បច្ចុប្បន្ន អនុវិទ្យាល័យ Mon Son មានសិស្សានុសិស្សជនជាតិ Dan Lai ចំនួន ៧២ នាក់។ ដោយសារស្ថានភាពផ្លូវទៅមកឆ្ងាយដាច់ស្រយាល បានជា អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចបានយកចិត្តទុកដាក់សាងសង់អន្តេវាសិកដ្ឋាន និងផ្តល់ជំនួយស្បៀងអាហារ ១៨,០០០ ដុង/ថ្ងៃ សម្រាប់សិស្សម្នាក់ៗ។ ទោះជាយ៉ាងណាក៏ដោយ គ្រួសារសិស្សភាគច្រើនក្រីក្រ ដូច្នេះហើយជីវភាពរស់នៅរបស់ពួកគេជួបការលំបាកជាខ្លាំង។

ពីភាពជាក់ស្ដែងនេះ ប៉ុស្តិ៍ការពារព្រំដែន Mon Son បានអនុវត្តយ៉ាងសកម្មនូវទម្រង់ "រួមដំណើរជាមួយអន្តេវាសិកដ្ឋាននៅតំបន់ព្រំដែន" ដើម្បីជួយសិស្សានុសិស្ស។ អង្គភាពបានចាត់តាំងកម្មាភិបាលទទួលបន្ទុកប្រចាំតំបន់ផង និងតាមដាន រក្សាសណ្តាប់ធ្នាប់ និងជួយសម្រួលដល់ការរស់នៅ និងសិក្សារបស់សិស្សានុសិស្សនៅអន្តេវាសិកដ្ឋានផង។ ទន្ទឹមនឹងនោះ កងទ័ពក៏បានសហការជាមួយសាលាជួយសិស្សានុសិស្សក្នុងការសិក្សា ក្នុងជីវភាពរស់នៅ និងថែទាំសួនបន្លែ; រៀបចំសកម្មភាពកីឡា វប្បធម៌-សិល្បៈ; ផ្សព្វផ្សាយ និងអប់រំច្បាប់នៅអន្តេវាសិកដ្ឋាន។ល។

leftcenterrightdel
ប្រតិភូ និងសិស្សានុសិស្សក្នុងពិធីបង្ហាញមុខទម្រង់ "រួមដំណើរជាមួយអន្តេវាសិកដ្ឋាននៅតំបន់ព្រំដែន"

ជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ប៉ុស្តិ៍ការពារព្រំដែន Mon Son នៅផ្តល់ជំនួយសម្ភារៈសម្រាប់ការរស់នៅ និងការសិក្សា ព្រមទាំងផ្តល់រង្វាន់ដល់សិស្សានុសិស្សដែលមានស្នាដៃសិក្សាល្អ។ ប្អូន La Van An សិស្សថ្នាក់ទី 7A2 នៅភូមិ Co Phat ឃុំ Mon Son បានចែករំលែកថា៖ “គ្រួសារខ្ញុំជាគ្រួសារក្រីក្រមួយ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៩ មក ខ្ញុំបានទទួលការឧបត្ថម្ភពីពូៗកងទ័ពនៃប៉ុស្តិ៍ការពារព្រំដែន Mon Son តាមកម្មវិធី "កូនធម៌នៃប៉ុស្តិ៍ការពារព្រំដែន"។ ក្រៅពីជំនួយហិរញ្ញវត្ថុប្រចាំខែ ខ្ញុំក៏ទទួលបានការជួយឧបត្ថម្ភក្នុងការសិក្សាផងដែរ។ ខ្ញុំសប្បាយចិត្តណាស់ ដោយបានរស់នៅ និងសិក្សាតាមទម្រង់ "រួមដំណើរជាមួយអន្តេវាសិកដ្ឋាននៅតំបន់ព្រំដែន" ជាមួយនឹងសកម្មភាពមានផលប្រយោជន៍ ជាក់ស្តែងជាច្រើន។ ខ្ញុំនឹងខិតខំសិក្សាឱ្យបានល្អ ដើម្បីសក្តិសមនឹងការយកចិត្តទុកដាក់ពីពូៗកងទ័ព”។

លោក Luong Van Hoa ប្រធានគណៈកម្មាធិការប្រជាជនឃុំ Mon Son បានឲ្យដឹងថា៖ “ការបង្ហាញមុខទម្រង់ "រួមដំណើរជាមួយអន្តេវាសិកដ្ឋាននៅតំបន់ព្រំដែន" មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភសិស្សានុសិស្សជនជាតិ Dan Lai នៅអន្តេវាសិកដ្ឋាន ឲ្យមានជីវភាព និងការសិក្សាកាន់តែប្រសើរប៉ុណ្ណោះទេ ថែមទាំងបង្កើនចំណងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងកម្មាភិបាល និងយុទ្ធជនកងទ័ពការពារព្រំដែន ជាមួយប្រជាជនក្នុងមូលដ្ឋាន រួមចំណែកកសាងខឿនការពារព្រំដែនដោយប្រជាជនទាំងមូលឲ្យរឹងមាំនៅតំបន់ព្រំដែនខេត្ត Nghe An”៕

បកប្រែដោយ Huyen Trang