leftcenterrightdel
ការសម្តែងភ្លេងពិណពាទ្យនៅក្នុងកម្មវិធីណែនាំ និងបង្ហាញបេតិកភណ្ឌវប្បធម៌អរូបីផ្សារភ្ជាប់​នឹង​ការអភិវឌ្ឍទេសចរណ៍នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងឆ្នាំ២០២៥ (រូបថត៖ nhandan.vn)

នៅក្នុងជីវិតខាងវិញ្ញាណ និងវប្បធម៌របស់ជនរួមជាតិ​ខ្មែរ ភ្លេងពិណពាទ្យត្រូវបានចាត់ទុកថាជា "កំណប់ទ្រព្យ" បានបន្តពីជំនាន់មួយ​​ទៅ​ជំនាន់មួយ​។ សម្រាប់ជនរួមជាតិ​ខ្មែរ ភ្លេងពិណពាទ្យមិនមែន​តែជាតន្ត្រីសម្រាប់ពិធីបុណ្យនោះទេ ប៉ុន្តែជាសំឡេងនៃជំនឿ នៃភាពសុខដុមរមនារវាងមនុស្ស ទេវតា និងផែនដី។

នៅក្នុងកម្មវិធីណែនាំ និងបង្ហាញបេតិកភណ្ឌវប្បធម៌អរូបីដែលផ្សា​រភ្ជាប់​​នឹងការអភិវឌ្ឍទេសចរណ៍នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងឆ្នាំ ២០២៥ ដែលរៀបចំឡើង​​ដោយមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ (នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម) ចាប់ពីថ្ងៃទី ១៩ ដល់​​ថ្ងៃ​ទី​ ២១ ខែធ្នូ បេតិកភណ្ឌភ្លេងពិណពាទ្យ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជន និងអ្នកទេសចរនៅទីក្រុងហាណូយ។

ការសម្តែងភ្លេងពិណពាទ្យក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនបានមកទស្សនាស្វែងយល់។ កម្មវិធីនេះមិនត្រឹមតែលើក​​តម្កើង​​​តម្លៃពិសេសនៃបេតិកភណ្ឌប៉ុណ្ណោះទេ ថែមទាំងបានបើកទិសដៅថ្មីមួយផង ដែល​ធ្វើឱ្យបេតិកភណ្ឌនេះ​ក្លាយជាធនធានស្នូលសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងការចូលរួមសហគមន៍។

ណែនាំអំពីភ្លេងពិណពាទ្យ ព្រះតេជគុណ Ly Hung ព្រះចៅអធិការវត្តពិទូឃោសរង្សី (Can Tho) មានព្រះបន្ទូល​ថា​ ជនជាតិទាំង ៥៤ នៃប្រទេសវៀតណាមមានអត្តសញ្ញាណវប្បធម៌ពិសេសទាំង៥៤ផង​។ សហគមន៍ជនរួមជាតិ​​ខ្មែរគឺជាជនជាតិមួយក្នុងចំណោមជនជាតិដែលមានជីវិតវប្បធម៌យូរអង្វែង និងផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធជាមួយវត្តអារាមព្រះពុទ្ធសាសនាខ្មែរ។

leftcenterrightdel
ការសម្តែងភ្លេងពិណពាទ្យទាក់ទាញភ្ញៀវទេសចរ (រូបថត៖ nhandan.vn)

ព្រះតេជគុណ Ly Hung មានព្រះបន្ទូលថា “ទីក្រុង Can Tho មានវត្តអារាមប្រហែល ១២០ ដែលមានជនរួមជាតិខ្មែរជាង ៤០០០០០ នាក់រស់នៅទីនោះ ដែលជាចំនួន​ប្រជាជន​ច្រើន​បំផុតនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ។  ដូច្នេះ តម្លៃវប្បធម៌ប្រពៃណីជាច្រើននៅតែត្រូវបានថែរក្សា ដូចជា៖ ភាសា អក្សរ ទំនៀមទម្លាប់ សិល្បៈ វប្បធម៌ សំលៀកបំពាក់ប្រពៃណី ពិធីបុណ្យប្រជាប្រិយ... អាស្រ័យលើនេះ ភ្លេងពិណពាទ្យ គឺជាធាតុផ្សំមួយ​ដែលមិនអាចខ្វះបាន និងមានតួនាទីពិសេសនៅក្នុងជីវិតខាងវិញ្ញាណ និងវប្បធម៌របស់ជនរួមជាតិខ្មែរ”។

យោងតាម ព្រះតេជគុណ Ly Hung ព្រះចៅអធិការវត្តពិទូឃោសរង្សី ការរួមបញ្ចូលតម្លៃវប្បធម៌ខ្មែរ ជាពិសេសភ្លេងពិណពាទ្យ ទៅក្នុងការអភិវឌ្ឍទេសចរណ៍ ជាពិសេសទេសចរណ៍វប្បធម៌ ទេសចរណ៍ខាងវិញ្ញាណ និងពិធីបុណ្យនានា នឹងជួយអ្នកទេសចរក្នុងស្រុក និងអន្តរជាតិឱ្យយល់កាន់តែស៊ីជម្រៅអំពីសហគមន៍ជនរួម​ជាតិខ្មែរ។ ក្នុងពេលជាមួយគ្នានេះ វានឹងជួយជនរួមជាតិខ្មែរឱ្យស្គាល់កាន់តែច្បាស់អំពីតម្លៃនៃបេតិកភណ្ឌដែលខ្លួនកំពុងអភិរក្ស។ អាស្រ័យលើនេះ បង្កើតការលើកទឹកចិត្តដល់ការបង្រៀន  លើកកំពស់ចំណេះដឹងអំពីតន្ត្រីប្រពៃណីសម្រាប់យុវជនជំនាន់ក្រោយ។

ដោយបង្ហាញពីបំណងប្រាថ្នាចង់ផ្សព្វផ្សាយភ្លេងពិណពាទ្យទៅកាន់ភ្ញៀវទេសចរកាន់តែទូលំទូលាយនោះ ព្រះតេជគុណ Ly Hung មានព្រះបន្ទូលថា “នាពេលអនាគត ចាំបាច់ត្រូវផ្សព្វផ្សាយភ្លេងពិណពាទ្យយ៉ាងទូលំទូលាយ ដែល​មិនត្រឹមតែនៅក្នុងភូមិឃុំនានានៃជនរួម​ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងវត្តអារាមទាំងអស់ដែលមានទេសចរណ៍វប្បធម៌ ទេសចរណ៍ខាងវិញ្ញាណ ជំនឿប្រជាប្រិយ ដោយ​​ផ្សារភ្ជាប់នឹងភូមិសិប្បកម្មប្រពៃណីរបស់ជនរួមជាតិខ្មែរនៅតំបន់ភាគនិរតីផងដែរ។ អាស្រ័យលើនេះ អ្នកទេសចរក្នុងស្រុក និងអន្តរជាតិនឹងមានឱកាសស្វែងយល់អំពីអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ”។

តាមរយៈការផ្សព្វផ្សាយនេះ វត្តអារាមនៃព្រះពុទ្ធសាសនាថេរវាទខ្មែរក៏ត្រូវបានលើកកម្ពស់តំលៃរបស់ខ្លួនផងដែរ ដោយក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងមជ្ឈមណ្ឌលតភ្ជាប់សហគមន៍ រួមចំណែកដល់ការអភិរក្ស និងលើកកម្ពស់តម្លៃនៃអក្សរ និងភាសាររបស់ជនរួមជាតិខ្មែរ។ លើសពីនេះ ចាំបាច់ត្រូវតម្រង់ទិស និងអភិវឌ្ឍយ៉ាងទូលំទូលាយ ដើម្បីបណ្តុះបណ្តាលឲ្យមានសិល្បករឆ្នើមៗ រួមចំណែកដល់ការអភិរក្សបេតិកភណ្ឌ​នេះ៕

បកប្រែដោយ Duy Hoan