ការប្រណាំងទូក ង “ផ្សព្វផ្សាយអត្តសញ្ញាណ តភ្ជាប់សហគមន៍”
កប.អនឡាញ - ការប្រណាំងទូក ង លើព្រែក Nhieu Loc - Thi Nghe (សង្កាត់ Xuan Hoa) គឺជាព្រឹត្តិការណ៍វប្បធម៌ និងកីឡាដ៏ទាក់ទាញអារម្មណ៍សម្រាប់ប្រជាជនទីក្រុងហូជីមិញ។ អ្វីដែលនៅសល់បន្ទាប់ពីការរៀបចំនីមួយៗមិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ថែមទាំងជាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិ ដែលត្រូវបានផ្សព្វផ្សាយ និងលើកកម្ពស់នៅក្នុងតំបន់ទីក្រុងដ៏ស្វាហាប់ទៀតផង។
បន្ទាប់ពីជោគជ័យរបស់ការរៀបចំ ២ លើកពីមុនមក តាមរយៈសំណើរបស់មន្ទីរវប្បធម៌ និងកីឡា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានចេញឯកសារសម្រាប់សកម្មភាពវប្បធម៌ និងកីឡានេះឱ្យមានឈ្មោះថ្មីជាផ្លូវការថា “ការប្រណាំងទូក ងសម្រាប់ពានរង្វាន់ Xuan Hoa បើកទូលាយឆ្នាំ២០២៥” ក្រោមប្រធានបទ “ផ្សព្វផ្សាយអត្តសញ្ញាណ តភ្ជាប់សហគមន៍”។
ចាប់ពីឆ្នាំនេះតទៅ សកម្មភាពនេះនឹងត្រូវបានផ្តល់កិត្តិយសជាផ្លូវការក្នុងការដាក់បញ្ចូលក្នុងសកម្មភាពនៃពិធីបុណ្យទន្លេទីក្រុងហូជីមិញប្រចាំឆ្នាំ។
    |
 |
|
ក្រុមនានាតែងតែបង្កើតរូបភាពដ៏ទាក់ទាញ សម្រាប់អ្នកគាំទ្រក្នុងការទស្សនាការប្រណាំង (រូបថត៖ nhandan.vn) |
នេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយដើម្បីបន្តផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីនៃកីឡានេះ។ យោងតាមមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ តម្លៃដែលពិធីបុណ្យនេះបានអនុវត្ត គឺស្របទាំងស្រុងជាមួយនឹងសារៈសំខាន់ជាយុទ្ធសាស្ត្រនៃពិធីបុណ្យទន្លេទីក្រុងហូជីមិញ។
ជាពិសេស កត្តានៃការរួមបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងបេតិកភណ្ឌ ទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ពិធីបុណ្យទាំងអស់មានគោលបំណងលើកតម្កើង និងផ្សព្វផ្សាយរបៀបរស់នៅ បេតិកភណ្ឌ និងវប្បធម៌ទន្លេដ៏វិសេសវិសាលរបស់ទីក្រុងហូជីមិញ និងតំបន់ភាគខាងត្បូង។
ការប្រណាំងទូក ង រួមជាមួយនឹងព្រឹត្តិការណ៍ជាច្រើនទៀត បានរួមចំណែកដល់ការប្រែអត្តសញ្ញាណនៃទីក្រុងទន្លេរបស់ទីក្រុងហូជីមិញក្លាយទៅជាផលិតផលទេសចរណ៍ថ្មីដ៏ទាក់ទាញ ព្រមទាំងជាចំណុចប្រសព្វវប្បធម៌ និងពាណិជ្ជកម្មឈានមុខគេនៅក្នុងតំបន់ ដែលរួមចំណែកដល់ការជំរុញទេសចរណ៍ ជាពិសេសទេសចរណ៍តាមផ្លូវទឹក។
ពិធីបុណ្យទន្លេទីក្រុងហូជីមិញនិយាយរួម និង “ការប្រណាំងទូក ង សម្រាប់ពានរង្វាន់ Xuan Hoa បើកទូលាយឆ្នាំ២០២៥” និយាយដោយឡែក រួមចំណែកលើកកម្ពស់រូបភាពទីក្រុងហូជីមិញជាគោលដៅទេសចរណ៍វប្បធម៌-ពិធីបុណ្យឈានមុខគេនៅក្នុងតំបន់ ដោយបង្ហាញពីចក្ខុវិស័យប្រកបដោយចីរភាព និងវិជ្ជាជីវៈក្នុងការអភិវឌ្ឍទេសចរណ៍។
យោងតាមគណៈកម្មាធិការប្រជាជនសង្កាត់ Xuan Hoa ការប្រណាំងទូក ង គឺជាសកម្មភាពមួយដើម្បីលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅភាគខាងត្បូង។ ទន្ទឹមនឹងនោះ ការប្រណាំងនេះត្រូវបានចាត់ទុកថាជាសកម្មភាពវប្បធម៌-កីឡាគំរូមួយនៅក្នុងលំហវប្បធម៌ទន្លេនៅកណ្តាលទីក្រុងហូជីមិញ។
ការប្រណាំងនៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែវិច្ឆិកា នៅលើព្រែក Nhieu Loc - Thi Nghe (នៅក្នុងសង្កាត់ Xuan Hoa និង Nhieu Loc)។ លោក Nguyen Hung Hau ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Xuan Hoa បានមានប្រសាសន៍ថា៖ “ពិធីបុណ្យឆ្នាំនេះមិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ និងកីឡាប៉ុណ្ណោះទេ ថែមទាំងជាស្ពានដ៏រឹងមាំមួយ ដែលបញ្ជាក់ពីភាពចម្រុះ និងសាមគ្គីភាពរបស់បណ្តាជនជាតិដែលរស់នៅ និងធ្វើការនៅក្នុងទីក្រុងហូជីមិញ។
ពិធីបុណ្យឆ្នាំនេះទាក់ទាញក្រុមទូក ង ចំនួន ១៨ ក្រុមមកពីខេត្ត និងទីក្រុងនានាក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ជាមួយនឹងប្រពៃណីនៃការប្រណាំងទូក ង។ ការប្រណាំងនឹងអនុវត្តប្រព័ន្ធកំណត់ពេលវេលាអេឡិចត្រូនិច និងប្រើប្រាស់ឧបករណ៍ flycam ដើម្បីតាមដាន និងថតផ្លូវប្រណាំង ធានាបាននូវភាពត្រឹមត្រូវ និងបង្កើនការឆ្លងកាត់បទពិសោធន៍ សម្រាប់ទស្សនិកជន៕
បកប្រែដោយ Huyen Trang