វគ្គរៀនភាសាវៀតណាមត្រូវបានរៀបចំឡើងនៅទីក្រុង Osaka ប្រទេសជប៉ុន ដោយសាលាភាសាវៀតណាម Cay Tre (ដើមឫស្សី) សមាគមសម្ព័ន្ធនារីវៀតណាមប្រចាំតំបន់ Kansai សមាគមទំនាក់ទំនងជាមួយអាណិកជនវៀតណាមនៅឯបរទេស និងមហាវិទ្យាល័យភាសាបរទេស នៃសាកលវិទ្យាល័យជាតិហាណូយ។ ថ្នាក់រៀនមានការចូលរួមពីសិស្សជាង ១០០ នាក់ដែលមានអាយុពី ៥ ទៅ ១៤ ឆ្នាំក្នុងនោះ សិស្ស ៣០ នាក់ដែលសិក្សាដោយផ្ទាល់ និងសិស្ស ៧០ នាក់ដែលសិក្សាតាមអ៊ីនធឺណិត។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើក (រូបថត៖ vovworld.vn)

វគ្គរៀននេះត្រូវបានរៀបចំក្នុងបំណងជ្រោមជ្រែងគម្រោង "ទិវាលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេស" ដែលត្រូវបានរៀបចំឡើងនៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Osaka នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងលើកតម្កើងភាសាប្រទេសជាតិ រក្សា និងផ្សព្វផ្សាយភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស។

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីបើក លោក Ngo Trinh Ha អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំ គ្រូបង្រៀន និងមាតាបិតាសិស្សក្នុងការរៀបចំថ្នាក់នេះ។ ទន្ទឹមនឹងការរក្សាភាសាវៀតណាម ការផ្សព្វផ្សាយភាសាវៀតណាមក៏ជាការចាំបាច់នៅឯបរទេស ពីព្រោះភាសាវៀតណាមក៏រួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិដល់មិត្តអន្តរជាតិផងដែរ។ ជាពិសេស មិនត្រឹមតែជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជនបរទេសជាច្រើនមានបំណងរៀនភាសាវៀតណាម ដើម្បីមករស់នៅ និងធ្វើការនៅប្រទេសវៀតណាមផងដែរ។

លោក Sekoguchi ប្រធានការិយាល័យសិទ្ធិមនុស្ស និងវប្បធម៌នៃទីក្រុង Higashi Osaka បានអានលិខិតអបអរសាទរសាលាក្នុងនាមអភិបាលក្រុង Noda Yoshikazu។ ក្នុងលិខិតនោះ អភិបាលក្រុងបានសង្កត់ធ្ងន់ថា Higashi Osaka ស្រឡាញ់វៀតណាមខ្លាំងណាស់ ហើយនឹងរួមដំណើរជាមួយសាលាភាសាវៀតណាម Cay Tre៕

បកប្រែដោយ Thanh Cong