វៀតណាមចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនៅប្រទេសអាល្លឺម៉ង់
កប.អនឡាញ - នាថ្ងៃទី ២៨ ខែកុម្ភៈ អគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែមីនា វៀតណាមនឹងចូលរួមពិព័រណ៍ ITB 2023 នៅមជ្ឈមណ្ឌលពិព័រណ៍ Berlin Expo Center City (ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់)។
នៅទីនេះ ស្ដង់វៀតណាមមានប្រធានបទ "ការតភ្ជាប់ឡើងវិញ" បន្ទាប់ពីអាក់ខានដោយសារជំងឺ COVID-19។ ផ្នែកទេសចរណ៍វៀតណាមនឹងផ្តល់អាទិភាពលើការតភ្ជាប់ឡើងវិញជាមួយទីផ្សារដៃគូ ភ្ញៀវទេសចរ សាធារណៈជនក្នុងប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប ព្រមទាំងផ្សព្វផ្សាយគោលដៅទេសចរណ៍វៀតណាមដែលត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាមួយនឹងផលិតផល សេវាកម្មទាក់ទាញអារម្មណ៍ជាច្រើន ស្របតាមនិន្នាការទីផ្សារក្នុងបរិបទថ្មី។
    |
 |
ស្តង់វៀតណាមទាក់ទាញភ្ញៀវអាល្លឺម៉ង់ និងភ្ញៀវអន្តរជាតិជាច្រើននៅក្នុងពិព័រណ៍ ITB ឆ្នាំ២០១៩ (រូបថត៖ vnanet.vn) |
ក្រៅពីកម្មវិធីផ្លូវការ ផ្នែកទេសចរណ៍វៀតណាមក៏បានជួបជាមួយស្ថាប័ន អង្គភាព និងដៃគូយុទ្ធសាស្ត្រមួយចំនួននៅអាល្លឺម៉ង់ ក៏ដូចជាតំបន់អឺរ៉ុបផងដែរ។ ទន្ទឹមនឹងនោះ ក៏ចូលរួមកម្មវិធីផ្លាស់ប្ដូរពាណិជ្ជកម្មដើម្បីបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការដែលទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរនិងប្រព័ន្ធផ្សព្វផ្សាយ។
នៅថ្ងៃនេះផងដែរ អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា ភ្ញៀវអន្តរជាតិទៅកាន់ប្រទេសវៀតណាមក្នុងខែកុម្ភៈ សម្រេចបាន ៩៣៣,០០០ នាក់ កើនឡើង ៧.១% ធៀបនឹងខែមុន និងច្រើនជាង ៣១.៦ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមបានកើនឡើងជាង ១.៨ លាននាក់ ពោលគឺកើនឡើង ៣៦.៦ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
បកប្រែដោយ Thuy Anh