ម៉ាឡេស៊ីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យទេសចរណ៍
កប.អនឡាញ - ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី តាមរយៈការិយាល័យជម្រុញទេសចរណ៍ម៉ាឡេស៊ីប្រចាំនៅវៀតណាមបានរៀបចំព្រឹត្តិការណ៍ “មហោស្រពទេសចរណ៍ សិល្បៈ វប្បធម៌ និងម្ហូបម៉ាឡេស៊ីឆ្នាំ២០២៥” នៅទីក្រុងហូជីមិញ និងទីក្រុងហាណូយ។
ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦” ដែលក្នុងនោះ វៀតណាមត្រូវបានកំណត់ថាជាទីផ្សារសំខាន់នៅក្នុងតំបន់អាស៊ាន។
មហោស្រពរួមមានសកម្មភាពសំខាន់ៗចំនួនពីរ៖ សិក្ខាសាលាណែនាំអំពីគោលដៅទេសចរណ៍ និងជំនួបតភ្ជាប់ធុរកិច្ច រួមជាមួយនឹងកម្មវិធីមហោស្រពទេសចរណ៍ សិល្បៈ វប្បធម៌ និងម្ហូបម៉ាឡេស៊ី ឆ្នាំ២០២៥។
    |
 |
ការសម្តែងសិល្បៈប្រពៃណីម៉ាឡេស៊ី (រូបថត៖ nhandan.vn) |
មានប្រសាសន៍ក្នុងព្រឹត្តិការណ៍ លោក Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា “វៀតណាមតែងតែជាដៃគូទេសចរណ៍ដ៏សំខាន់បំផុតរបស់ម៉ាឡេស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញទំនាក់ទំនងភាពជាដៃគូ ឆ្ពោះទៅរកគោលដៅរួមនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ទូលំទូលាយ និងនាំមកនូវផលប្រយោជន៍រយៈពេលវែងដល់ប្រទេសទាំងពីរ”។
លោកក៏បានឲ្យដឹងថា “ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីតម្លៃពិសេសនៃទេសចរណ៍ សិល្បៈ វប្បធម៌ និងម្ហូបរបស់ម៉ាឡេស៊ីប៉ុណ្ណោះទេ ថែមទាំងដើរតួជាស្ពានតភ្ជាប់ការទូតវប្បធម៌ រួមចំណែកលើកកម្ពស់ការយល់ដឹង និងបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរក្នុងអាស៊ាន។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងយុទ្ធសាស្ត្រផ្សព្វផ្សាយអន្តរជាតិរបស់ម៉ាឡេស៊ី ឆ្ពោះទៅយុទ្ធនាការ “ទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦”។
មហោស្រពទេសចរណ៍ សិល្បៈ វប្បធម៌ និងម្ហូបអាហារម៉ាឡេស៊ីឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ក្នុងបំណងលើកតម្កើងបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសម៉ាឡេស៊ី តាមរយៈការសម្តែងសិល្បៈប្រពៃណី និងផ្សព្វផ្សាយធ្វើម្ហូប។ សកម្មភាពនេះក៏មានគោលបំណងបង្កើនការផ្លាស់ប្តូរវប្បធម៌ និងតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh