ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីនៅកម្ពុជាក្នុងសម័យសង្គ្រាមមាតុភូមិនិវត្តន៍
កប.អនឡាញ - នៅល្ងាចថ្ងៃទី១០ ខែធ្នូ នៅច្រកទ្វារព្រំដែនអន្តរជាតិ Xa Mat វៀតណាម គណៈកម្មាធិការដឹកនាំការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីខេត្ត Tay Ninh (គណៈកម្មាធិការ ៥១៥) បានរៀបចំពិធីទទួលអដ្ឋិធាតុយុទ្ធជនពលី និងរាល់ក្រុម K70, K71 និង K73 ត្រឡប់មកមាតុភូមិវិញ ដោយបញ្ចប់ដំណាក់កាលដំបូងនៃការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនដែលបានពលីនៅកម្ពុជាក្នុងសម័យសង្គ្រាម (រដូវប្រាំង ២០២៥-២០២៦)។
ក្នុងរយៈពេលជាង ៣៤ ថ្ងៃនៃការស្វែងរក និងការប្រមូលនៅកម្ពុជា (ចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥) ក្រុមការងារនានាស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ១៨០ ដែលក្នុងនោះក្រុម K70 ប្រមូលអដ្ឋិធាតុបានចំនួន ១៦, ក្រុម K71 ប្រមូលអដ្ឋិធាតុបានចំនួន ១៤០ និងក្រុម K73 ប្រមូលអដ្ឋិធាតុបានចំនួន ២៤។
នៅក្នុងបរិយាកាសដ៏ឧឡារិកនៃពិធីនេះ គណៈប្រតិភូទាំងអស់បានគោរពរំលឹក និងសម្តែងក្តីដឹងគុណយ៉ាងជ្រាលជ្រៅដល់វីរៈជននៃប្រទេសជាតិវៀតណាម ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន បូជាដើម្បីបុព្វហេតុឯករាជ្យជាតិ និងការបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។
    |
 |
|
ពិធីទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីនៅកម្ពុជាក្នុងសម័យសង្គ្រាម នៅច្រកទ្វារព្រំដែនអន្តរជាតិសាម៉ាត់ (រូបថត៖ vnanet.vn) |
លោកវរសេនីយ៍ឯក Nguyen Duc Thuan ប្រធានក្រុម K71 បាននិយាយថា អនុវត្តតាមផែនការដឹកនាំរបស់គណៈកម្មាធិការដឹកនាំ៥១៥ ស្តីពីការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីនៅកម្ពុជាក្នុងសម័យសង្គ្រាម ដំណាក់កាលទី ២៥ (រដូវប្រាំង ២០២៥-២០២៦) នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការដឹកនាំ៥១៥ បានរៀបចំពិធីចេញដំណើរសម្រាប់រាល់ក្រុមការងារ ដោយបានប្រគល់ភារកិច្ចដល់បណ្តាក្រុមការងារស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជាយ៉ាងហ្មត់ចត់ផងដែរ។ ជាក់ស្តែងគឺ ក្រុម K70 ស្វែងរកអដ្ឋិធាតុយុទ្ធជនចំនួន ៩៥ នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ។ ក្រុម K71 ស្វែងរកអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧២ នៅក្នុងខេត្តសៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ។ រីឯក្រុម K73 ស្វែងរកអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៦ នៅក្នុងខេត្តព្រៃវែង បាត់ដំបង និងប៉ៃលិន។
ក្នុងអំឡុងពេលបំពេញបេសកកម្មនៅលើទឹកដីប្រទេសមិត្ត កម្មាភិបាល យុទ្ធជននៃក្រុមការងារនានាតែងតែប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយយកឈ្នះលើការលំបាកទាំងអស់ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងការពារសន្តិសុខ និងកម្លាំងណែនាំនៃអង្គភាពភាគីមិត្ត និងប្រជាជនក្នុងតំបន់ផងដែរ។ ក្រុមការងារទាំងនេះបានរួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានធ្វើការយ៉ាងល្អក្នុងកិច្ចការចលនាមហាជន ផ្តល់ជំនួយខាងសម្ភារៈ រៀបចំការពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដល់ប្រជាជននៅក្នុងតំបន់ដែលអង្គភាពឈរជើង និងកន្លែងដែលប្រព្រឹត្តទៅការស្វែងរកអដ្ឋិធាតុយុទ្ធជនពលី។ តាមរយៈនោះ ក្រុមការងារទទួលបានការគាំទ្រ និងជំនួយពីអាជ្ញាធរដែនដី និងប្រជាជននៅក្នុងតំបន់ផងដែរ។ ក្រុមការងារទាំងនេះបានបំពេញភារកិច្ចទាំងអស់ដោយជោគជ័យ រួមចំណែកដល់ការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
លោកវរសេនីយ៍ឯក Nguyen Minh Tuan អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត និងជាអនុប្រធានគណៈកម្មាធិការដឹកនាំ ៥១៥ ខេត្ត Tay Ninh បានសរសើរចំពោះស្មារតីទទួលខុសត្រូវ និងសមិទ្ធផលរបស់ក្រុមការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជាលើកទី ១ ដំណាក់កាលទី ២៥ (រដូវប្រាំង ២០២៥-២០២៦)។
នៅពេលបញ្ចប់លើកទី ១ នៃដំណាក់កាលទី ២៥ និងត្រឡប់ទៅប្រទេសវៀតណាមវិញ លោកវរសេនីយ៍ឯក Nguyen Minh Tan បានស្នើសុំឲ្យប្រធាននៃក្រុមការងារនានាឱ្យសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធដើម្បីបញ្ចប់នីតិវិធីសម្រាប់ការប្រគល់អដ្ឋិធាតុយុទ្ធជនតាមបទប្បញ្ញត្តិ និងជួយគណៈកម្មាធិការដឹកនាំ ៥១៥ ក្នុងការរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីឱ្យបានហ្មត់ចត់ ត្រឹមត្រូវ។
លោកវរសេនីយ៍ឯក Nguyen Minh Tan បានឱ្យដឹងថា ការស្វែងរក និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមពិតជាកិច្ចការនយោបាយដ៏មានអត្ថន័យ និងថ្លៃថ្នូរ ដែលឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីគោលការណ៍សីលធម៌ និងប្រពៃណី "ផឹកទឹក នឹកប្រភព" និងបង្ហាញពីការដឹងគុណ និងសងគុណ ដែលបក្ស និងរដ្ឋយកចិត្តទុកដាក់ជានិច្ច។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយសារការសម្របសម្រួល និងជំនួយពីគ្រប់លំដាប់ថ្នាក់ ប្រព័ន្ធនយោបាយ មូលដ្ឋាន និងមិត្តភក្តិអន្តរជាតិ ក្រុមស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីនៅក្នុងប្រទេសកម្ពុជាកាលពីសម័យសង្គ្រាម ប្រការនេះបានបង្ហាញពីឆន្ទៈនយោបាយខ្ពស់ និងការទទួលខុសត្រូវដ៏ធំធេង ក្នុងការបំពេញកាតព្វកិច្ចអស់ពីចិត្ត រួបរួមគ្នាក្នុងការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនដែលបានពលីកាលពីសម័យសង្គ្រាមឱ្យមាតុភូមិនិវត្តន៍៕
បកប្រែដោយ Minh Trung