ស្ពានជួយផ្សព្វផ្សាយភាសាវៀតណាមនៅប្រទេសថៃ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅខេត្ត Udon Thani នាថ្ងៃទី ៩ ខែសីហា លោក Pham Viet Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ Rajabhat Udon Thani និងទៅទស្សនានៅមជ្ឈមណ្ឌលសិក្សាវៀតណាមដំបូងនៅប្រទេសថៃ នៅក្នុងបរិវេណសាលា។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំសាលា លោក Pham Viet Hung បានអបអរសាទរសាកលវិទ្យាល័យ Udon Thani អំពីសមិទ្ធិផលដ៏អស្ចារ្យរបស់សាលាបន្ទាប់ពីជាង ១០០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ ដោយជឿជាក់ថា សាលានឹងកាន់តែមានកិត្យានុភាព ចូលរួមចំណែកបណ្តុះបណ្តាលបញ្ញាជនថ្មីដើម្បីបម្រើការអភិវឌ្ឍ ជម្រុញឲ្យប្រទេសថៃក្លាយជាប្រទេសអភិវឌ្ឍឈានមុខគេក្នុងពិភពលោក។
|
|
លោក Pham Viet Hung ប្រគល់សៀវភៅរបស់លោក Nguyen Phu Trong អតីតអគ្គលេខាបក្សដល់មជ្ឈមណ្ឌលសិក្សាវៀតណាម (រូបថត៖ vnanet.vn) |
លោក Pham Viet Hung ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យ Udon Thani ដែលបានបង្កើត និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសិក្សាវៀតណាមនៅសាលា ដោយសង្ឃឹមថា សាលានឹងសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen ដើម្បីមជ្ឈមណ្ឌលសិក្សាវៀតណាមមានសកម្មភាពកាន់តែច្រើនថែមទៀត លើកកម្ពស់ការយល់ដឹងអំពីវៀតណាមសម្រាប់និស្សិត អ្នកស្រាវជ្រាវ ឬប្រជាជនថៃដែលចង់ស្វែងយល់បន្ថែមអំពីប្រទេសវៀតណាម។
បច្ចុប្បន្ននេះ និស្សិតវៀតណាមសរុបចំនួន ២១២ នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Udon Thani ក្នុងមុខជំនាញផ្សេងៗគ្នាជាច្រើន។ ជាពិសេស ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ សាលាបានបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមដំបូងនៅប្រទេសថៃ ក្នុងគោលបំណងសហការស្រាវជ្រាវ និងបណ្តុះបណ្តាលស៊ីជម្រៅអំពីវៀតណាម ផ្តល់ទិន្នន័យ និងចំណេះដឹងអំពីវៀតណាម ចូលរួមចំណែកលើកកម្ពស់ការយល់ដឹង និងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងថៃ និងវៀតណាម៕
បកប្រែដោយ Thanh Cong