ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃគណៈកម្មការជំនាញនៃបណ្ដាខេត្តរបស់ព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Tay Ninh បានពិភាក្សា និងចុះហត្ថលេខាលើផែនការសហការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដំណាក់កាលទី២៤។

លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា លោកនឹងបន្តដឹកនាំបណ្ដាអង្គភាពនៅក្នុងខេត្តបន្ទាយមានជ័យ សហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងដំណាក់កាលទី២៤ នៃខេត្ត Tay Ninh ដើម្បីសម្រេចបានលទ្ធផលល្អបំផុត។

leftcenterrightdel
ការចុះហត្ថលេខាលើផែនការសហការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងដំណាក់កាលទី២៤ (រូបថត៖ vnanet.vn)

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក៏បានវាយតម្លៃថា អង្គភាពទាំងឡាយតែងតែសហការយ៉ាងជិតស្និទ្ធក្នុងការបំពេញភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជានាពេលកន្លងមក។ នាពេលខាងមុខ អាជ្ញាធរ កងទ័ព និងប្រជាជនកម្ពុជានិយាយរួម និងខេត្តសៀមរាបនិយាយដោយឡែក នឹងបន្តសហការជាមួយរដ្ឋាភិបាលវៀតណាម និងខេត្ត Tay Ninh ដើម្បីបំពេញភារកិច្ចនេះ។

លោក Nguyen Hong Thanh អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយអនុវត្តគោលនយោបាយរបស់បក្ស រដ្ឋ និងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Tay Ninh និងគណៈកម្មការជំនាញនៃខេត្តចំនួន ៥ នៃប្រទេសកម្ពុជាបានសហការយ៉ាងសកម្ម ដើម្បីបំពេញភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាម នៅកម្ពុជា។

ពីឆ្នាំ ២០០១ ដល់ឆ្នាំ២០២៤ ក្រុម K៧០ ចំនួនពីរ (យោធភូមិភាគទី៧) និងក្រុម K៧១ (បញ្ជាការដ្ឋានយោធភូមិភាគខេត្ត Tay Ninh) បានស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជាចំនួន ៥,២៤៣ អដ្ឋិធាតុ។

តាងនាមគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh និងគ្រួសារយុទ្ធជនពលី លោក Nguyen Hong Thanh បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏មានតម្លៃរបស់អង្គភាព បុគ្គល និងប្រជាជនកម្ពុជាដែលផ្ដល់ព័ត៌មាន និងណែនាំអំពីកំណត់អត្តសញ្ញាណ និងទីកន្លែងបញ្ចុះសពរបស់យុទ្ធជនពលី។

leftcenterrightdel
គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh ចុះហត្ថលេខាលើផែនការសហការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងដំណាក់កាលទី២៤ (រដូវប្រាំង ២០២៤ - ២០២៥) ជាមួយគណៈកម្មការជំនាញនៃខេត្តចំនួន ៥ នៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vnanet.vn)

នៅឆ្នាំ២០២៤ គណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Tay Ninh បានដឹកនាំ និងណែនាំឲ្យក្រុម K៧០ និងក្រុម K៧១ រក្សាប្រពៃណីល្អរបស់កងទ័ពប្រជាជនវៀតណាម អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយសាមគ្គីជាតិ សាមគ្គីអន្តរជាតិរបស់បក្ស និងរដ្ឋវៀតណាម គោរពទំនៀមទម្លាប់ និងប្រពៃណីរបស់ប្រជាជនកម្ពុជា ធ្វើឲ្យបានល្អនូវកិច្ចការចលនាមហាជននៅតាមមូលដ្ឋានឈរជើង ទៅសួរសុខទុក្ខនិងផ្តល់អំណោយ ជួយប្រជាជនប្រមូលផល ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា ផ្សព្វផ្សាយនិងចលនាប្រជាពលរដ្ឋផ្តល់ព័ត៌មានទាក់ទងនឹងផ្នូរយុទ្ធជនពលី និងបង្កើតលក្ខខណ្ឌអំណោយផលដល់កងកម្លាំងក្រុម K៧០ និង K៧១ ក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។

ក្នុងដំណាក់កាលទី២៤ (រដូវប្រាំង ២០២៤ - ២០២៥) គណៈកម្មការលេខ ៥១៥ ខេត្ត Tay Ninh បានប្រគល់ភារកិច្ចឲ្យក្រុម K៧០ និង K៧១ ស្រាវជ្រាវ និងប្រមូលនៅក្នុងខេត្តចំនួន ៥ របស់ប្រទេសកម្ពុជា ក្នុងដំណាក់កាលចំនួន២។ ក្នុងនោះ ដំណាក់កាលទី១ គឺចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ ដំណាក់កាលទី ២ គឺចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៥៕

បកប្រែដោយ Thanh Cong