នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ខាងនយោបាយ សង្គម និងមនុស្សធម៌ ដែលបង្ហាញពីស្មារតី "ប្រទេសទាំងមូលឆ្ពោះទៅព្រំដែន ដើម្បីអនាគតរបស់ប្អូនៗជាកូនចៅរបស់បណ្តាជនជាតិ"។

កម្មវិធីនេះត្រូវបានផ្សាយបន្តផ្ទាល់ និងផ្សាយតាមអ៊ីនធឺណិតនៅទីតាំងចំនួន ១៣ កន្លែង។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាននៅទីតាំងសាលាអន្តេវាសិកអន្តរកម្រិតសាលាបឋមសិក្សា និងមធ្យមសិក្សា ឃុំ Yen Khuong ខេត្ត Thanh Hoa។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងពិធី

មានប្រសាសន៍នៅក្នុងពិធី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាមតែងតែចាត់ទុកការអប់រំនិងបណ្តុះបណ្តាលជាគោលនយោបាយចម្បង។ ការិយាល័យនយោបាយបានឯកភាព និងផ្តោតលើការដឹកនាំគោលនយោបាយវិនិយោគសាងសង់សាលាអន្តេវាសិកអន្តរកម្រិត ទាំងសាលាបឋមសិក្សា និងមធ្យមសិក្សា នៅតាមឃុំព្រំដែនគោកចំនួន ២៤៨ កន្លែង។

ដើម្បីធានាថា សាលារៀនថ្មីត្រូវបានដាក់ឲ្យដំណើរការ នៅឆ្នាំសិក្សាថ្មី ២០២៦-២០២៧ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងអប់រំនិងបណ្តុះបណ្តាល និងថ្នាក់ដឹកនាំមូលដ្ឋាន ចុះទៅការដ្ឋានសាងសង់ជាប្រចាំ ដោះស្រាយការលំបាក និងបញ្ហាជំពាក់ជំពិនឲ្យបានទាន់ពេលវេលា សាងសង់សាលារៀនដោយស្មារតីប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងខ្ពស់បំផុត - ទាំងអស់នេះសម្រាប់ជំនាន់សិក្សានុសិស្សជាទីស្រឡាញ់ សម្រាប់ការអភិវឌ្ឍជនជាតិភាគតិចនៅតំបន់ព្រំដែនដ៏ពិសិដ្ឋនៃមាតុភូមិ។

គិតត្រឹមថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ សាលាអន្តេវាសិកអន្តរកម្រិតទាំងបឋមសិក្សា និងមធ្យមសិក្សាចំនួន ២៨ ត្រូវបានចាប់ផ្តើមសាងសង់នៅតាមតំបន់ជាច្រើន ដូចជា៖ Cao Bang, Tuyen Quang, Lai Chau, Son La, Thanh Hoa, Nghe An, Quang Tri, Hue, Da Nang។ យោងតាមផែនការ សាលាអន្តេវាសិកអន្តរកម្រិត ចំនួន ១០០ កន្លែងនឹងត្រូវបានសាងសង់ថ្មី ឬជួសជុល ធ្វើឱ្យប្រសើរឡើង និងពង្រីកមុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦៕

បកប្រែដោយ Thanh Cong