បណ្តុះអក្សរ បង្ហោះសុបិន្តសម្រាប់ជនជាតិ Pa Co
កប.អនឡាញ - ក្នុងរយៈពេលកន្លងមក នៅស្រុកព្រំដែន Huong Hoa (ខេត្ត Quang Tri ភាគកណ្តាលវៀតណាម) កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Thanh កងទ័ពការពារព្រំដែនខេត្ត Quang Tri តែងតែសហការយ៉ាងសកម្មជាមួយស្ថាប័ន ផ្នែកគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន ដើម្បីនាំយកអក្សរដល់ជនជាតិ Pa Co ដាស់តឿនស្មារតីខិតខំកសាងអនាគតល្អជូនជនរួមជាតិ។
ដើម្បីជួយឱ្យបងប្អូនជនជាតិចេះអក្សរ និងលើកកម្ពស់ការយល់ដឹង ចាប់ពីដើមឆ្នាំ ២០២៣ មក ប៉ុស្តិ៍ការពារព្រំដែន Thanh បានសម្របសម្រួលជាមួយសមាគមសម្ព័ន្ធនារី និងសាលារៀនក្នុងឃុំព្រំដែនទាំងបីគឺ Thanh, Xy, និង Lia ដើម្បីបើកថ្នាក់លុបបំបាត់អនក្ខរកម្មជាច្រើន។ អ្នកចូលរួមក្នុងថ្នាក់ភាគច្រើនជាស្ត្រីជនជាតិភាគតិច Pa Co វ័យពី ២០ ទៅ ៥០ ឆ្នាំ - ដោយសារតែជួបការលំបាកនិងទំនៀមទម្លាប់ហួសសម័យ មិនអាចកាន់ប៊ិចឬទៅសាលារៀនបានទេ។
មកទល់បច្ចុប្បន្ននេះ ថ្នាក់បង្រៀនផ្ទាល់ដោយកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន Thanh ក្នុងឃុំ Thanh, Xy, និង Lia មានសិក្ខាកាមចូលរួមជិត១០០ នាក់។
|
|
ថ្នាក់លប់បំបាត់អនក្ខរកម្មមួយដែលរៀបចំដោយប៉ុស្តិ៍ការពារព្រំដែន Thanh នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ A Xing ឃុំ Lia (ស្រុក Huong Hoa ខេត្ត Quang Tri) នៅខែតុលា ឆ្នាំ ២០២៤ |
យោងតាមលោកវរសេនីយ៍ត្រី Nguyen Van Chinh អ្នកនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Thanh ដំបូងឡើយ នៅពេលដែលត្រូវបានលើកទឹកចិត្តឱ្យចូលរៀនមនុស្សជាច្រើននៅតែមានភាពរអែង។ ពួកគេខ្លាចកាន់ប៊ិច ខ្លាចមិនអាចរៀនបាន។ ប៉ុន្តែដោយមានក្តីអំណាត់ព្យាយាម និងការយកចិត្តទុកដាក់ពីកម្មាភិបាលនៃកងទ័ពការពារព្រំដែន និងគ្រូបង្រៀននៃសាលានានា បានដាស់តឿនទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់ប្រជាជនបន្តិចម្តងៗ។ ស្ត្រីដែលមិនចេះអក្សរ ហើយពីមុនគ្រាន់តែធ្វើស្រែចំការប៉ុណ្ណោះ តាមរយៈវគ្គសិក្សាឥឡូវនេះ បានចេះអាន ចេះសរសេរ បង្កើនការយល់ដឹងពីសង្គមបន្តិចម្តងៗ។ល។
កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនមិនត្រឹមតែបង្រៀនអក្សរប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលការបង្រៀន និងផ្សព្វផ្សាយអំពីប្រពៃណីប្រវត្តិសាស្ត្ររបស់ជនជាតិ និងមូលដ្ឋាន និងចំណេះដឹងផ្នែកច្បាប់ដែលមានប្រយោជន៍ និងជាក់ស្តែង ដោយហេតុនោះជួយឱ្យបងប្អូនជនជាតិកាន់តែមានមោទនភាពចំពោះមាតុភូមិ និងប្រទេសជាតិ ពង្រឹងសាមគ្គីភាព មនោសញ្ចេតនា និងបង្កើនការទទួលខុសត្រូវចំពោះសហគមន៍។
ថ្វីត្បិតតែឆ្នាំនេះមានអាយុជាង ៤០ ឆ្នាំក៏ដោយ ក៏អ្នកស្រី Ho Thi Bay នៅភូមិ A Ho ឃុំ Thanh នៅតែចង់រៀន។ អ្នកស្រី Bay បានចែករំលែកថា៖ «អាស្រ័យដោយមានក្តីស្រឡាញ់ជក់ចិត្តរបស់លោកគ្រូ អ្នកគ្រូ និងកម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន Thanh ដែលបានជួយយើងខ្ញុំរៀនបានអក្សរ។ ខ្ញុំនឹងខិតខំសិក្សា។ ការចេះអក្សរនឹងផ្តល់ឱកាសឱ្យទទួលបានចំណេះដឹងជាច្រើន ដើម្បីជួយគ្រួសារអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើជាគំរូដល់កូន ចៅឱ្យធ្វើតាម»។
ទន្ទឹមនឹងនោះ ប៉ុស្តិ៍ការពារព្រំដែន Thanh ក៏បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីឧបត្ថម្ភអប់រំផ្សេងៗទៀតដូចជា៖ “ជួយឧបត្ថម្ភកុមារទៅសាលារៀន” ទម្រង់ “កូនធម៌នៃកងទ័ពការពារព្រំដែន” ... បរិចាគប្រាក់បៀវត្សរ៍ដើម្បីជួយឧបត្ថម្ភថ្លៃសិក្សា ទិញសៀវភៅ កង់... ជួយសិស្សបន្តដំណើរសិក្សារបស់ពួកគេ។ លោកវរសេនីយ៍ឯក Ho Phu Vinh អនុប្រធាននយោបាយនៃកងទ័ពការព្រំដែនខេត្ត Quang Tri បានឲ្យដឹងថា៖ “ការអប់រំគឺជាមធ្យោបាយប្រកបដោយនិរន្តរភាពបំផុតដើម្បីផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន។ នៅពេលដែលប្រជាជនចេះអក្សរ និងមានចំណេះដឹង ពួកគេនឹងមានភាពជឿជាក់ និងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកសាងស្រុកកំណើតរបស់ពួកគេ។ ដូច្នេះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ កងកម្លាំងការពារព្រំដែនខេត្ត Quang Tri បានបើកថ្នាក់លុបបំបាត់អនក្ខរកម្នចំនួន ៩ ដល់សិក្ខាកាមជិត ៣០០ នាក់; លើកទឹកចិត្តសិស្សដែលចោលរៀនជិត ៧០០ នាក់ឱ្យត្រឡប់ទៅសាលាវិញ…”។
ថ្នាក់រៀនរៀបចំដោយប៉ុស្តិ៍ការពារព្រំដែន Thanh សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសាលារៀនដើម្បីលុបបំបាត់អនក្ខរកម្ននៅតំបន់ព្រំដែននៃស្រុក Huong Hoa មិនត្រឹមតែរួមចំណែកផ្លាស់ប្តូរជីវភាពរស់នៅរបស់ជនជាតិ Pa Co នៅទីនេះប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយស្មារតីសង្វាតរៀន និងឆន្ទៈក្នុងការខិតខំសម្រាប់សហគមន៍ទាំងមូលទៀតផង។ នេះក៏ជារបៀបដែលកងទ័ពការពារព្រំដែនកសាងប្រៀបប្រយុទ្ធដោយមានការគាំទ្រពីប្រជាជនរួមចំណែកការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពព្រំដែននៃមាតុភូមិ៕
បកប្រែដោយ Huyen Trang