លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់សមាគមមេធាវីសហព័ន្ធរុស្ស៊ី និងសមាគមមេធាវីវៀតណាមក្នុងរយៈពេលកន្លងមក។  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងការជួយឧបត្ថម្ភដែលប្រជាជននៃសហភាពសូវៀត និងរុស្ស៊ីបានផ្តល់ជូនវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា វៀតណាមជានិច្ចកាលគោរព និងមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហព័ន្ធរុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Sergey Stepashin ប្រធានសមាគមមេធាវីសហព័ន្ធរុស្ស៊ី (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ លុបបំបាត់ការលំបាកក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ក្នុងស្មារតីនៃផលប្រយោជន៍ប្រកបដោយសុខដុមរមនា និងចែករំលែកហានិភ័យ; ជំរុញកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍រវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការអប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរនិស្សិតលើវិស័យវិទ្យាសាស្ត្រមូលដ្ឋាន កិច្ចសហប្រតិបត្តិការវប្បធម៌-សិល្បៈ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ការតភ្ជាប់អាកាសចរណ៍។ល។

ស្តីពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលនៅវេទិកាពហុភាគី ដើម្បីរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

លោក Sergey Stepashin ប្រធានសមាគមមេធាវីសហព័ន្ធរុស្ស៊ី បានអះអាងថា រុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ។ លោកនឹងរាយការណ៍អំពីខ្លឹមសារដែលបានពិភាក្សាក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ជាមួយថ្នាក់ដឹកនាំ និងស្ថាប័នមានសមត្ថកិច្ចនៃភាគីរុស្ស៊ី។ លោក Sergey Stepashin បានអះអាងថា លោកនឹងបន្តរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យ និងខ្លឹមសារដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង៕

បកប្រែដោយ Huyen Trang