ស្វែងរកវិធីអភិរក្សចម្រៀងប្រជាប្រិយរបស់ជនជាតិភាគតិច
កប.អនឡាញ - វៀតណាមមានជនជាតិចំនួន ៥៤ រួមរស់ជាមួយគ្នា ដូច្នេះប្រទេសវៀតណាមយើងមានវប្បធម៌ដ៏សម្បូរបែប តែក៏មានអត្តសញ្ញាណផ្សេងៗពីគ្នាផងដែរ។ ចម្រៀងប្រជាប្រិយ និងរបាំប្រពៃណីរបស់ជនជាតិភាគតិច គឺជាប្រភេទនៃការសម្តែងប្រជាប្រិយមួយ ដែលប្រជាជនបានរក្សាទុកពីជំនាន់មួយទៅជំនាន់មួយ។ ទោះបីជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ ការធ្វើសមាហរណកម្មយ៉ាងខ្លាំងបាននាំមកនូវប្រភេទតន្ត្រីទំនើបថ្មីៗ និងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ដែលធ្វើឲ្យតន្ត្រីរបស់ជនជាតិភាគតិចប្រឈមមុខនឹងបញ្ហាជាច្រើន។
មកដល់ឃុំ Dai Son ស្រុក Van Yen ខេត្ត Yen Bai ប្រសិនបើសួរអំពីសិល្បករឆ្នើម Dang Nho Vuong ពោលគឺមានគេស្គាល់ច្រើនណាស់ ដោយសារគាត់មានចំណេះដឹង និងតែងតែចូលរួមយ៉ាងសកម្មក្នុងការបង្រៀនការច្រៀងចម្រៀង Pao dung ដល់ប្រជាជនក្នុងឃុំ។ យោងតាមសិល្បករ Dang Nho Vuong៖ កាលពីអតីតកាល ចម្រៀង Pao dung មានចរិតសាមញ្ញៗ ពេញនិយមហើយគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតរបស់ជនជាតិ Dao។ ទោះបីការច្រៀងចម្រៀង Pao dung មានសង្វាក់ភ្លេងជាច្រើនក្តី ប៉ុន្តែគេអាចបែងចែកជាពីរប្រភេទធំៗគឺ ចម្រៀង Pao dung សម្រាប់ពិធីជំនឿសាសនា និងចម្រៀង Pao dung សម្រាប់សកម្មភាពប្រចាំថ្ងៃ។
ចម្រៀង Pao dung សម្រាប់ពិធីជំនឿសាសនា ជាបទភ្លេងបុរាណ រួមទាំងបទចម្រៀងដែលប្រើក្នុងពិធីដូចជា ពិធីគោរពបូជា ពិធីមង្គលការ ថ្វាយបង្គំម្ចាស់ទឹកម្ចាស់ដី សែនថ្វាយឡើងចម្ការ... “បច្ចុប្បន្ន ប្រជាជនដែលស្រលាញ់ចម្រៀង Pao dung នៃជនជាតិ Dao ភាគច្រើនជាមនុស្សចាស់ៗ។ ចំនួនយុវជនចូលរួមមានកម្រិតណាស់។ នៅឃុំ Dai Son ដោយសារពីដំបូងមិនទាន់មានក្លឹបចម្រៀង Pao dung ទេ ដូច្នេះឱ្យតែដល់ពេលយប់ គឺយើងខ្ញុំតែងតែប្រមូលផ្តុំអ្នកដែលមានចំណូលចិត្តចំពោះសិល្បៈច្រៀងដើម្បីរៀន និងហាត់ច្រៀងបទចម្រៀងសម្រាប់កម្មវិធីសម្តែងសិល្បៈនៅក្នុងឃុំ ក្នុងស្រុក។ ថ្មីៗនេះ សហគមន៍ជនជាតិ Dao កាន់តែចាប់អារម្មណ៍លើការអភិរក្សវប្បធម៌ ប៉ុន្តែប្រសិនបើប្រជាជនមិនខិតខំប្រឹងប្រែង និងមិនមានការយកចិត្តទុកដាក់ពីរដ្ឋ និងអាជ្ញាធរដែនដីទេនោះ ចំនួនអ្នកចូលរួមនឹងសាបសូន្យជាបណ្តើរៗជាមិនខាន។
|
|
ការច្រៀងប្រជាប្រិយ Soong Co មួយនៅ Vinh Phuc |
ប្រសិនបើមនុស្សចាស់ៗដែលស្ទាត់ជំនាញក្នុងការច្រៀង Pao dung នោះក៏មិនចូលរួមយ៉ាងសកម្មទេ វានឹងពិបាករកបានអ្នកជួយបង្រៀនដល់ក្មេងជំនាន់ក្រោយណាស់ ហើយហានិភ័យនៃការសាបសូន្យគឺកាន់តែខ្ពស់ទៅៗ។
មិនត្រឹមតែចម្រៀង Pao dung ប៉ុណ្ណោះទេ ប្រភេទចម្រៀង Soong Co របស់ប្រជាជន San Diu ក៏កំពុងប្រឈមមុខនឹងការរស់បាត់ជាបណ្តើរៗដែរ។ នៅឃុំ Dao Tru (ស្រុក Tam Dao ខេត្ត Vinh Phuc) មានក្លឹប Soong Co ចំនួន ១៤ ក្លឹប ជាពិសេសគឺក្លឹបនៅភូមិ Vinh Ninh មានសមាជិកចូលរួមចំនួន ៣៥ នាក់ អ្នកចាស់ជាងគេគឺអាយុ ៦៥ ឆ្នាំ ក្មេងជាងគេគឺអាយុ ៣៥ ឆ្នាំ។ ក្លឹបនេះមានសកម្មភាពជាប្រចាំនៅថ្ងៃទី១៥ នៃរាល់ខែ ពោលគឺក្លឹបនឹងជួបជុំគ្នាហើយច្រៀងបទភ្លេងប្រពៃណីជាមួយគ្នា។ សិល្បករឆ្នើម Le Dai Nam ប្រធានក្លឹបផ្សារស្នេហាឃុំ Dao Tru ប្រធានក្រុមទំនាក់ទំនងនៃក្លឹបចម្រៀងប្រជាប្រិយ San Diu វៀតណាម បានចែករំលែកថា៖ “ការច្រៀងប្រភេទចម្រៀង Soong Co ជាចម្រៀងស្នេហាឆ្លើយឆ្លង ដោយគ្មានឧបករណ៍ភ្លេងទេ។ ប្រសិនបើចង់រក្សាទុកបានចម្រៀង Soong Co នេះឱ្យជំនាន់ក្រោយ ជាដំបូងបង្អស់ គឺអ្នកបង្រៀនគប្បីតែមានភាពអត់ធ្មត់ និងការយល់ដឹងជ្រៅជ្រះពីវប្បធម៌។ ប៉ុន្តែយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ យុវជនភាគច្រើនលែងចាប់អារម្មណ៍នឹងចម្រៀងប្រជាប្រិយ និងតន្ត្រីរបស់ជនជាតិខ្លួនទៀតហើយ ដូច្នេះបើគ្មានការអត់ធ្មត់ទេនោះ គឺពិបាករក្សាបានចម្រៀងប្រពៃណីណាស់”។
និយាយជាមួយយើងខ្ញុំ សាស្ត្រាចារ្យបណ្ឌិត Tran Huu Son នាយកវិទ្យាស្ថានសម្រាប់ការសិក្សាអំពីប្រជាប្រិយ បានមានប្រសាសន៍ថា៖ “តន្ត្រីរបស់ជនជាតិភាគតិចដើរតួនាទីយ៉ាងសំខាន់ និងជាកត្តាកំណត់ក្នុងការបង្កើតនូវភាពប្លែកនៃវប្បធម៌ សិល្បៈ តន្ត្រីប្រពៃណី។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទធ្វើសមាហរណកម្មបច្ចុប្បន្នដែលយុវជនត្រូវបានទទួល និងប្រភេទតន្ត្រីច្រើន គឺការរក្សាបាននូវបទចម្រៀងចាស់ បូករួមនឹងបរិយាកាសនៃការសម្តែងចម្រៀងប្រជាប្រិយទាំងនេះ ច្រើនតែស្ថិតក្នុងភូមិ ឃុំ នាំមកការលំបាកដល់យុវជនក្នុងការទទួលយក”។
យោងតាមលោក Tran Huu Son មានវិធីពីរយ៉ាងក្នុងការអភិរក្សប្រភេទតន្ត្រី ចម្រៀងប្រជាប្រិយ គឺការអភិរក្សឱ្យនៅដដែល និងការអភិរក្សមិននៅដដែល។ ក្រៅពីយន្តការផ្តល់មូលនិធិដើម្បីទាក់ទាញអ្នកបង្រៀន និងអ្នកសិក្សា ឥឡូវនេះអាចមានភាពបត់បែនបានក្នុងការបង្រៀនបទភ្លេងប្រជាប្រិយទាំងនេះដោយរួមផ្សំជាមួយឧបករណ៍តន្ត្រីសប្បាយៗ ធ្វើទំនុកច្រៀងថ្មីៗឱ្យងាយស្រួលរៀន និងងាយចងចាំសម្រាប់យុវវ័យ ... ៕
បកប្រែដោយ MinhTrung