leftcenterrightdel
សម្រស់ស្អាតនៃភូមិ Munui នៅកូរ៉េខាងត្បូង (រូបថត៖ KTO)

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូងបានកើនឡើងយ៉ាងឆាប់រហ័ស។ អត្រាកំណើនរបស់ភ្ញៀវទេសចរកូរ៉េខាងត្បូងនៅវៀតណាមក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នាគឺគួរឱ្យចាប់អារម្មណ៍ណាស់។ ប្រសិនបើក្នុងឆ្នាំ ២០១៦ វៀតណាមទទួលភ្ញៀវទេសចរកូរ៉េខាងត្បូងបានប្រមាណ ១.៥ លាននាក់ នៅឆ្នាំ ២០១៨ ចំនួននេះបានកើនឡើងដល់ ៣.៥ លាននាក់ ហើយនៅឆ្នាំ ២០១៩ ឈានដល់ ៤.៣ លាននាក់។ ជាពិសេសនៅខែមករា ឆ្នាំ២០១៩ កូរ៉េខាងត្បូងបានវ៉ាដាច់ប្រទេសចិនជាលើកដំបូងដែលក្លាយជាប្រទេសដែលមានភ្ញៀវទេសចរច្រើនជាងគេទៅកាន់ប្រទេសវៀតណាម។ នៅដើមឆ្នាំ ២០២០ ទោះបីមានឥទ្ធិពលពីការរីករាលដាលនៃ Covid-19 ក្តីប៉ុន្តែចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូងមកវៀតណាមនៅតែមានចំនួនគួរឱ្យចាប់អារម្មណ៍គឺ ៤៦៨ ពាន់នាក់ កើនឡើង ១០% បើប្រៀបធៀបនឹងខែធ្នូ ឆ្នាំ២០១៩។ ក្នុងទិសដៅផ្ទុយទៅវិញ អ្នកទេសចរវៀតណាម ដែលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងក៏បានកើនឡើងផងដែរ។ មិនត្រឹមតែរក្សាបានរឹងមាំនូវជំហររបស់ខ្លួនជាទីផ្សារដែលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងកំណើនភ្ញៀវទេសចរខ្ពស់ប៉ុណ្ណោះទេ វៀតណាមក៏បានក្លាយជាទីផ្សារសំខាន់សម្រាប់ទេសចរណ៍កូរ៉េខាងត្បូងផងដែរ។

តួលេខសម្រាប់តែប្រទេសវៀតណាមដែលជាប្រទេសមួយក្នុងចំណោមប្រទេសរាប់រយផ្សេងទៀតនៅលើពិភពលោក បានបង្ហាញពីការខូចខាតធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង។ ជាពិសេសបន្ទាប់ពីការផ្ទុះឡើងយ៉ាងខ្លាំងក្លានៃ Covid-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់ពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ ដោយពេលខ្លះមានចំនួនអ្នកឆ្លងវីរុស SARS-CoV-2 ជាប់លំដាប់ទី ២ លើពិភពលោក។ រាល់សកម្មភាពអាជីវកម្មត្រូវបានបញ្ឈប់ស្ទើរតែទាំងអស់។

ទោះបីមិនអាចទាក់ទាញទេសចរបរទេសបានទេ ប៉ុន្តែទេសចរណ៍កូរ៉េខាងត្បូងនៅតែបង្ហាញថាពួកគេមិនបំភ្លេចភ្ញៀវទេសចរឡើយ។ ដើម្បីជំរុញឡើងវិញនូវការសាកបទពិសោធន៍នៃការធ្វើដំណើរកម្សាន្តទៅប្រទេសកូរ៉េខាងត្បូងនោះ អគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូង (KTO) បានរៀបចំការប្រលង « Relive Your Korea Trip » (បកប្រែជា រស់ឡើងវិញ ដំណើរកម្សាន្តកូរ៉េខាងត្បូងរបស់អ្នក)។ ការប្រលងបើកទូលាយសំរាប់អ្នកទេសចរទាំងអស់ដែលធ្លាប់បានទៅប្រទេសកូរ៉េខាងត្បូងដោយមានរង្វាន់ចំនួន ៥០០ មានតំលៃជិត ៣ ពាន់លានដុង។ តំណាង KTO បាននិយាយថា “តាមរយៈការប្រលង គណៈកម្មការរៀបចំកម្មវិធីមានបំណងចង់បង្ហាញនូវរូបភាពនិងអារម្មណ៍ពិតប្រាកដបំផុតពីប្រទេសកូរ៉េខាងត្បូងដែលអ្នកទេសចរបានថតរូប ហើយចង់ផ្សព្វផ្សាយពីប្រទេសកូរ៉េខាងត្បូងមួយដែលអ្នកណាៗក៏អាចចូលមកកម្សាន្តបានដែរ។  បន្ទាប់ពីរោគរាតត្បាត Covid-19 នេះប្រទេសកូរ៉េខាងត្បូងកំពុងទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវទេសចរដើម្បីស្វែងរកបទពិសោធន៍ថ្មីៗនិងគួរឱ្យរំភើបបន្ថែមទៀត”។ វិធីដើម្បីចូលរួមគឺពិតជាសាមញ្ញ និងងាយស្រួលណាស់៖ ជំនួសឱ្យការមើលទូរទស្សន៍ ឬបើកអ៊ិនធឺរណែតពេញមួយថ្ងៃនោះ អ្នកទេសចរគ្រាន់តែស្វែងរករូបថតជាមួយនឹងអនុស្សាវរីយ៍ដែលពួកគេបានថតអំឡុងពេលធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ហើយជ្រើសរើសរូបថតដែលល្អបំផុត និងចែករំលែកនៅលើបណ្តាញសង្គមហើយបន្ទាប់មកភ្ជាប់តំណនៅលើគេហទំព័ររបស់ KTO តែប៉ុណ្ណោះ។ អ្វីៗដែលបន្តទៀតគឺរង់ចាំគណៈកម្មការរៀបចំប្រកាសផ្សាយរូបថត និងអត្ថបទល្អៗបំផុត ដែលបង្ហាញពីសម្រស់របស់កូរ៉េខាងត្បូង។

មិនត្រឹមតែជាការថ្លែងអំណរគុណចំពោះភ្ញៀវដែលបានទៅកម្សាន្តនៅប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ នេះក៏ជាមធ្យោបាយមួយសម្រាប់ប្រទេសមួយនេះ ផ្សព្វផ្សាយពីមុខមាត់របស់ខ្លួនប្រកបដោយប្រសិទ្ធភាពផងដែរ។ ពួកគេហាក់ដូចជាមិនធ្វើឱ្យអ្នកទេសចរភ្លេចប្រទេសរបស់ពួកគេក៏ដូចជារូបភាពស្រស់ស្អាតដែលភ្ញៀវទេសចរចូលចិត្តនៅពេលមកទីនេះទេ៕

បកប្រែដោយ Minh Trung