វប្បធម៌វៀតណាមត្រូវបានណែនាំនៅលើប៉ុស្តិ៍ទូរទស្សន៍ផ្សាយជាភាសាអារ៉ាប់នៅអាល់ហ្សេរី
កប.អនឡាញ - យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអាល់ហ្សេរី នាយប់ថ្ងៃទី ១៩ កុម្ភៈ ប៉ុស្តិ៍ទូរទស្សន៍ឌីជីថលផ្សាយជាភាសាអារ៉ាប់នៅអាល់ហ្សេរី Jeel Dz TV បានផ្សាយបទយកការណ៍រយៈពេលមួយម៉ោងស្តីពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងអាល់ហ្សេរីនិងវៀតណាម ក៏ដូចជាការណែនាំអំពីវប្បធម៌ រម្មណីយដ្ឋាន ទំនៀមទម្លាប់ ... របស់វៀតណាមទៅកាន់ទស្សនិកជនអាល់ហ្សេរី និងសហគមន៍និយាយភាសាអារ៉ាប់។
បទយកការណ៍នេះត្រូវបានធ្វើឡើងដោយប៉ុស្តិ៍ទូរទស្សន៍ Jeel Dz TV នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៣ ដោយមានការគាំទ្រពីស្ថានទូតវៀតណាមប្រចាំអាល់ហ្សេរី។
    |
 |
អ្នកទេសចរទៅទស្សនារូងភ្នំក្នុងបណ្តុំរម្មណីយដ្ឋាន Trang An ខេត្ដ Ninh Binh (រូបថត៖ vnanet.vn) |
បទយកការណ៍មួយនេះបានណែនាំអំពីអាវផាយ ស្គរ ឧបករណ៍ភ្លេងជាតិវៀតណាម ទំនៀមទម្លាប់នៃថ្ងៃបុណ្យធំៗក្នុងឆ្នាំ រម្មណីយដ្ឋាននៅវៀតណាម និងវប្បធម៌ម្ហូបអាហារ ដូចជារបៀបធ្វើណែម, របៀបចុងកាហ្វេបែបវៀតណាមជាដើម....។
ក្នុងបទយការណ៍នេះ លោក Nguyen Thanh Vinh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាល់ហ្សេរី បាននិយាយអំពីភាពស្រដៀងគ្នានិងទំនាក់ទំនងប្រពៃណីល្អរវាងប្រទេសទាំងពីរ ជាពិសេសសង្កត់ធ្ងន់ទៅលើចលនារៀនក្បាច់គុនបុរាណវៀតណាមនៅអាល់ហ្សេរី ដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយក្លាយជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងទ្វេភាគី។
ប៉ុស្តិ៍ទូរទស្សន៍ Jeel Dz TV គឺជាប៉ុស្តិ៍ទូរទស្សន៍ផ្សាយព័ត៌មានឌីជីថលដែលផ្តោតលើការអភិវឌ្ឍ និងផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធអុីនធឺណែត និងបណ្តាញសង្គមដូចជា YouTube, Tiktok, Facebook និង Instagram ផងដែរ៕
បកប្រែដោយ Pham Diep