leftcenterrightdel
ទិដ្ឋភាពនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ដវៀតណាម 

មហាសន្និបាតមានសេចក្តីសោមនស្សរីករាយដោយទទួលបានសារលិខិតជូនពរចំនួន ២១៥ នៃគណបក្សនយោបាយចំនួន ១០៥ អង្គការក្នុងតំបន់ និងអន្ដរជាតិចំនួន ៤ អង្គការមិត្ដភាពចំនួន ៧៦ អង្គទូតចំនួន ១៥ និងបុគ្គលចំនួន ១៥ មកពីប្រទេសជាតិចំនួន ៧៩ ប្រទេស ជូនចំពោះមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ដវៀតណាម ដែលក្នុងនោះមានសារលិខិតជូនពរជូនចំពោះមហាសន្និបាតលើកទី ១៣ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ សារលិខិតមានខ្លឹមសារដូចតទៅ៖

គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាសូមសម្ដែងជូនចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមដែលប្រព្រឹត្ដទៅនាចុងខែមករា ឆ្នាំ ២០២១ នេះ នូវអំណរសាទយ៉ាងកក់ក្ដៅជាទីបំផុត។

គណបក្សប្រជាជនកម្ពុជា សូមវាយតម្លៃ និងកោតសរសើរដោយស្មោះចំពោះស្នាដៃដ៏ធំធេងលើគ្រប់វិស័យដែលបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់បក្សកុម្មុយនិស្ដវៀតណាម ដែលមានលោក Nguyen Phu Trong ជាប្រមុខដ៏ឆ្នើម ជាពិសេសការអនុវត្ដប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្ដរបស់មហាសន្និបាតលើកទី ១២ របស់បក្សកុម្មុយនិស្ដវៀតណាមបានធ្វើឲ្យប្រទេសវៀតណាមរីកចម្រើនលើគ្រប់វិស័យ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានលក្ខណៈប្រសើរឡើង និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្ដរជាតិកាន់តែត្រូវបានលើកកម្ពស់ជាបន្ដបន្ទាប់។

យើងខ្ញុំសូមសំដែងនូវការពេញចិត្ដលើការរីកចម្រើនដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្ដិការគ្រប់ជ្រុងជ្រោយរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកកាន់តែទូលំទូលាយ និងស៊ីជម្រៅ ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្ដភាពជាប្រពៃណី កិច្ចសហប្រតិបត្ដិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែង។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្នូរនេះ យើងខ្ញុំសូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម សូមប្រព្រឹត្ដទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាដ៏ត្រចះត្រចង់។

សូមជូនពរឲ្យទំនាក់ទំនង សមាគ្គីភាព មិត្ដភាពជាប្រពៃណី និងកិច្ចសហប្រតិបត្ដិការគ្រប់ជ្រុងជ្រោយរវាងគណបក្ស រដ្ឋាភិបាលនិងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែរីកចម្រើនរឹងមាំជាលំដាប់៕

បកប្រែដោយ Pham Diep