ប្រជុំកោះ Cat Ba មានកោះធំ និងតូច ប្រហែល ៣៦៧ កោះ ដែលក្នុងនោះ កោះ Cat Ba គឺជាកន្លែងទាក់ទាញទេសចរណ៍ខ្លាំងបំផុត។ ត្រូវបានចាត់ទុក​ជាកោះពេជ្រ នៃឈូងសមុទ្រតុងកឹង កោះ Cat Ba មានសោភ័ណភាពស្អាតដែល​ត្រូវបានធម្មជាតិប្រទានអោយ ជាមួយនឹងឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់ ភ្នំថ្មកំបោរធំទូលាយ និងប្រព័ន្ធអេកូឡូស៊ីរុក្ខជាតិ និងសត្វចម្រុះ។

leftcenterrightdel
ឈូងសមុទ្រ Lan Ha គឺជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតមួយនៅ Cat Ba (រូប​ថត៖ baoquocte.vn)

មកទស្សនា Cat Ba មានកន្លែងដ៏ទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ជាច្រើនកំពុងរង់ចាំទទួលភ្ញៀវធ្វើដំណើរមកស្វែងយល់ និងសាកល្បង។ ក្រៅពីឆ្នេរដ៏រ៉ូមែនទិកដ៏ស្រស់ស្អាត ឧទ្យានជាតិ Cat Ba ក៏ជាគោលដៅដែលមិនគួររំលងផងដែរ។ ភ្ញៀវទេសចរនឹងគយគន់ព្រៃឈើពណ៌បៃតងចាស់ ស្រូបបរិយាកាសបរិសុទ្ធ និងអាកាសធាតុត្រជាក់។ មិនត្រឹមតែប៉ុណ្ណោះ ឧទ្យានជាតិ Cat Ba មានប្រព័ន្ធជីវចម្រុះ ជាមួយនឹងរុក្ខជាតិ និងប្រភេទសត្វចម្រុះ រួមទាំងសត្វស្វាកម្រផងដែរ។

ឈូងសមុទ្រដ៏ស្រស់ស្អាតបំផុតមួយនៅ Cat Ba គឺឈូងសមុទ្រ Lan Ha ដែលមានសម្រស់សុខសន្តិភាពនៃឋានសួគ៌។ ឈូងសមុទ្រ Lan Ha នៅតែរក្សាបានភាពដើម ព្រោះភ្ញៀវទេសចរអន្តរជាតិមិនទាន់ស្គាល់កន្លែងនេះនៅឡើយ។ ប្រសិនបើអ្នកកំពុងស្វែងរកកន្លែងស្ងប់ស្ងាត់ សូមមកទីនេះ សម្របខ្លួនជាមួយធម្មជាតិ សម្រាកលំហែកាយនៅក្នុងខ្យល់សមុទ្រដ៏ត្រជាក់ ឬស្វែងរកទីតាំងថតរូបដ៏អស្ចារ្យ។

លើសពីនេះ មានកន្លែងនានាដូចជា ល្អាង Trung Trang ល្អាង Quan Y ភូមិនេសាទបុរាណ Cai Beo កំពែង Than Cong សុទ្ធតែផ្តល់ជូនភ្ញៀវនូវអារម្មណ៍សប្បាយរីករាយ និងវិសេសវិសាលនៅ Cat Ba។

ក្រៅពី Cat Ba គោលដៅចំនួន ៩ ផ្សេងទៀត ក៏ត្រូវបានផ្តល់អនុសាន៍ដោយក្រុមហ៊ុន Microsoft Travel រួមមាន ម៉ាល់ឌីវ អូសាកា (ជប៉ុន) ព្រះសីហនុ (កម្ពុជា) អែលនីដូ និងបូរ៉ាកា (ហ្វីលីពីន) ភូកេត (ថៃ) បាលី ពូឡូនូសា ប៉េនីដា និងកូម៉ូដូ (ឥណ្ឌូនេស៊ី)៕

បកប្រែដោយ Duy Hoan