ប្រទេសអាស៊ានទាំង១០ ចូលរួមការប្រឡងនិស្សិតជាមួយសុវត្ថិភាពព័ត៌មានអាស៊ានឆ្នាំ២០២៣
កប.អនឡាញ - នៅថ្ងៃទី ២៣ ខែតុលា គណៈកម្មការចាត់តាំងការប្រឡងនិស្សិតជាមួយសុវត្ថិភាពព័ត៌មានអាស៊ានឆ្នាំ២០២៣ បានឲ្យដឹងថា ឆ្នាំនេះជាលើកដំបូងដែលប្រទេសសមាជិកអាស៊ានទាំងអស់ (១០ ប្រទេស) មានក្រុមនិស្សិតចូលរួមក្នុងការប្រឡងនេះ។
ការប្រឡងឆ្នាំនេះត្រូវបានចែកជាពីរជុំ ហើយក្រុមទាំងឡាយកំពុងត្រៀមរៀបចំសម្រាប់ការប្រឡងចុងក្រោយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែតុលា។
សូមរំលឹកថា វគ្គជម្រុះបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែតុលា តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីក្រុមចំនួន២៣៣ (មានបេក្ខជនជិត ១០០០ នាក់) មកពីសាកលវិទ្យាល័យចំនួន៦៣ នៃប្រទេសសមាជិកអាស៊ានទាំង១០។ នេះគឺជាចំនួនក្រុម និងបេក្ខជនជាច្រើនបំផុតក្នុងប៉ុន្មានឆ្នាំកន្លងមក។
ការប្រឡងឆ្នាំ២០២៣ គឺជាលើកទី១៦ ដែលរៀបចំនៅប្រទេសវៀតណាម និងលើកទី៥ ដែលបើកចំហសម្រាប់និស្សិតអាស៊ានចូលរួម។ នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ប្រចាំឆ្នាំ "ទិវាសុវត្ថិភាពព័ត៌មានវៀតណាម" ឆ្នាំ២០២៣។ ការប្រឡងនេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវចំពោះសុវត្ថិភាពព័ត៌មាននៅគ្រឹះស្ថានឧត្តមសិក្សា និងបណ្តុះបណ្តាល។ ទន្ទឹមនឹងនោះ ជំរុញចលនាស្រាវជ្រាវ សិក្សា ផ្លាស់ប្តូរបទពិសោធន៍ ធ្វើបច្ចុប្បន្នភាពបច្ចេកវិជ្ជាទំនើបក្នុងវិស័យសុវត្ថិភាពព័ត៌មាន។
ការប្រឡងនិស្សិតជាមួយសន្តិសុខព័ត៌មានអាស៊ាន ក៏មានបំណងស្វែងរកអ្នកមានទេពកោសល្យក្នុងវិស័យសុវត្ថិភាពព័ត៌មាន ជំរុញការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពល្អក្នុងវិស័យសុវត្ថិភាពព័ត៌មាន និងបង្កើនការផ្លាស់ប្តូរចំណេះដឹងរវាងនិស្សិតសាកលវិទ្យាល័យ និងវិទ្យាស្ថានបច្ចេកទេសក្នុងប្រទេសសមាជិកអាស៊ាន៕
បកប្រែដោយ Thuy Anh