រឿងក្នុងភូមិ៖ អ្នកស្រី Mua បានយល់ហើយ...
កប.អនឡាញ - អ្នកស្រី Mua ដឹងថា អាងស្តុកទឹកស្អាតកំពុងមានបញ្ហា ដោយសារដីភក់សម្រុកធ្លាក់ចូលពៀសពេញដែលបណ្តាលមកពីឧប្បត្តិហេតុបាក់ស្រុតដី។ ហើយថ្ងៃស្អែកនេះ ភូមិទាំងមូលនឹងធ្វើការរួមគ្នាសម្អាតអាងស្តុកទឹកស្អាតមួយនេះ និងរំដោះផ្លូវបង្ហូរទឹកនៅលើភ្នំ ដើម្បីកុំឱ្យទឹកភ្លៀងនាំដីភក់ និងថ្មធ្លាក់ចូលអាងទៀតទេ អ្នកស្រីគិតទុកថា គាត់នឹងចូលរួមជាមិនខានឡើយ...
ប៉ុន្មានថ្ងៃកន្លងមកនេះ ជារៀងរាល់រសៀល ពេលព្រះអាទិត្យលិចបន្តិចម្តងៗនៅខាងក្រោយភ្នំ មេភូមិ Giang A Sinh តែងទៅអាងទឹកស្អាតនេះ ហើយឃើញមនុស្សមមាញឹកយកទឹកមកប្រើប្រាស់ គាត់សប្បាយចិត្តណាស់។ ក្រឡេកទៅមើលពីចម្ងាយដោយគយគន់ទេសភាពភ្នំដ៏អស្ចារ្យនៃតំបន់ខ្ពង់រាបថ្មនៃស្រុកកំណើតរបស់ខ្លួន មេភូមិ Sinh កាន់តែមានក្តីរំភើបចិត្ត។
“អញ្ចឹងគឺ បំណងប្រាថ្នាតាំងពីយូរអង្វែងរបស់ប្រជាជនក្នុងភូមិបានសម្រេចហើយ។ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋក្នុងភូមិលែងមានកង្វល់រឿងខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃទៀតហើយ ជាពិសេសនារដូវប្រាំង…” លោក Sinh គិតក្នុងចិត្តបែបនេះ។
    |
 |
អាងស្តុកទឹកស្អាតមួយនៅតំបន់ភ្នំ (រូបភាពជាឧទាហរណ៍) |
រស់នៅតំបន់ភ្នំខ្ពស់ បន្ថែមពីលើការលំបាកនៃលក្ខណៈអាកាសធាតុ ផ្លូវគមនាគមន៍ និងធ្យោបាយធ្វើដំណើរមិនអំណោយផលទេ ប្រជាពលរដ្ឋជាង ៨០ គ្រួសារក្នុងភូមិលោក Giang A Sinh ក៏ប្រឈមមុខនឹងការលំបាកដោយសារខ្វះទឹកប្រើប្រាស់ថែមទៀត។ ដើម្បីមានទឹកសម្រាប់ហូបចុក និងប្រើប្រាស់ប្រចាំថ្ងៃ ប្រជាពលរដ្ឋត្រូវប្រមូលទឹកភ្លៀង ឬថ្មើជើងអស់កន្លះថ្ងៃដើម្បីស្វែងរកអូរ និងប្រភពទឹកពីជ្រោះ ហើយដឹកទឹកទៅផ្ទះ។ ក្នុងរដូវប្រាំង គ្រួសារជាច្រើនបង្ខំចិត្តត្រូវប្រើប្រាស់ទឹកគ្មានអនាម័យ បង្កជាជំងឺក្រពះពោះវៀន…
ស្វែងយល់ពីការលំបាក និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ រដ្ឋបានវិនិយោគលើការសាងសង់អាងស្តុកទឹកស្អាតមួយ ដោយមានសមត្ថភាពស្តុកទឹកបានជាង ៣០០០ ម៉ែត្រគុប។ ទឹកពីអាងត្រូវបាននាំមកតាមរយៈធុងចម្រោះ ធានាអនាម័យ។ តាំងពីអាងស្តុកទឹកត្រូវបានសាងសង់រួចមក ប្រជាជនក្នុងភូមិតែងតែប្រមូលគ្នាដងទឹកនៅពេលរសៀល បរិយាកាសមានភាពអ៊ូអរ និងសប្បាយរីករាយដូចពិធីបុណ្យអញ្ចឹងដែរ...
បន្ទាប់ពីមានភ្លៀងធ្លាក់ធ្ងន់មួយនាពេលព្រឹក ស្រាប់តែមានឧប្បត្តិហេតុភ្លៀងធ្លាក់ធ្ងន់ធ្វើឱ្យដីពីភ្នំស្រុតចុះហៀរចូលទៅក្នុងអាង។ នៅរសៀលថ្ងៃនោះ ពេលចុះទៅពិនិត្យស្ថានភាពនៅជំវិញអាងដើម្បីរកដំណោះស្រាយ មេភូមិ Giang A Sinh បានឃើញកូនៗរបស់អ្នកស្រី Mua កំពុងងុតទឹកនៅទីនេះ ហើយថែមទាំងលើកជើងចូលក្នុងអាងលេងទឹកខណៈអ្នកស្រី Mua ក៏កំពុងលាងបន្លែមួយចានក្លាំធំនៅទីនោះផងដែរ។
អ្នកស្រីដាក់ទាំងចានក្លាំនៅលើមាត់អាង រួចយកទឹកមកលាងបន្លែតែម្តង ទឹកលាងបន្លែ និងទឹកងូតទឹករបស់ក្មេងៗបានហូរចូលទៅក្នុងអាងទាំងអស់។ មេភូមិ Sinh មើលឃើញអញ្ចឹងក៏រត់មកយ៉ាងលឿន ហើយនិយាយខ្លាំងៗថា៖ “អ្នកណាឲ្យក្មួយៗងូតទឹកនៅទីនេះ? ហើយគាត់ស្តីទាំងអ្នកស្រី Mua ថែមទៀត ហេតុអ្វីបានជាអ្នកឯងលាងបន្លែនៅអាងបែបនេះ? តើអ្នកឯងមិនអានបទកំណត់ទេ?
ជាការពិតណាស់ អ្នកស្រី Mua ត្រូវបានទទួលការផ្សព្វផ្សាយជាច្រើនលើកច្រើនសារពីបទកំណត់ក្នុងការប្រើប្រាស់ទឹកអាងរួចហើយ ពោលគឺបទកំណត់បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋត្រូវបានអនុញ្ញាតឱ្យយកទឹកស្អាតពីខាងក្រោយធុងចម្រោះតែប៉ុណ្ណោះ ហើយហាមមិនអនុញ្ញាតឱ្យងូតទឹក លាង ឬ ធ្វើសកម្មភាពអ្វីៗនៅតំបន់អាងស្តុកទឹកស្អាតជាដាច់ខាតឡើយ។ ប៉ុន្តែថ្ងៃនេះ ដោយសាររវល់ជាមួយរឿងច្រើនទើបនាង "ឆ្លៀតឱកាស" ឱ្យកូនៗទៅងូតទឹក និងលាងបន្លែនៅអាងតែម្តង ចំណេញបានពេលវេលាដងទឹកទៅផ្ទះ។ ដោយដឹងថា ទង្វើខ្លួនគឺខុសហើយ អ្នកស្រី Mua បាននិយាយសូមទោសភ្លាមៗថា៖ “ខ្ញុំ...ខ្ញុំដឹងថាខ្ញុំមានកំហុស...ខ្ញុំសូមទោសហើយមិនធ្វើបែបនេះទៀតទេ”។
ដោយឃើញអ្នកស្រី Mua សារភាពកំហុសដោយអាកប្បកិរិយាដឹងកំហុសខ្លួនហើយ លោក Sinh វិភាគមួយៗថា៖ “អាងទឹកនេះជាគម្រោងស្តុកទឹកដ៏សំខាន់សម្រាប់បម្រើអ្នកភូមិ មានបទកំណត់ប្រើប្រាស់ច្បាស់លាស់ គ្រប់គ្នាយើងត្រូវតែទទួលខុសត្រូវការពារអាង។ មិនអនុញ្ញាតឱ្យងូតទឹក លាងចាន ឬធ្វើសកម្មភាពផ្សេងៗនៅអាងទេ ប៉ុន្តែអាចយកទឹកទៅផ្ទះ ដើម្បីជៀសវាងការបំពុលទឹក។ ការពារអាងទឹក គឺការពារសុខភាពយើងម្នាក់ៗ…”។
អ្នកស្រី Mua បានឮមេភូមិ Sinh និយាយ ហើយងក់ក្បាលជាបន្តបន្ទាប់។ អ្នកស្រីដឹងថាអាងទឹកកំពុងមានបញ្ហាដោយសារដីភក់ និងថ្មហៀរចូល ស្អែកនេះ តាមការជូនដំណឹងពីលោក Sinh អ្នកភូមិទាំងមូលនឹងធ្វើការរួមគ្នាសម្អាតអាងទឹក និងរំដោះផ្លូវបង្ហូរទឹកពីលើភ្នំ ដើម្បីឲ្យទឹកភ្លៀង និងដី និងថ្ម មិនធ្លាក់ចូលអាងទៀតឡើយ ហើយអ្នកស្រីពិតជានឹងចូលរួមធ្វើការជាមិនខានឡើយ...
បកប្រែដោយ Minh Trung