ក្រុម K73 ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១១ អដ្ឋិធាតុនៅកម្ពុជា
កប.អនឡាញ - នៅថ្ងៃទី ១ ខែធ្នូ លោកវរសេនីយ៍ឯកបំរុង Tran Hung Cuong ប្រធាននយោបាយនៃក្រុម K73 (បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh) មានប្រសាសន៍ថា ក្នុងដំណើរការបំពេញបេសកកម្មរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជិវិតនៅកម្ពុជា អង្គភាពនេះបានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១១ អដិ្ឋធាតុនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ដំណើរការរុករកអដ្ឋិធាតុយុទ្ធជនពលីរបស់ក្រុម K73 នៅខេត្តបាត់ដំបងបានអនុវត្តក្នុងស្ថានភាពលំបាកខ្លាំង។ ភូមិសាស្រ្តព្រៃភ្នំស្មុគស្មាញ អាកាសធាតុមិនអំណោយផល ធ្វើឱ្យការងាររុករកជួបប្រទះនឹងឧបសគ្គជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ដោយមានឆន្ទៈមុតមាំ និងស្មារតីទទួលខុសត្រូវខ្ពស់ កម្មាភិបាល និងយុទ្ធជននៃក្រុម K73 បានតស៊ូ ខិតខំប្រឹងប្រែង បំពេញល្អភារកិច្ចដែលបានប្រគល់ជូន។
    |
 |
|
ក្រុម K73 ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង |
ក្នុងអំឡុងពេលបំពេញបេសកកម្ម អង្គភាពទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងប្រជាជនក្នុងតំបន់។ សាក្សីវ័យចំណាស់ជាច្រើនបានផ្តល់ព័ត៌មានដ៏មានតម្លៃអំពីសមរភូមិចាស់ និងកន្លែងបញ្ចុះសពកងទ័ពស្ម័គ្រចិត្តវៀតណាម។ ដោយផ្អែកលើព័ត៌មាននេះ ក្រុម K73 បានរៀបចំការស្រាវជ្រាវ កំណត់ទីតាំង និងដាក់ពង្រាយការរុករកនៅក្នុងតំបន់នីមួយៗយ៉ាងហ្មត់ចត់។
អដ្ឋិធាតុនីមួយៗដែលប្រមូលបានគឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្មាភិបាល យុទ្ធជននៃក្រុម K73។ រហូតមកដល់ពេលនេះ អដ្ឋិធាតុយុទ្ធជនពលីចំនួន ១១ អដ្ឋិធាតុត្រូវបានក្រុម K73 នាំយកមករក្សាទុកនៅក្នុងបរិវេណអង្គភាពឈរជើង ធានាភាពឧឡារិក អនុវត្តយ៉ាងពេញលេញនូវការថែរក្សា និងរក្សាទុកឯកសារតាមបទប្បញ្ញត្តិ។
ដំណើរធ្វើមាតុភូមិនិវត្តន៍យុទ្ធជនពលីនៅតែត្រូវបានក្រុម K73 អនុវត្តដោយមានការទទួលខុសត្រូវខ្ពស់ រួមចំណែកដល់ការថែរក្សា និងលើកកម្ពស់ប្រពៃណីសីលធម៌ដ៏ល្អរបស់ប្រជាជនវៀតណាម៕
បកប្រែដោយ Duy Hoan