“សិស្ស” ពិសេសៗ

ក្នុងនាមជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជិត ២០ នាក់ដែលចូលរួមក្នុងថ្នាក់អក្ខរកម្មដែលរៀបចំដោយសាលាបឋមសិក្សាលឹខ២ ឃុំ Muong Pon នៅភូមិ Huoi Chan 1 លោកស្រី Quang Thi Thom (អាយុ ៦១ ឆ្នាំ) ដែលត្រូវបានជ្រើសរើសជាប្រធានថ្នាក់ព្រោះគាត់មានវ័យចាស់ជាងគេ។ ខំសរសេរពាក្យនីមួយៗដោយយកចិត្តទុកដាក់ ទោះបីវាមិនទាន់បានស្អាតក្តី និងមិនត្រឹមត្រូវទាំងស្រុងក្តីក៏ វាជាសេចក្តីរីករាយយ៉ាងខ្លាំងបន្ទាប់ពី "ទៅសាលារៀន" អស់រយៈពេលជាងមួយខែ ជាមួយការឧស្សាហ៍ព្យាយាមនៃស្ត្រីម្នាក់ដែលមានកូន ៥ នាក់ហើយ។

លោកស្រី Thom ចែករំលែកថា កាលពីអ្នកស្រីនៅក្មេង គ្រួសាររបស់អ្នកស្រីមានជីវភាពជួបការលំបាក ហើយរស់នៅតំបន់ព្រំដែន ដូច្នេះអ្នកស្រីមិនមានឱកាសបានទៅរៀនទេ។ បន្ទាប់ពីរៀបការរួច អ្នកស្រីក៏មានពេលទៅសាលាដើម្បីលុបបំបាត់អនក្ខរកម្ម ប៉ុន្តែដោយសារតែមិនសូវប្រើភាសាជាតិទេបានជា ចំណេះដឹងនោះរលត់ទៅវិញជាបន្តិចម្តងៗ។ ដោយការមិនចេះអក្សរបានបង្កបញ្ហាជាច្រើនដល់អ្នកស្រី ឧទាហរណ៍ អ្នកស្រីមិនអាចសរសេរឈ្មោះបាន ឬរាល់ពេលដែលអ្នកស្រីត្រូវការចុះហត្ថលេខាលើឯកសារ អ្នកស្រីត្រូវពឹងឱ្យកូន និងចៅរបស់អ្នកស្រីបកប្រែវាឱ្យ ហើយអ្នកស្រីនឹងផ្តិតមេដៃ។

leftcenterrightdel
ការបង្រៀនភាសាវៀតណាមនៅថ្នាក់អក្ខរកម្មនៅសាលាភូមិ Huoi Chan 1 ឃុំ Muong Pon ស្រុក Dien Bien ខេត្ត Dien Bien 

"នៅពេលដែលខ្ញុំដឹងមានថ្នាក់លុបបំបាត់អក្ខរកម្មមួយត្រូវបានប្រារព្ធឡើងនៅក្នុងភូមិ ខ្ញុំគឺជាមនុស្សដំបូងគេដែលបានចុះឈ្មោះចូលរួមតែម្តង។ ខ្ញុំមិនចង់ "ទឹកថ្នាំក្រហមប្រឡាក់ដៃរហូត" ម្តងៗផ្តិតមេដៃទៀតទេ។ ឥឡូវនេះខ្ញុំអាចអាននិងសរសេរបានហើយ" អ្នកស្រី Thom និយាយដោយក្តីរំភើបចិត្ត។

តាមរយៈការស្រាវជ្រាវ យើងបានដឹងថា បច្ចុប្បន្ននៅភូមិ Huoi Chan 1 ប្រជាជនភាគច្រើនជាជនជាតិថៃ និងជនជាតិ Kho Mu។ អត្រាអក្ខរកម្មនៅក្នុងភូមិនៅតែមានកម្រិតខ្ពស់ដោយមានហេតុផលជាច្រើន ដែលបណ្តាលមកពីការយល់ដឹងរបស់ប្រជាជននៅមានកម្រិតក្នុងការសិក្សា និងមួយផ្នែកគឺដោយសារការមិនសូវជឿជាក់លើខ្លួនឯង ពីព្រោះពួកគេមិនចេះភាសាជាតិ។ ម្យ៉ាងវិញទៀត ជីវិតនៅមានជួបការលំបាកបានជាមនុស្សជាច្រើនមិនអាចមានលទ្ធភាពចូលរៀនថ្នាក់អក្ខរកម្មបានឡើយ។ ប្រឈមមុខនឹងស្ថានភាពខាងលើ សាលាបឋមសិក្សាលេខ២ ឃុំ Muong Pon បានបើកថ្នាក់អក្ខរកម្ម ដោយមានគោលដៅជួយប្រជាជនឱ្យស្គាល់អក្ខរក្រម រៀនផ្សំពាក្យ ចេះគណនាលេខ និងចេះប្រាស្រ័យទាក់ទងគ្នាដោយភាសាជាតិ។ ទន្ទឹមនឹងនោះ បានដាក់បញ្ចូលទាំងការងារផ្សព្វផ្សាយអំពីគោលនយោបាយ និងសេចក្តីណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ចំណេះដឹង និងបទពិសោធន៍ ក្នុងសកម្មភាពផលិតកម្ម ក៏ដូចជាក្នុងជីវភាពសង្គម។

ដោយកាន់ខ្មៅដៃដោយដៃដែលធ្លាប់តែធ្វើការនៅស្រែចម្ការប៉ុណ្ណោះ អ្នកស្រី Ca Thi Thien (អាយុ ៤២ ឆ្នាំ) បាននិយាយថា គាត់មិនអាចលាក់អារម្មណ៍របស់ខ្លួនបានទេ នៅពេលដែលគាត់អាចសរសេរឈ្មោះរបស់ខ្លួន និងសមាជិកគ្រួសាររបស់គាត់បាន ក៏ដូចជាការចេះពីរបៀបធ្វើការគណនាជាមូលដ្ឋាន។ “ជាដំបូងឡើយ ខ្ញុំមានអារម្មណ៍អៀនព្រោះខ្ញុំចាស់ហើយទើបចូលសាលារៀនដូចកូន និងចៅរបស់ខ្ញុំ។ ពេលខ្ញុំចេះអក្សរ ខ្ញុំរៀនបានអ្វីថ្មីៗជាច្រើន ខ្ញុំរំភើបចិត្តខ្លាំងណាស់ ហើយគ្រាន់តែទន្ទឹងរង់ចាំចូលថ្នាក់រៀន”។

ការខិតខំប្រឹងប្រែងពីភាគីជាច្រើន

ជាការពិត ការបង្រៀនសិស្សក្នុងថ្នាក់អក្ខរកម្ម រំលេចចេញនូវបញ្ហាប្រឈមជាច្រើនសម្រាប់គ្រូៗ ព្រោះសិស្សទាំងអស់សុទ្ធតែចាស់ ដៃរឹង ហើយចេះនិយាយបានតែភាសាជនជាតិភាគតិច ដូច្នេះហើយការរៀន និងអនុវត្តនៅតែយឺត។ និយាយជាមួយយើង លោកស្រី Luong Thi Hien ទទួលបន្ទុកថ្នាក់អក្ខរកម្មនៅភូមិ Huoi Chan 1 បានមានប្រសាសន៍ថា៖ “ដើម្បីអាចណែនាំបងប្អូនឱ្យចេះអាន និងសរសេរបាន គឺទាមទារឱ្យលោកគ្រូ អ្នកគ្រូ មានការតស៊ូ អត់ធ្មត់យ៉ាងពិតប្រាកដ ទាំងការបង្រៀន និងការលើកទឹកចិត្ត។ ដើម្បីកុំឱ្យពួកគេបាក់ទឹកចិត្ត សូម្បីតែគ្រូៗក៏ត្រូវប្រើភាសាជនជាតិភាគតិច ដើម្បីពន្យល់ឃ្លាដែលសិស្សពិបាកយល់។

យោងតាមកាលវិភាគ ថ្នាក់ចាប់ផ្តើមពីម៉ោង ១១ ដល់ម៉ោង ១៣ និង ៥៥ នាទី ប៉ុន្តែតាមពិតវាតែងតែលើសពេលកំណត់ ព្រោះសិស្សជាច្រើននៅបន្តព្យាយាមសរសេរទាល់តែឱ្យចប់មេរៀន។ ដោយសារក្តីរំភើប និងអន្ទះអន្ទែងរបស់សិស្សបានជំរុញទឹកចិត្តគ្រូៗ និងសាលាឱ្យអនុវត្តបានល្អក្នុងការបង្រៀន”។

តាមរយៈការសង្កេតរបស់យើងខ្ញុំនៅសាលាភូមិ Huoi Chan 1 សិស្សដែលចូលរួមថ្នាក់អក្ខរកម្មមានការខំរៀនណាស់។ បញ្ជីរាយនាមនៃថ្នាក់រៀនផ្លូវការមានតែជិត ២០ នាក់ប៉ុណ្ណោះ ប៉ុន្តែពេលខ្លះមានរហូតដល់ ៣០ នាក់មករៀន។ ដើម្បីឱ្យមានការចូលរួមយ៉ាងច្រើនកុះករ និងឧស្សាហ៍ព្យាយាមរបស់ប្រជាពលរដ្ឋ នៅពេលប្រគល់ភារកិច្ចរៀបចំថ្នាក់រៀន លោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សាលេខ២ ឃុំ Muong Pon បានធ្វើការយ៉ាងសកម្មជាមួយកម្មាភិបាលឃុំ និងភូមិ ដើម្បីលើកកម្ពស់តួនាទីរបស់ព្រឹទ្ធាចារ្យភូមិ មេភូមិ។ ហើយមេក្រុមទៅផ្ទះមួយទៅផ្ទះមួយដើម្បីឃោសនា និងបញ្ចុះបញ្ចូលទៅរៀន។

“យើងផ្តោតលើភាពចាំបាច់នៃការចេះអក្សរ ក្នុងជីវិតប្រចាំថ្ងៃ ដើម្បីឃោសនាដល់បងប្អូន។ នៅពេលដែលយល់បានថា ការរៀនអក្សរគឺជាការចាំបាច់ បងប្អូនបានចុះឈ្មោះ និងឆ្លៀតពេលទៅសាលារៀនបានទាន់ពេលវេលា និងពេញលេញ” អ្នកស្រី Mac Thi Sam នាយកសាលាបឋមសិក្សាលេខ២ ឃុំ Muong Pon និយាយបានឱ្យដឹងថា។

បច្ចុប្បន្ននៅខេត្ត Dien Bien ចំនួនប្រជាជនដែលមានអាយុចន្លោះពី ១៥ ដល់ ៦០ ឆ្នាំ សម្រេចបានកម្រិត ១ នៃការចេះអក្សរ គឺមាន ៩៦.៨៨% និងកម្រិត ២ គឺ ៨៨.៣៩%។ ដោយការកំណត់ថា ការអប់រំជាសាកលជាគោលនយោបាយសំខាន់ក្នុងគោលបំណង “លើកកំពស់ចំណេះដឹងប្រជាជន បណ្តុះបណ្តាលធនធានមនុស្ស បណ្តុះទេពកោសល្យ” ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បានជំរុញការលុបបំបាត់អនក្ខរកម្ម ដែលជាហេតុរួមចំណែកដល់ការបង្កើនអត្រាអក្ខរកម្មយ៉ាងច្រើន៕

បកប្រែដោយ Minh Trung