនៅលើពិភពលោក។ លោក John Kerry បាននិយាយថា វៀតណាមមានគុណសម្បត្តិនិងសក្តានុពលយ៉ាងធំធេងក្នុងការអភិវឌ្ឍថាមពលស្អាត និងកកើតឡើងវិញ (វារីអគ្គិសនី ថាមពលឧស្ម័ន ថាមពលខ្យល់និងថាមពលព្រះអាទិត្យ) ព្រមទាំងបានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រ និងត្រៀមខ្លួនជួយគាំទ្រវៀតណាមក្លាយជាប្រទេសឈានមុខគេក្នុងតំបន់លើវិស័យបច្ចេកវិទ្យាថាមពលស្អាត និងកកើតឡើងវិញដោយគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្ដែង។
ឆ្ពោះទៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៦) នៅខែវិច្ឆិកា ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្ដទៅនៅចក្រភពអង់គ្លេស ខាងមុខនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកបេសកជនពិសេស John Kerry ចាត់ទុកថា សហគមន៍អន្តរជាតិត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ដែលក្នុងនោះជួយគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍សម្រាប់ផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យានិងសមត្ថភាព ក្នុងស្មារតីនៃការយោគយល់គ្នា ប្តេជ្ញាចិត្តនិងជួយគ្នាទៅវិញទៅមកដើម្បីសម្រេចបានគោលដៅនូវការកំណត់កើនឡើងកំដៅផែនដីត្រឹម ១.៥ អង្សាសេ៕
បកប្រែដោយ Pham Diep