ពិធីបង្ហាញមុខសៀវភៅអំពីចំណងមិត្តភាពវៀតណាម-គុយបា
កប.អនឡាញ - នៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងហាណូយ គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ Su That សហការជាមួយស្ថានទូតគុយបាប្រចាំនៅវៀតណាម បានរៀបចំពិធីបង្ហាញមុខសៀវភៅ "រយៈពេល ៦៥ ឆ្នាំនៃការពូនជ្រំចំណងមិត្តភាពស្មោះត្រង់ និងជាគំរូរវាងវៀតណាម និងគុយបា"។
សៀវភៅនេះបានប្រមូលឯកសារ និងរូបភាពដ៏មានតម្លៃជាច្រើន រួមមានផ្នែកសំខាន់ៗចំនួនបី។ ផ្នែកទីមួយ៖ លោកប្រធានហូជីមិញ - លោកប្រធាន Fidel Castro៖ អ្នកបង្កើតមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងវៀតណាម-គុយបា; ផ្នែកទីពីរ៖ រយៈពេល ៦៥ ឆ្នាំនៃទំនាក់ទំនងមិត្តភាពវៀតណាម-គុយបា ទំនាក់ទំនងសាមគ្គីភាពពិសេស និងជាគំរូ; ផ្នែកទីបី៖ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំវៀតណាម-គុយបា។
នៅក្នុងពិធី លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Trong Lam នាយក និងជាអគ្គនិពន្ធនាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ Su That បានចាត់ទុកថា សៀវភៅនេះរួមចំណែកដល់ការផ្ដល់ព័ត៌មាន និងការផ្សព្វផ្សាយអំពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបា។ សៀវភៅនេះអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ឲ្យគោរព រក្សា និងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងពិសេស ជាគំរូ និងស្មោះត្រង់រវាងប្រជាជាតិទាំងពីរ។
    |
 |
|
លោក Rogelio Polanco Fuentes ថ្លែងក្នុងពីធី |
លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម បានអះអាងថា សៀវភៅនេះគឺជាការរួមចំណែកដល់ការរក្សាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ និងចំណងសាមគ្គីភាព មិត្តភាពពិសេសរវាងប្រជាជាតិទាំងពីរ ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ និងលោកប្រធាន Fidel Castro ហើយគឺជាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយក្នុងឱកាសខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងគុយបា។ សៀវភៅនេះបានបង្ហាញពីឯកសារ និងរូបភាពជាច្រើនអំពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ក៏ដូចជាការផ្លាស់ប្តូររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូតបានអបអរសាទរដល់គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ Su That ដែលចេញផ្សាយសៀវភៅនេះក្នុងឱកាសខួបដ៏សំខាន់នេះ ព្រមទាំងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគ្រឹះស្ថានបោះពុម្ពផ្សាយដែលបោះពុម្ពផ្សាយសៀវភៅស្តីពីប្រវត្តិសាស្ត្រ ទឹកដី និងមនុស្សគុយបា និងការបកប្រែ បោះពុម្ពស្នាដៃរបស់វៀតណាមទៅជាភាសាអេស្ប៉ាញ ដើម្បីផ្សព្វផ្សាយដល់អ្នកអានគុយបា៕
បកប្រែដោយ Thanh Cong